ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ឯកអគ្គរដ្ឋទូត​អាមេរិក​៖​ខ្ញុំ​ស្តាយ​មិនបាន​ឡើង​ភ្នំ​សំ​កុស ហើយក៏​នឹង​នឹករលឹក​ភាព​អ៊ូអរ​នៅ​ភ្នំពេញ​ដែរ​ពេល​ទៅ​អាមេរិក​វិញ​
06, Nov 2018 , 5:16 pm        
រូបភាព
​បន្ទាប់ពី​បំពេញការងារ​នៅ​កម្ពុ​ជាជាង​បី​ឆ្នាំ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក William A.Heidt ត្រូវ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​ត្រឹម​ចុងខែ​វិច្ឆិកា​នេះ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​ថ្មីៗ​ថ្ងៃទី ១ ខែវិច្ឆិកា លោក​មានប្រសាសន៍ថា អ្វីដែល​លោក​សោកស្តាយ​នោះ​គឺ​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​ឡើងលើ​ភ្នំ​សំ​កុស​។ ចំណែក​អ្វីដែល​លោក​នឹង​នឹករលឹក​ជាងគេ​ពេល​ត្រឡប់​ទៅកាន់​សហរដ្ឋអាមេរិក​វិញ​នោះ​គឺ ភាព​អ៊ូអរ​នៅ​ក្រុងភ្នំពេញ​ដែល​ពោរពេញ​ដោយ​ភាព​រីករាយ​។




​សូម​ស្តាប់ និង​អាន​បទសម្ភាសន៍​ទាំងស្រុង​ទាក់ទិន​ពិសោធន៍ និង​អនុស្សាវរីយ៍​របស់​ឯក​អគ្គរដ្ឋទូត​អាមេរិក William A. Heidt មាន​ក្នុងពេល​បំពេញការងារ​នៅ​កម្ពុជា​ដូចខាងក្រោម​៖


 
១.​សារព័ត៌មាន​ថ្មីៗ​៖ លោក​បានធ្វើ​ដំណើរ​ទៅដល់​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា ពោលគឺ​គ្រប់​ខេត្ត​។ តើ​ខេត្ត​មួយណា​ជា​ខេត្ត​ដែល​លោក​ជាប់ចិត្ត​ដិតអារម្មណ៍​ជាងគេ​? 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ រឿង​មួយ ដែល​ខ្ញុំ​ធ្លាប់​ចង់​ធ្វើ​នៅពេលដែល​ខ្ញុំ​បានមក​កម្ពុជា​គឺ​ទៅ​ទស្សនកិច្ច​ឲ្យ​បាន​គ្រប់​ខេត្ត​ទាំងអស់​។ នេះ​ក៏​ព្រោះថា កាលពី​ខ្ញុំ​មក​ស្រុក​ខ្មែរ​ឆ្នាំ ១៩៩០​នោះ ខ្ញុំ​មិនអាច​ទៅគ្រប់​ទីកន្លែង​ទូទាំងប្រទេស​បានទេ​ជាពិសេស​ខេត្ត​នៅជាប់​ព្រំដែន​ដូចជា​កោះកុង និង​ព្រះវិហារ​ជាដើម​។ ប៉ុន្តែ​នៅពេលនេះ ខ្ញុំ​ចង់ទៅ​គ្រប់​ទីកន្លែង​។ ខ្ញុំ​រីករាយ​ណាស់​ដែល​ពេលនេះ​ខ្ញុំ​អាចធ្វើ​បាន​ហើយ​។​
 
 ចំណែក​រឿង​ខេត្ត​ដែល​ខ្ញុំ​ពេញចិត្ត​នោះ​គឺ អ្នកដឹង​ស្រាប់​ហើយ​ថា​ភរិយា​ខ្ញុំ​ជា​អ្នកស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ យើង​បាន​ទៅ​ទីនោះ​ច្រើនដង ប្រហែល​ប្រាំមួយ​ឬ​ប្រាំ​ពីរដង​ឯណោះ​។ ខ្ញុំ​មាន​អារម្មណ៍​ស្និទ្ធស្នាល​នឹង​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ខ្លាំង​។ ដូច្នេះហើយ ខ្ញុំ​គិតថា វា​ជា​ខេត្ត​ដែល​ខ្ញុំ​មាន​មនោសញ្ចេតនា​ជាមួយ​ជាងគេ​។   
 
