កីឡាអន្តរជាតិ
អន្តរជាតិ
Kasper Schmeichel ៖ សោកនាដកម្ម​ធ្លាក់​ឧទ្ធម្ភាគចក្រ នឹង​តាម​លង​ខ្ញុំ​ជា​រៀងរហូត​
06, Nov 2018 , 8:39 pm        
រូបភាព
Kasper Schmeichel អ្នកចាំទី​ក្រុម Leicester City ថា​ហេតុការណ៍​ការធ្លាក់​ឧទ្ធម្ភាគចក្រ​នៅក្បែរ​កីឡដ្ឋាន King Power ដែល​បានសម្លាប់​ម្ចាស់​ក្លិប​របស់ខ្លួន​លោក Vichai Srivaddhanaprabha រួមទាំង​មនុស្ស​បួន​នាក់​ផ្សេងទៀត​នោះ នឹង​តាម​លង​ខ្លួន​រហូត ព្រោះ​រូបគេ​បានឃើញ​សោកនាដកម្ម​នោះ​ផ្ទាល់​ភ្នែក​តែម្តង​។​


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព៍​រ៌​មាន AFP អ្នកចាំទី​សញ្ជាតិ​ដា​ណឺ​ម៉ាក​វ័យ ៣២ ឆ្នាំ​រូបនេះ​បានលើកឡើង​ដូច្នេះ​នៅក្រោយពី Leicester យកឈ្នះ Cardiff City ក្នុង​ក្របខណ្ឌ Premier League នៅ​ចុង​សប្តាហ៍​កន្លងទៅ​ដែលជា​ការប្រកួត​ដំបូង​បន្ទាប់ពី​ហេតុ​ករ​ណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ​កាលពី​ថ្ងៃទី​២៧ ខែតុលា​។​
 
Schmeichel រៀបរាប់ថា ភ្លាមៗ​ក្រោយ​ឧទ្ធម្ភាគចក្រ​ធ្លាក់​រូបគេ​បាន​រត់​សំដៅទៅ​ទីនោះ តែ​ត្រូវ​ប៉ូលិស​រារាំង​ព្រោះ​យន្តហោះ​កំពុង​ត្រូវ​ភ្លើង​ឆាបឆេះ​ខ្លាំង​។​


 
«​ខ្ញុំ​ស្ថិតនៅលើ​ទីលាន​ហើយ​ខ្ញុំ​បាន​លើកដៃ​លា​គាត់ (​លោក Vichai)»​។ អ្នកចាំទី​ដៃ​ស្អិត​របស់ Leicester និយាយ​បែបនេះ​មុនពេល​ឡើង​យន្តហោះ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បុណ្យសព លោក Vichai Srivaddhanaprabha នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ជាមួយ​គ្រូបង្វឹក និង​កីឡាករ​មួយចំនួនទៀត​។​
 
«​ខ្ញុំ​បានឃើញ​ហេតុការណ៍​កើតឡើង​ផ្ទាល់​ភ្នែក​។ អ្វីដែល​កើតឡើង​នោះ​វា​កំពុង​ស្ថិតនៅ​ជាមួយ​ខ្ញុំ ហើយ​វា​មិនមែនជា​ការចងចាំ​ល្អ​នោះទេ​»​។ Schmeichel រៀប​រាប់ទាំង​ទឹកភ្នែក ប៉ុន្តែ​រូបគេ​បាន​សរសើរ​ក្លិប​នេះ​ថា​ជា​ក្លិប​ដ៏​អស្ចារ្យ ហើយ​កូនក្រុម​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​។​


 
Kasper Schmeichel ដែលជា​កូនប្រុស​របស់​វីរបុរស Manchester United លោក Peter Schmeichel បាន​ចូលរួម​ជាមួយ​ក្លិប​រហស្សនាម​គ​ញ្ជ្រោ​ង​នៅ​ឆ្នាំ ២០១១ ក្រោយ​មួយឆ្នាំ​បន្ទាប់ពី​លោក Vichai ដែលជា​សេដ្ឋី​លំដាប់​ទី​៥ នៅ​ប្រទេស​ថៃ បាន​ទិញ​ក្លិប​នេះ​នៅ​ឆ្នាំ​២០១០​។ Schmeichel បាន​ដើរតួនាទី​ដ៏​សំខាន់​ដើម្បី​នាំ​ក្រុម​ឈ្នះ​ជើងឯក Premier League ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប ក្នុង​ឆ្នាំ ២០១៦​។​
 
​ក្នុងជំនួប​ដែល Leicester យកឈ្នះ Cardiff ១-០ កាលពី​ចុង​ស​ប្រា​ហ៍ រូបគេ​បាន​សារភាពថា​មាន​អារម្មណ៍​មិន​នឹងនរ​នោះទេ​អំឡុងពេល​កំដៅ​សាច់ដុំ​មុន​ការប្រកួត​នោះ​៕
 

Tag:
 បាល់ទាត់​
  Leicester
  Kasper Schmeichel
© រក្សាសិទ្ធិដោយ thmeythmey.com