អន្តរជាតិ
លោក ម៉ា​ក្រុង​៖ អឺរ៉ុប​ត្រូវការ​កងទ័ព​ដើម្បី​ការពារ​ខ្លួន​ប្រឆាំង​រុស្ស៊ី ចិន និង​អាមេរិក​
06, Nov 2018 , 9:19 pm        
រូបភាព
​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា បាន​អំពាវនាវ​ជាថ្មីទៀត​ឲ្យ​បង្កើត «​កម្លាំង​ទ័ព​អឺរ៉ុប​ពិតប្រាកដ​មួយ​» ដើម្បី​ការពារ​ខ្លួន​។ លោក ម៉ា​ក្រុង លើកឡើង​បែបនេះ​ក្នុង​កិច្ច​សម្ភាស​មួយ ស្របពេល​ទ្វីបអឺរ៉ុប​ប្រារព្ធ​ពិធី​ខួប​ទី​១០០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមលោកលើកទី​១ រយៈពេល​មួយ​សប្ដាហ៍​។ បើតាម​លោក ម៉ា​ក្រុង រុស្ស៊ី ចិន និង​សូម្បីតែ​អាមេរិក​ផង​នោះ សុទ្ធតែ​អាច​គំរាមកំហែង​សន្តិសុខ​របស់​អឺរ៉ុប​។​

 
​ការបង្កើត​ទ័ព​អឺរ៉ុប នៅតែ​ស្ថិតក្នុង​ក្ដី​ស្រមៃ​របស់​ប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដដែល​។ តាំងតែ​ឡើងកាន់តំណែង​នៅ​ឆ្នាំ​២០១៧ មក​នោះ លោក ម៉ា​ក្រុង ចិញ្ចឹមចិត្ត​ចង់ឃើញ​អឺរ៉ុប​មាន​សមត្ថភាព​ការពារ​ខ្លួន និង​កាត់បន្ថយ​ការពឹង​ផ្អែកលើ​អានុភាព​យោធា​របស់​អាមេរិក​។ អ្វី​គួរកត់សម្គាល់​នោះ លោក ម៉ា​ក្រុង ចាត់ទុក​អាមេរិក​ជាការ​គំរាម​ដូច​រុស្ស៊ី​ដែរ ខណៈ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទើប​ប្រកាសថា អាមេរិក​នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​ចម្ងាយ​ធ​ម្យ​ម​ជាមួយ​រុស្ស៊ី​។​
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ Europe 1 លោក ម៉ា​ក្រុង និយាយថា អឺរ៉ុប​ត្រូវការ​ការពារ​ខ្លួន​ពី​ចិន រុស្ស៊ី និង​អាមេរិក​។ ជុំវិញ​ការដើរ​ចេញ​របស់​អាមេរិក INF ជាមួយ​រុស្ស៊ី​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដែល​ជួយ​ដោះស្រាយ​វិបត្តិ​មី​ស៊ី​ល​នៅ​អឺរ៉ុប​នោះ ប្រធានាធិបតី​បារាំង​រូបនេះ​អះអាងថា អឺរ៉ុប និង​សន្តិសុខ​របស់ខ្លួន គឺជា​ជនរងគ្រោះ ហើយ​ដែល​តម្រូវ​ឲ្យ​អឺរ៉ុប​មាន​កងទ័ព​ផ្ទាល់ខ្លួន​ដ៏​ពិតប្រាកដ បើ​ចង់​ការពារ​ខ្លួន​ពី​ការ​គំរាម​ទាំងឡាយ​។​
 
​ដោយ​ហៅ​រុស្ស៊ី​ជាការ​គំរាមកំហែង​ក្បែរ​ផ្ទះ​របស់ខ្លួន​នោះ មេដឹកនាំ​បារាំង​វ័យក្មេង​រូបនេះ​រឹតតែ​ចង់​ឲ្យ​អឺរ៉ុប​មាន​យោធា​ផ្ទាល់ខ្លួន​ជាមួយ​អធិបតេយ្យ​កាន់តែ​ធំ​ទៅទៀត ជាជាង​រង់ចាំ​ទ័ព​អាមេរិក​មកជួយ​នោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ម៉ា​ក្រុង ហៅ​សន្តិភាព​នៅ​អឺរ៉ុប​ជា​រឿង​មិន​ទៀងទាត់ ព្រោះ​មានការ​លូកលាន់​សឹង​គ្រប់ទិសទី ព្រម​គ្នា​នឹង​ការ​កកូរកកាយ​ជាច្រើនលើក​ច្រើនសា​រលើ​តម្លៃ​ប្រជាធិបតេយ្យ​ផង​។​
 
​តាមពិតទៅ កាលពី​ឆ្នាំមុន អឺរ៉ុប​បាន​បញ្ចេញ​កញ្ចប់​ថវិកា​រាប់ពាន់​លាន​ដុល្លារ​រួចហើយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​យោធា​ក្នុងចំណោម​រដ្ឋ​សមាជិក​របស់ខ្លួន​។ មូលនិធិ​រួម​នេះ ក៏​ដាក់​គោលដៅ​លើកតម្កើង​ឯករាជ្យ​ជា​យុទ្ធសាស្ត្រ​របស់​ទ្វីប​មួយ​នេះដែរ​។ ក្រុងប៉ារីស​ក៏បាន​ដឹកនាំ​យុទ្ធនា​ការបង្កើត​កម្លាំង​៩​ប្រទេស ដែលមាន​សមត្ថភាព​ចូលរួម​ក្នុង​ប្រតិបត្តិការ​យោធា​រួមគ្នា ការជម្លៀស​ខ្លួន​ពី​តំបន់​សង្គ្រាម និង​ការផ្ដល់​ជំនួយ​មនុស្សធម៌​ផង​។​
 
​ការលើកឡើង​របស់លោក ម៉ា​ក្រុង ធ្វើឡើង ខណៈ​ប្រធានាធិបតី​បារាំង​រូបនេះ​ត្រៀម​ស្វាគមន៍​មេដឹកនាំ​ពិភពលោក​ជាច្រើន​ប្រទេស​ដើម្បី​រំឭក​ខួប​ទី​១០០ ថ្ងៃ​ចុះហត្ថលេខា​បញ្ចប់សង្គ្រាម​លោក​លើក​ទី​១ ដែល​គ្រោង​ធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ​។ លោក ត្រាំ និង​ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន ក៏មាន​វត្តមាន​ក្នុង​ពិធី​ដ៏​ធំ​មួយ​នេះដែរ​៕
 

Tag:
 បារាំង​
  អាមេរិក​
  រុស្ស៊ី​
  អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com