​ប៉ុន្តែ ខ្ញុំ​ចង់​ប្រាប់​ដែរ​ថា នៅ​ចុង​សប្តាហ៍​ខ្ញុំ​ចូលចិត្ត​ទៅ​ខេត្តកំពត​។ ខ្ញុំ​គិតថា​វា​ជាទី​ក្រុង​មួយ​ដែល​គួរ​ជាទី​គាប់ចិត្ត​មួយ​ដែល​ស្ថិតនៅ​ប្រប​មាត់​ស្ទឹង​។ ខ្ញុំ​ក៏​ចាប់ផ្តើម​ស្រលាញ់​ខេត្តបាត់ដំបង​ដែរ​ឥឡូវនេះ​។ ខ្ញុំ​មាន​អារម្មណ៍​ថា បាត់ដំបង​ជាទី​កន្លែង​ដ៏​ល្អ​មួយ​សម្រាប់អ្នកទេសចរ​អាមេរិក​។ វា​ជា​ក្រុង​ដែល​ស្រស់ស្រាយ​សម្រាប់​លំហែរ​អារម្មណ៍ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ ខេត្ត​ទាំងពីរ​ជា​កន្លែង​ដែល​ខ្ញុំ​ពេញចិត្ត​បំផុត​សម្រាប់​លំហែកាយ​ចុង​សប្តាហ៍​។ 
 
២.​សារព័ត៌មាន​ថ្មីៗ​៖ ចុះ​លោក​បាន​ឡើងលើ​ភ្នំ​ក្រវ៉ា​ញ​ទេ​? 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ ខ្ញុំ​គិតថា ភ្នំ​ក្រវ៉ា​ញ​ទាំងមូល​គឺ គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់​។ រឿង​មួយ​ដែល​ខ្ញុំ​សោកស្តាយ​គឺ​ខ្ញុំ​ចង់ទៅ​ឲ្យ​ដល់​ភ្នំ​សំ​កុស​ដែល​ស្ថិតនៅ​ភាគ​លិច​ខេត្តពោធិ៍សាត់ ព្រោះថា​វា​ជាទី​កន្លែង​ដាច់ស្រយាល​ផុត​គេ​នៅ​កម្ពុជា​បច្ចុប្បន្ន​។ វា​មាន​ផ្លូវ​ថ្មី​ទៅ​ទីនោះ ហើយ​ខ្ញុំ​គិតថា​វា​ជា​ផ្លូវជាតិ​លេខ ៥៥ ដែល​ទើប​បញ្ចប់​ការសាងសង់​។ ខ្ញុំ​ចង់​ឡើងទៅ​ឲ្យ​ដល់ទី​នោះ ប៉ុន្តែ​ខ្ញុំ​មិនមាន​ពេល​។​
 
​ប៉ុន្តែ​បើ​និយាយ​ពី​ភ្នំ​ក្រវ៉ា​ញ​ទាំងមូល​វិញ គឺ​គួរ​ឲ្យ​ចប់​អារម្មណ៍​ដោយសារ​វា​ជា​ជម្រក​សត្វព្រៃ ជា​តំបន់​អេកូ​ទេសចរណ៍ សម្រាប់​ឡើង​ភ្នំ និង​បោះតង់​នៅ​ទីនោះ​ផង​។ ខ្ញុំ​បាន​ទៅ​ភ្នំ​ក្រវ៉ា​ញ​ច្រើនដង​ដែរ​។​
 
៣.​សារព័ត៌មាន​ថ្មីៗ​៖ លោក​បានលើកឡើង​ពី​ខេត្ត កំពត​។ លោក​អាច​បញ្ជាក់​បន្តិច​បានទេ​ថា​តើ​អ្វីដែល​ធ្វើ​ឲ្យ​វា​ពិសេស​សម្រាប់​លោក​?
 
