ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
សហគ្រិន​យុវ​កសិករ ត្រៀមខ្លួន​ជំនួស​កសិករ​វ័យ​ចំណាស់​
15, Apr 2020 , 2:43 pm        
រូបភាព
រូបភាពតំណាង, ផ្តល់សិទ្ធិពីម្ចាស់ហ្វេសប៊ុក នី ចិត្រា
រូបភាពតំណាង, ផ្តល់សិទ្ធិពីម្ចាស់ហ្វេសប៊ុក នី ចិត្រា
ដោយ:
ភ្នំពេញ​៖ «កម្លាំង​សហគ្រិន​យុវ​កសិករ​នឹង​កើនឡើង​កាន់តែច្រើន ហើយ​ពួកគេ​អាច​នឹង​ជំនួស​ការធ្វើ​កសិកម្មរ​បស់​កសិករ​វ័យ​ចំណាស់​នា​ពាល​អនាគត​បាន​»។ នេះ​ជាការ​អះអាង​របស់​អ្នកជំនាញ​ផ្នែក​កសិកម្ម​លោក ប៉ែន សូ​នី ដោយ​លោក​បញ្ជាក់​ត្រង់ចំណុច​នេះ​ថា ប្រសិនជា រដ្ឋា​ភា​បាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ផ្តល់​ជា​បច្ចេកទេស​, ដើមទុន​, ការ​គ្រង់​គ្រង​អាជីវកម្ម និង​ជួយ​រក​ទីផ្សារ​ដល់​យុវ​កសិករ​បន្ថែម​។​



ខាងក្រោម​នេះ គឺជា​បទ​សម្ភាស​ដែល​លោក ប៉ែន សូ​នី នាយក​ប្រតិបត្តិ​សហ​ព័​ន្ទ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា (​ស​.​ស​.​ក​) ផ្តល់ឱ្យ​លោក ជាវ សំណាង អ្នកសារព័ត៌មាន​ថ្មីៗ (ThmeyThmey.com) ៖

លោក ជាវ សំណាង​៖
លោក ប៉ែន សូ​នី ធ្វើ​ការងារ​ទាក់ទង​នឹង​វិស័យ​កសិកម្ម​ជាមួយ​ប្រជា​សហគមន៍​ច្រើន​ឆ្នាំ​មកហើយ​។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ តើ​លោក​សង្កេតឃើញ​ចំនួន​យុវជន​ធ្វើ​កសិកម្ម​កម្រិតណា ខណៈពេល​ដែលមាន​យុវជន​កាន់តែច្រើន​បាន​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​, ធ្វើ​ការងារ​សំណង់ និង​រោងចក្រ​?

លោក ប៉ែន សូ​នី​៖
សហ​ព័​ន្ទ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា បាន​សិក្សា​ស្រាវជ្រាវ​នៅក្នុង​តំបន់​គោលដៅ​របស់ខ្លួន​បាន​បង្ហាញថា សឹងតែ​៩៥​ភាគរយ គឺ​ឪពុកម្តាយ​របស់គាត់​មិន​ចង់ឱ្យ​កូន​ធ្វើ​ការងារ​កសិកម្ម​។ មូលហេតុ​ទី​១ ចំណូល​ពី​វិស័យ​កសិកម្ម​មិន​អាចជួយ​ខ្លួន​គាត់​បាន​។ ទី​២ ការងារ​ផ្សេង​រក​ថវិកា​បាន​ច្រើនជាង និង​ទី​៣ មិន​ចង់ឱ្យ​កូន​លំបាក​ដូច​ពួកគាត់​។ ប៉ុន្តែ យុវជន​អាច​នឹង​កើនឡើង ឬ​ងា​កមក​ចាប់អារម្មណ៍​ការងារ​កសិកម្ម​វិញ នៅពេលដែល​យើង​ជំរុញ​គាត់​ឱ្យធ្វើ​កសិកម្ម​តាមបែប​សរីរាង្គ ឬ​តាមបែប​និរន្ត​ភាព បានន័យថា គាត់​ត្រូវ​គិត​អំពី​សុ​វត្ថ​ភាព​ទៅលើ​ចំណីអាហារ​។ នាពេល​បច្ចុប្បន្ន អ្នកប្រើប្រាស់​គិត​អំពី​សុខភាព និង​សុវត្ថិភាព​ចំណីអាហារ​ក៏​ច្រើន​ដែរ​។ ទាំងនេះ គឺអាច​ទាញ​យុវ​កសិករ​មកវិញ​បាន ពីព្រោះ​ផលិតផល​របស់​ពួកគាត់​នឹងមាន​តម្លៃ​ខ្ពស់​។​



