ភ្នំពេញ៖ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រោងប្រមូលមូលនិធិពីភាគីពាក់ព័ន្ធ ដើម្បីទ្រទ្រង់និរន្តរ៍ភាពការងារ លើការដោះស្រាយបញ្ហាកម្មករ និងថៅកែរោងចក្រ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថានប័នជាតិឯករាជ្យមួយ ដែលមានអំណាចតាច្បាប់ ដើម្បីដោះស្រាយវិវាទការងារនៅកម្ពុជា។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានដោះស្រាយវិវាទរវាងនិយោជក និងនិយោជិត ដោយមិនយកប្រាក់កម្រៃពីគ្រប់ភាគី ហើយប្រកាន់គោលការណ៍យុត្តិធម៌ និងអព្យាក្រិត។ បច្ចុប្បន្ន ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទទួលបានប្រាក់ឧបត្ថម្ភពីប្រទេសផ្ដល់ជំនួយមួយចំនួន និងក្រុមហ៊ុនបញ្ជាទិញ រួមទាំងក្រសួងការងារ ១០ភាគរយ។
ដោយមើលឃើញពីដំណើរការជានិរន្តរ៍ ទៅថ្ងៃអនាគតនៅរវាង១ឆ្នាំទៅ៣ឆ្នាំខាងមុខ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រោងប្រមូលមូលនិធិពីភាគគឺពាក់ព័ន្ធ ដើម្បីគាំទ្រការងារនេះបន្ត។ លោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បាននិយាយថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គ្រោងឲ្យភាគីពាក់ព័ន្ធទាំង៣ រួមមាន ក្រសួងការងារ និយោជក និងនិយោជិត ត្រូវចូលរួមវិភាគទាន ១ភាគ៣ ស្មើគ្នា។ លោក ម៉ែន និម្មិត បញ្ជាក់ថា រាល់ភាគីដែលមកទទួលសេវាពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល មិនត្រូវបានបង់ប្រាក់ក្នុងពេលមករកសេវាឡើយ តែត្រូវបង់វិភាគទានជាប្រចាំខែ ឬប្រចាំឆ្នាំ។
លោក ម៉ែន និម្មិត បញ្ជាក់យ៉ាងដូច្នេះថា ៖ «កម្មករឬថៅកែរោងចក្រ គាត់បង់វិភាគទានជាប្រចាំខែ ឬប្រចាំឆ្នាំ។ កម្មករម្នាក់បង់ប្រាក់តែ២,០០០ រៀលតែប៉ុណ្ណោះ។ វិភាគទាននេះត្រូវបង់ជាខែឬជាឆ្នាំ យើងនឹងពិភាក្សាគ្នាបន្តទៀត»។
លោក ម៉ែន និម្មិត បន្ថែមថា ថវិកាមូលនិធិដែលប្រមូលបានពីភាគីទាំង៣ ត្រូវចំណាយទៅលើការបើកប្រាក់ខែឱ្យបុគ្គលិកចំនួន៣០នាក់ ដែលធ្វើការជាប្រចាំទៅលើការសិក្សាស្រាវជ្រាវឯកសារផ្លូវច្បាប់ថ្មីៗ និងរៀបចំវគ្គបណ្ដុះបណ្ដាលជាប្រចាំ ដើម្បីឱ្យការដោះស្រាយវិវាទកាន់តែមានប្រសិទ្ធភាព។
ក្រៅពីនេះក្រុមប្រឹក្សាអាជ្ញាកណ្ដាល ត្រូវប្រើប្រាស់ថវិកាចំណាយលើការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសផ្សេងៗ ,ព្រាងសេចក្ដីបង្គាប់គាំទ្រផ្នែកបច្ចេកទេស, សេចក្ដីប្រកាសថ្មីៗ និងចំណាយទៅលើកិច្ចការរដ្ឋបាលទូទៅផង។
«ពួកគាត់(ភាគីពាក់ព័ន្ធ)អាចទុកចិត្តលើក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន ព្រោះប្រាក់ចំណូលនិងចំណាយ យើងកត់ចូលក្នុងបញ្ជីត្រឹមត្រូវ យើងមានប្រព័ន្ធគ្រប់គ្រងថវិកាច្បាស់លាស់»។ នេះជាការបញ្ជាក់របស់លោក និម្មិត ដែលប្រាប់ឲ្យគ្រប់ភាគីទាំងអស់ តាមដានលើការប្រើប្រាស់ថវិការបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលគ្រោងរៀបចំមូលនិធិខាងមុខនេះ។
នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល ស្នើឲ្យសាធារណជនគាំទ្រផ្នែកស្មារតី ដោយស្វែងយល់ពីសេវាកម្មផ្ដល់ឱ្យកម្មករ។ ជាពិសេសគម្រោងមូលនិធិសម្រាប់ថ្ងៃអនាគតនេះ។
ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាស្ថានប័នជាតិឯករាជ្យមួយ ដែលមានអំណាចសម្រេចសេចក្ដីដូចមានចែងនៅក្នុងច្បាប់ស្ដីពី ការងាររបស់ប្រទេសកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៣ ដោយមានការគាំទ្រពីក្រសួងការងារ សមាគមនិយោជក និងសហជីព។ ក្រុមនេះមានអំណាចតាមច្បាប់ ដើម្បីជួយភាគីពាក់ព័ន្ធដោះស្រាយវិវាទការងារនៅក្នុងប្រទេសកម្ពុជា។
ត្រូវបានបង្កើតឡើងដោយឈរលើស្មារតី ឯករាជ អព្យាក្រិត ដើម្បីចូលរួមចំណែកដោះស្រាយវិវាទរវាងកម្មករ និងថៅកែរោងចក្រ ដោយសន្តិវិធីនិងទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រុមប្រឹក្សានេះដោះស្រាយវិវាទដោយមិនទទួលប្រាក់់កម្រៃ៕