​អគ្គរដ្ឋទូត​អាមេរិក​៖ អ្នកដឹង​ទេ​ថា ខ្ញុំ​ចូលចិត្ត​ទៅ​កំពត​ពេល​ខ្ញុំ​មក​កម្ពុជា​អំឡុង​ឆ្នាំ ១៩៩០​។ ដឹង​ស្រាប់​ហើយ វា​ស្ថិត​ក្នុងចំណោម​កន្លែង​ពីរ​បី​ប៉ុណ្ណោះ​ដែល​យើង​អាច​ទៅបាន​ចុង​សប្តាហ៍​។ អ្វីដែល​ពិសេស​សម្រាប់​ខេត្តកំពត គឺ​ស្ថានភាព​មួយ​ដែល​ទីក្រុង​នៅក្បែរ​មាត់​ស្ទឹង​។ 
 
​នៅពេលដែល​យើង​ស្នាក់នៅ​ក្បែរ​ស្ទឹង យើង​អាច​ក្រឡេក​ឆ្លងទន្លេ ហើយ​ឃើញ​ភ្នំ​នៅ​ពីក្រោយ​នោះ​។ ព្រះអាទិត្យ​ក៏​រៀប​អស្ដង្គត​នៅ​ពីក្រោយ​ភ្នំ​នោះ​ទៀត​។ អូរ​! វា​ពិតជា​ស្អាត​ណាស់​។ ខ្ញុំ​ពិតជា​ចូលចិត្ត​អង្គុយលេង​នៅ​មាត់​ស្ទឹង ហើយ​ទឹកស្ទឹង​នោះ​ក៏​ល្អ​សម្រាប់​យើង​ហែល​ទឹក​លេង​ទៀត​។​
 
៤.​សារព័ត៌មាន​ថ្មីៗ​៖ បន្ទាប់ពី​រស់នៅ​កម្ពុ​ជាជាង​បី​ឆ្នាំ​មកនេះ តើ​អ្វី​ទៅជា​ម្ហូប​ដែល​លោក​ចូលចិត្ត​ជាងគេ​?

ឯកអគ្គរដ្ឋទូត​អាមេរិក​៖ អ្នក​ទាំងអស់គ្នា​ដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​មាន​ភរិយា​ខ្មែរ​។ ខ្ញុំ​បរិភោគ​ម្ហូប​ខ្មែរ​ស្ទើរតែ​គ្រប់ពេល​។ យើង​បរិភោគ​ខ្មែរ​មួយថ្ងៃ ម្ហូប​បារាំង​មួយថ្ងៃ​។ ពេលមកដល់​ខ្មែរ​ដំបូង និយាយ​តាម​ត្រង់ ម្ហូប​ដែល​ខ្ញុំ​ចូលចិត្ត គឺ​សម្លម្ជូរយួន​។ ខ្ញុំ​ចូលចិត្ត​រសជាតិ​វា​ដែល​យូរ​បន្តិច ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ប៉េង​បោះ និង​ម្នាស់​ក្នុង​សម្ល​នោះដែរ​។​
 
​ហូប​ម្ហូប​ខ្មែរ​ច្រើនពេក ខ្ញុំ​សម្រេចចិត្តថា ខ្ញុំ​ចូលចិត្ត​នំ​បញ្ចុក​ជាង​នៅពេលនេះ​។ នំ​បញ្ចុក​ជា​ចំណី​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ដែរ​។ យើង​ដាក់​នំ​បញ្ចុក​ពីក្រោម ហើយ​ដាក់​បន្លែ​ពីលើ​មុននឹង​ដាក់​សម្ល​ចូល​ហើយ​ច្របាច់​បញ្ចូល​គ្នា មុននឹង​បរិភោគ​។ ខ្ញុំ​គិតថា វា​ជា​ម្ហូប​ថ្មី​ដែល​ខ្ញុំ​ចូលចិត្ត​។ 
 