លោក ជាវ សំណាង​៖
មកដល់ពេលនេះ​! លោក សូ​នី តើ​សហ​ព័​ន្ទ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា (​ស​.​ស​.​ប​) កៀងគរ​យុ​វន​ជន ឬ​នាំ​យុវជន​ធ្វើ​កសិកម្ម​បាន​ប៉ុន្មាន​ខេត្តហើយ​?

លោក ប៉ែន សូ​នី​៖ ដោយសារ​ជំហាន​ដំបូង យើង​បានធ្វើ​នៅ​៣​ខេត្ត​គោលដៅ គឺ​មាននៅ​បាត់ដំបង​, ស្វាយរៀង និង​តាកែវ គឺ​យើង​ធ្វើ​ទៅលើ​៤​សហគមន៍​កសិកម្ម នៅក្នុង​នោះ​មាន​យុវជន​៣០​នាក់​ដំបូង​ដែល​យើង​ចាប់ផ្តើម ដើម្បី​រៀបចំខ្លួន​ឱ្យក្លាយ​ទៅជា​សហគ្រិន​យុវ​កសិករ​។​

លោក ជាវ សំណាង​៖ តើ​អ្វី​ជា​បញ្ហា​ប្រឈម​របស់​យុវ​កសិករ​ដែល​សហ​ព័​ន្ទ​របស់លោក ប៉ែន សូ​នី កំពុង​ជួបប្រទះ​?

​លោក ប៉ែន សូ​នី​៖
ពួកគាត់​បាន​តាំងចិត្ត​ងាក​មក​ធ្វើ​ការងារ​កសិកម្ម​ហើយ ប៉ុន្តែ បញ្ហាសំខាន់​ដែល​ពួកគាត់​កំពុង​ជួបប្រទះ ទី​១. បច្ចេកទេស គឺ​ពួកគាត់​មិនទាន់មាន​គ្រប់គ្រាន់​សម្រាប់​ឆ្លើយតប​ទៅនឹង​ការផលិត​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ទីផ្សារ​។ ឧទាហរណ៍​ថា គាត់​ចិញ្ចឹម​មាន់​តាមបែប​សរីរាង្គ គឺ​គាត់​មិនចេះ​ច្បាស់លាស់ ព្រោះ​វា​មាន​លក្ខណៈ​ស្មុកស្មាញ ហើយ​វា​ខុសពី​រៀប​ចិញ្ចឹម​មាន់​តាមបែប​ធម្មជាតិ​។ ទី​២. គឺ​ដើមទុន​, បើទោះជា យើង​មាន​ប្រភព​ទុន​ខ្លះ​សម្រាប់​ជួយ​គាត់​ក៏ដោយ ប៉ុន្តែ វា​មិនទាន់​គ្រប់គ្រាន់​ទៅតាម​ផែនការ​ដែល​ពួកគាត់​បានលើកឡើង​។ ទី​៣. គឺ​រៀប​គ្រប់គ្រង​អាជីវកម្ម​របស់​ពួកគាត់​នៅមានកម្រិត​នៅឡើយ​។ ប្រសិនបើ ទាំង​៣​ចំណុច​នេះ យើង​ដោះស្រាយ​ឱ្យ​គាត់​មិនបាន​គ្រប់​ជ្រុងជ្រោយ វា​អាចធ្វើឱ្យ​គាត់​បាក់​ទឹកចិត្ត​ឈប់​ធ្វើ​វិញ​ក៏មានដែរ​។​



លោក ជាវ សំណាង​៖ ចំពោះ​បញ្ហា​ខ្វះ​ផ្សារ​ដើម្បី​លក់​ផលិត​កសិកម្ម ដែល​ពួកគាត់​ផលិត​បាន​វិញ តើ​លោក សូ​នី ពន្យល់​យ៉ាងដូចម្តេច​?

