អន្តរជាតិ
អនុ​ប្រធានាធិបតី​ចិន​៖ ចិន​ត្រៀម​ជជែក​ជាមួយ​អាមេរិក​ដើម្បី​រក​ច្រកចេញ​ដែល​ទទួលយកបាន​
06, Nov 2018 , 4:34 pm        
រូបភាព
អនុប្រធានាធិបតីចិន វ៉ាង ឈីសាន (រូបភាព AFP)
អនុប្រធានាធិបតីចិន វ៉ាង ឈីសាន (រូបភាព AFP)
​អនុ​ប្រធានាធិបតី​ចិន វ៉ាង ឈី​សាន នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា បានប្រកាសថា ចិន​ត្រៀម​ជជែក​ជាមួយ​អាមេរិក​លើ​បញ្ហាសំខាន់ៗ​ដែល​ពាក់ព័ន្ធ​ប្រយោជន៍​រួមគ្នា​។ ខណៈ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ​នៅតែ​ក្ដៅគគុក​ដដែល​នោះ លោក វ៉ាង ក៏​បញ្ជាក់ថា​ដែរ​ថា ចិន​ក៏​នឹង​ចរចា​ជាមួយ​អាមេរិក​ដើម្បី​រក​ច្រកចេញ​មួយ​ដែល​អាច​ទទួលបាន​សម្រាប់​ភាគី​ទាំងពីរ​។ អនុ​ប្រធានាធិបតី​ចិន​បញ្ជាក់​បែបនេះ​នា​វេទិកា​សេដ្ឋកិច្ច​ធំ​មួយ​នៅ​សិង្ហ​បុរី​។​

 
​មួយរយៈ​ពេល​ចុង​ក្រោយនេះ ចិន និង​អាមេរិក ដែល​កំពុង​ទាស់​គ្នា​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម បាន​ជំហរ​ចង់បាន​ដំណោះស្រាយ​មួយ​ដើម្បី​បញ្ចប់​បញ្ហា​រវាង​គ្នា​។ ខណៈ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ត្រៀម​ជួប​សម​ភាគី​ចិន ស៊ី ជិន​ភីង នៅ​អា​ហ្ស​ង់​ទីន​នៅ​ចុងខែ​នេះ​ដើម្បី​បំបែក​ភាពមិន​ចុះសម្រុង​នេះ មន្ត្រីជាន់ខ្ពស់​របស់​ចិន ក៏បាន​ប្រកាស​ជា​សាធារណៈ​ជំហរ​របស់​ចិន​ក្នុង​ការចរចា​ជាមួយ​អាមេរិក តែ​ស្ថិតក្រោម​លក្ខខណ្ឌ​ដែល​អាច​ទទួលបាន​ប៉ុណ្ណោះ​។​
 
​នាឱកាស​ចូលរួម​វេទិការ​សេដ្ឋកិច្ច​រៀបចំ​នៅ​សិង្ហ​បុរី​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា អនុ​ប្រធានាធិបតី​ចិន វ៉ាង ឈី​សាន នៅតែ​ចាត់ទុក​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​សេដ្ឋកិច្ច ជា​ស្លាបចក្រ​ជំរុញ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​អាមេរិក និង​ចិន​។ លោក វ៉ាង បន្តថា ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​នេះ មាន​ឥទ្ធិពល​ដោយផ្ទាល់​លើ​ស្ថិរភាព និង​ការអភិវឌ្ឍ​របស់​ពិភពលោក​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​សិង្ហ​បុរី Channel NewAsia ។​
 
​ក្នុង​សុន្ទរកថា​២០​នាទី លោក វ៉ាង ដែលជា​មនុស្ស​ជំនិត​របស់លោក ស៊ី ក៏​បញ្ជាក់ដែរថា វា​ជា​ជំនឿ​រឹងមាំ​របស់​ចិន​ដែល​កិច្ចសហប្រតិបត្តិការ​ផ្ដល់​ប្រយោជន៍ ហើយ​ការប្រឈមមុខ​នឹង​ផ្ដល់​ផល​មិនល្អ​។ ដោយ​ចង់​សំដៅ​ដល់​នយោបាយ​របស់លោក ត្រាំ មន្ត្រី​ចិន​រូបនេះ​បាន​និយាយ​ដល់​ការកើនឡើង​ចរន្ត​ប្រជា​និយម និង​គោលនយោបាយ​គាំពារ​និយម​។ សម្រាប់​លោក វ៉ាង កំហឹង និង​ការលើកឡើង​ពី​ចំណុច​អវិជ្ជមាន មិនមែនជា​ដំណោះស្រាយ​ឡើយ​។​
 
​អតីត​មេដឹកនាំ​យុទ្ធនាការ​បោសសម្អាត​អំពើពុករលួយ​នៅ​ចិន​រូបនេះ ក៏​មិន​ភ្លេច​លើកឡើង​ពី​ជំហរ​របស់​ចិន​ដែល​ទាមទារ​ឲ្យ​មានការ​គោរព​គ្នា​ទៅវិញទៅមក និង​ការបើកចំហ​ទីផ្សារ​ស្របតាម​ចរន្ត​សាកលភាវូបនីយកម្ម​។ លើសពីនោះ អនុ​ប្រធានាធិបតី​ចិន​ក៏​ប្រឆាំង​ដាច់​គំនិត​សេសសល់​ពី​សម័យ​សង្គ្រាម​ត្រជាក់ និង​ការប្រើប្រាស់​អំណាច ហើយ​ថា សាកលភាវូបនីយកម្ម​សេដ្ឋកិច្ច មិនមែនជា​ល្បែង​ដែល​បូក​ចេញ​សូន្យ​ឡើយ​។​
 
​សូម​រំឭក​បន្តិច​ថា លោក ស៊ី និង​លោក ត្រាំ មាន​ផែនការ​ជួបគ្នា​នៅក្រៅ​វេទិកា G-20 នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែ ដើម្បី​បញ្ចប់​ភាព​ប្រទាំង​ប្រទើស​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ជាមួយគ្នា​នោះ លោក ត្រាំ ក៏​ត្រូវបាន​រាយការណ៍​ថា បាន​បញ្ជា​ឲ្យ​មន្ត្រី​របស់លោក​រៀបចំសេចក្ដី​ព្រាង​ដំណោះស្រាយ​មួយ ត្រៀម​ទៅ​ជជែក​ជាមួយ​លោក ស៊ី ផងដែរ​៕
 

Tag:
 ចិន​
  អាមេរិក​
  វ៉ាង ឈី​សាន​
© រក្សាសិទ្ធិដោយ thmeythmey.com