៥.​សារព័ត៌មាន​ថ្មីៗ​៖ លោក​ប្រហែលជា​មិន​នឹក​ម្ហូប​ខ្មែរ​ទេ​ព្រោះ​ភរិយា​លោក​នឹង​ចម្អិនម្ហូប​នេះ​សម្រាប់​លោក​ទៀត​។ ចុះ​អ្វី​ទៅ​ដែល​លោក​នឹង​នឹករលឹក​បំផុត​ពេល​លោក​ត្រឡប់​ទៅ​អាមេរិក​វិញ​? 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ អ្វីដែល​ខ្ញុំ​នឹក​បំផុត​ពេល​ត្រឡប់​ទៅ​អាមេរិក​វិញ គឺ​ភាព​អ៊ូរ​អរ​នៅទីនេះ​។ នេះ​ក៏​ព្រោះថា ភ្នំពេញ​បច្ចុប្បន្ន​ជាទី​ក្រុង​ដ៏​រស់​រវើក និង​សកម្ម​មួយ​។ វ៉ាស៊ីនតោន​ក៏​រស់​រវើក​និង​សកម្ម​ដែរ ប៉ុន្តែ​វា​មិន​ដូច​ភ្នំពេញ​ទាំងស្រុង​ទេ​។ ទីនេះ មនុស្ស​ច្រើនណាស់​ចេញ​ក្រៅ​នៅពេល​យប់ ហើយ​ចុង​សប្តាហ៍​ក្មេងៗ​ឈូរ​ឆរ​នាំគ្នា​ជិះ​ម៉ូតូ​ទៅមក​។ បើ​មាន​អាកាសធាតុ​ល្អ​ទៀត វារឹតតែ​ពិសេស​ព្រោះ​មនុស្ស​កាន់តែច្រើន​ចេញមកក្រៅ​។ វា​ពិត​ជាមាន​អារម្មណ៍ល្អ​ណាស់​។ នៅ​វ៉ាស៊ីនតោន ខុសពី​នេះ ប្រជាជន​មិន​នៅ​ផ្តុំគ្នា​អ៊ូរ​អរ​បែបនេះ​ទេ ពោលគឺ​នៅ​ទីកន្លែង​ផ្សេងៗ​ដាច់ៗ​គ្នា​។ ដូច្នេះ វា​មិនមាន​អារម្មណ៍​ថា រំភើប​ដូច​នៅ​ស្រុក​ខ្មែរ​ទេ​។​
 
៦.​សារព័ត៌មាន​ថ្មីៗ​៖ យើង​ឧស្សាហ៍​ឃើញ​លោក​អញ្ជើញ​ចូលទៅ​ព្រៃ និង​ឡើង​ភ្នំ​ជា​ឧទាហរណ៍​លោក​បាន​ចូល​ព្រៃ​ឡង់ និង​ឡើង​ភ្នំ​ឱ​រ៉ា​ល់​។ ហេតុអ្វី​បានជា​លោក​ចូលចិត្ត​សកម្មភាព​បែបនេះ​? 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ ពេលដែល​ខ្ញុំ​ធំធាត់​នៅ​រដ្ឋ Pennsylvania ខ្ញុំ​ឧស្សាហ៍​ទៅ​បោះជំរំ​ក្នុងពេលដែល​ខ្ញុំ​ជា​កាយ​រិ​ទ្ធ​ជាមួយ​បងប្រុស​ខ្ញុំ​ផ្ទាល់​។ យើង​ទៅ​បោះជំរំ​ម្តង​ក្នុង​មួយខែ​។  ពេលនេះ​ខ្ញុំ​មានកូន​ប្រុស​ខ្ញុំ​ផ្ទាល់​។ ពេលមកដល់​ស្រុក​ខ្មែរ​បី​ឆ្នាំមុន កូន​ខ្ញុំ​មាន​អាយុ ១២​ឆ្នាំ​។ យើង​ចង់​មាន​សកម្មភាព​សម្រាប់​គាត់​។​យើង​ចាប់ផ្តើម​ដោយ​បង្កើត​ក្រុម​កង​កាយ​រិ​ទ្ធិ​ក្មេងៗ​នៅទីនេះ ហើយ​ពេល​ចាប់ផ្តើម​ដំបូង​យើង​មាន​ក្មេង​ប្រហែល ៥​នាក់​ប៉ុណ្ណោះ​។​ឥឡូវនេះ​យើង​មាន​ក្មេងៗ រហូតដល់ ១៥​នាក់​។  យើង​នាំ​ពួកគេ​ទៅ​ក្រៅ​ដើម្បី​បោះជំរំ​ពេល​ខែរងា​មកដល់ ហើយ​អាចមាន​រយៈពេល​បួន ឬ​ប្រាំ​ដង​ក្នុង​មួយឆ្នាំ​។ 
 