លោក ប៉ែន សូ​នី​៖
បញ្ហា​ទីផ្សារ​ក៏​ជា​រឿង​សំខាន់​ដែរ​! មិនមែន​ទីផ្សារ​នៅ​កម្ពុជា​មិនមាន​ទេ​, ជួនកាល​គាត់​ផលិត​បាន​ហើយ ប៉ុន្តែ គាត់​ខ្វះ​ទំនាក់ទំនង​ក្នុង​ការរក​ដៃគូ ដើម្បី​លក់​ផលិតផល​របស់​ពួកគាត់​។ ដូច្នេះ ទាមទារ​ឱ្យមាន​ការគាំទ្រ​គ្រប់ភាគី មានន័យថា គាំទ្រ​ទាំង​បច្ចេកទេស​, ស្ថាប័ន​មី​ក្រ​ហិរញ្ញ​វត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​ធ្វើឱ្យ​យុវ​កសិករ​មាន​ទំនុកចិត្ត និង​ចាប់​ដៃគូ​ជាមួយ​អ្នកបញ្ជា​ទិញ ដោយ​ធ្វើ​កសិកម្ម​តាមបែប​កិច្ចសន្យា ដើម្បី​ធានាថា ការរកស៊ី​របស់គាត់​មិនត្រូវ​បាន​គេ​បោកប្រាស ឬ​មិន​ត្រូវបាន​គេ​កេង​បន្លំ​។​

​លោក ជាវ សំណាង​៖
តើ​លោក សូ​នី មើលឃើញ​ជា​វិជ្ជា​មាន​បែបណា ចំពោះ​គម្រោង​គៀងគរ​យុវ​កសិករ​នេះ ថា​ពួកគាត់​នឹងធ្វើ​ការងារ​កសិកម្ម​នេះ​ជា​និរន្តរ៍​?

លោក ប៉ែន សូ​នី​៖
តាម​ការរំពឹងទុករ​បស់​យើង​, យើង​គិតថា ប្រហែល​៦០​ទៅ​៧០​ភាគរយ​នៃ​យុវជន​ទាំងនេះ នឹង​ចាប់យក​អាជីវ​ព​កសិកម្ម​នេះ​ជាក់លាក់​តទៅ​មុខ ព្រោះ​យើង​មើលឃើញថា ពេលនេះ​យុវជន​បាន​ងាក​មក​ធ្វើ​ការងារ​កសិកម្ម​ហ្នឹង​ច្រើន​ដែរ តាមរយៈ​អង្គការ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ជួយ​ជំរុញ​។ ស្រប់​ពេលនេះ តម្រូវការ​ទីផ្សារ​ផលិតផល​កសិកម្ម​ក៏មាន​វិសាលភាព​ធំ​ដែរ​។ ជាពិសេស បន្លែ និង​ចំណី​ហារ​សុ​វត្ថ​ភាព ប្រសិនជា​ផលិត​បាន​ច្រើន ក៏​អាច​ទទួលបាន​តម្លៃ​ខ្ពស់​ដែរ​។​



លោក ជាវ សំណាង​៖
ជា​សំណួរ​ចុងក្រោយ​! តើ​លោក សូ​នី រំពឹងថា​គម្រោង​យុវ​កសិករ​នៃ​សហ​ព័​ន្ទ​ជំរុញ​សហគ្រាស​កសិកម្ម​លក្ខណៈ​គ្រួសារ​នៅ​កម្ពុជា (​ស​.​ស​.​ក​) នឹងធ្វើ​ឱ្យ​វិស័យ​កសិកម្ម​រីកចម្រើន​ជាង​នេះ​មួយកម្រិត​ទៀត​ឬទេ​?

លោក ប៉ែន សូ​នី​៖ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​គិត​ឱ្យបាន​ច្បាស់លាស់​ទៅដល់​តួនាទី​យុវ​កសិករ​នៅក្នុង​វិស័យ​កសិកម្ម​។ ប្រសិនជា មាន​គោលនយោបាយ​ច្បាស់លាស់ ដើម្បី​គាំទ្រ​ដល់​យុវ​កសិករ យើង​គិតថា យុវ​កសិករ​នឹង​កើនឡើង​។ នៅពេលនោះ​តួនាទី​របស់​យុវ​កសិករ នឹង​ដើរតួ​ជំនួស​កសិករ​វ័យ​ចំណាស់ ហើយ​ចំណូល​ពី​វិស័យ​កសិកម្ម​នឹង​ដល់ដៃ​កសិករ​របស់​យើង​។

ដើម្បី​ទទួលបាន​ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv ៕​

© រក្សាសិទ្ធិដោយ thmeythmey.com