​ដូច្នេះ ខ្ញុំ​ធ្វើបែបនេះ​ដើម្បី​កូនប្រុស​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​គាត់​រៀនសូត្រ​ពី​ពិភព​ខាងក្រៅ​ដូចដែល​ខ្ញុំ​បានធ្វើ​។ កម្ពុ​ជាមាន​កន្លែង​គួរ​ឲ្យ​ចាប់អារម្មណ៍​ច្រើនណាស់ ប៉ុន្តែ​វា​មិនសូវមាន​ការអភិវឌ្ឍ​ច្រើន​នៅឡើយ​ទេ​។ វា​លំបាក​រក​កន្លែង​ល្អ​ក្នុងការ​បោះជំរំ​។ ប៉ុន្តែ​យើង​បាន​រកឃើញ​ពីរ​បី​កន្លែង​។ ដូច្នេះហើយ​បានជា​យើង​ជ្រើស​រើសយក​ការឡើង​ភ្នំ​ឱ​រ៉ា​ល់ ហើយ​វា​ជា​កន្លែង​ផ្សេង​ព្រេង​សម្រាប់​ក្មេងៗ​ដ៏​អស្ចារ្យ​មួយ​។ 
 
៧.​សារព័ត៌មាន​ថ្មីៗ​៖ តើ​លោក​មាន​អារម្មណ៍​បែបណា​ដែរ​នៅលើ​កំពូលភ្នំ​ឱ​រ៉ា​ល់​? 

ឯកអគ្គរដ្ឋទូត​អាមេរិក​៖ ដឹង​ហើយ​ថា ខ្ញុំ​មិនមែន​ក្មេងៗ​ទៀត​ទេ ហើយ​រាង​ខ្ញុំ​កាលនោះ​មិនមែន​សម​ដូច​ឥឡូវ​ទេ​។ ខ្ញុំ​មាន​ក្តីបារម្ភ​បន្តិចបន្តួច​ដែរ​ថា ខ្ញុំ​មិនអាច​ឡើងលើ​ភ្នំ​បានសម្រេច​។ វា​មាន​រយៈកម្ពស់ ១៨០០ ម៉ែត្រ​។ ភ្នំ​នេះ​មិនមែន​ធំ​មហិមា​ឡើយ ប៉ុន្តែ​វា​ធំ​ដែរ​។ វា​ជា​ដំណើរ​ឡើង​ភ្នំ​មួយ​ដ៏​វែងឆ្ងាយ​។ ខ្ញុំ​បារម្ភ​ថា​ខ្ញុំ​មិនអាច​ធ្វើបាន ហើយ​វា​ជា​រឿង​ខ្មាស​គេ ដែល​ខ្ញុំ​ជា​មនុស្ស​ចាស់​ជាងគេ​មិនអាច​ឡើង​ភ្នំ​បាន​។ ខ្ញុំ​បាន​ប្តេជ្ញា​ឡើង​ភ្នំ​ឲ្យ​បាន ហើយ​ខ្ញុំ​ក៏​មិន​ចង់​ឲ្យ​កូន​ខ្ញុំ​ឃើញថា ខ្ញុំ​មិនអាច​ធ្វើ​បានដែរ​។​
 
​ភ្នំ​ឱ​រ៉ា​ល់​មាន​ចំណុច​ពិសេស គឺ នៅ​ជើងភ្នំ​វា​ចោត​ខ្លាំង​ប៉ុន្តែ​ពេល​ឡើងទៅ​រហូតដល់​កំពូល វា​មិនសូវ​ចោទ​ទេ​។ ពេល​ឡើងដល់​លើ​ភ្នំ យើង​ឃើញ​ទេសភាព​ព្រៃឈើ​ស្អាត​ណាស់​។ ព្រៃឈើ​នៅ​នេះ​មិនមាន​អ្នក​ប៉ះពាល់ គ្មាន​សកម្មភាព​កាប់​ឈើ ហើយ​វា​ក៏​គួរ​ឲ្យ​ស្រលាញ់​ទៀ​តទៅ​ទីនោះ​។​
 
៨.​សារព័ត៌មាន​ថ្មីៗ​៖ ចុះ​ត្រឡប់​ទៅ​ព្រៃ​ឡង់​ឯណោះ​វិញ​យ៉ាងម៉េច​ដែរ​?
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ ព្រៃ​ឡង់​មាន​ភាពខុសគ្នា​បន្តិចបន្តួច​ដោយសារ​មាន​វា​ស្ថានភាព​រាបស្មើ​។ វា​មាន​សកម្មភាព​កាប់​ឈើ​ច្រើនណាស់ ហើយ​វា​មាន​ផ្លូវ​សម្រាប់​ដឹកឈើ​ឆ្លងកាត់​គ្រប់​ទីកន្លែង​។ ប៉ុន្តែ​វា​មិនមែន​មានន័យថា​ព្រៃ​នេះ​មិនល្អ​ទេ ហើយក៏​មិនមែន​មានន័យថា វា​មិនមាន​តម្លៃ​សម្រាប់​ការអភិរក្ស​ឡើយ​។ វា​ក្តៅ​ដែរ​នៅពេល​យប់​ព្រោះ​យើង​ទៅ​ទីនោះ​នៅ​ខែឧសភា​។ 
 
​ប៉ុន្តែ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​រាល់​ដើមឈើ​ដែល​ខ្ពស់ជាង ៦៧ ម៉ែត្រ ត្រូវបាន​គេ​កាប់​អស់​។ ប៉ុន្តែ​វា​នៅមាន​ដើមឈើ​ច្រើន មាន​គម្រប​ព្រៃឈើ​ច្រើន​រួមជាមួយ​សត្វព្រៃ​សន្ធឹកសន្ធាប់​ដែរ ដែលមាន​តម្លៃ​សម្រាប់​ការថែរក្សា​។ ដូច្នេះហើយ​យើង​រីករាយ​ណាស់​ដែល​យើង​កំពុង​ជួយ​កម្ពុជា​ជាពិសេស​ក្រុមឧទ្យានុរក្សដែលល្បាត​នៅ​ទីនោះ​។ យើង​រីករាយ​ដោយ​ជួយ​កម្ពុជា​អនុវត្ត​ច្បាប់​ដើម្បី​អភិរក្ស​ព្រៃ​ឡង់ ហើយ​វា​ជា​អ្វី​ជា​រឿង​ដែលមាន​តម្លៃ​ដែល​ចាំបាច់​ត្រូវធ្វើ​។​
 
៩.​សារព័ត៌មាន​ថ្មីៗ​៖ តើ​លោក​យល់ឃើញថា កម្ពុជា​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​នៅពេល​អនាគត ក្រៅពី​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែលមាន​តួយ៉ាង​ដូចជា​ប្រាសាទអង្គរវត្ត ដើម្បី​ធ្វើយ៉ាងណា​បង្កើន​ចំណូល​ជាតិ​? 
 
​ឯកអគ្គរដ្ឋទូត​អាមេរិក​៖ ស្រុក​ខ្មែរ ស្ថានភាព​ប្រហាក់​នឹង​ស្ថានភាព​នៅ​ឥណ្ឌូណេស៊ី​ពេល​ខ្ញុំ​ស្ថិតនៅ​ទីនោះ​។ នៅ​កម្ពុជា គេ​គ្រប់គ្នា​មក​ទស្សនា​ប្រាសាទអង្គរវត្ត ហើយ​នៅ​ឥណ្ឌូណេស៊ី​ដូចគ្នា​ដែរ​គឺ គេ​នាំគ្នា​មក​ទស្សនា​កោះ​បាលី​។​
 
​ប៉ុន្តែ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​អភិវឌ្ឍ​គោលដៅ​ទេសចរ​ទី​ពីរ​ដែល​គេ​អាច​ទៅ​ទស្សនា​បាន​។ ឧទាហរណ៍​ដូចជា​កោះ ស៊ូ​ម៉ា​ត្រា​, បឹង Maninjau, កោះ​ស៊ូ​ឡា​វេ​ស៊ី (Sulawesi) ក៏ដូចជា​ក្រុង Yogyakarta​។ ខ្ញុំ​គិតថា កម្ពុជា​ត្រូវផ្តោត​សំខាន់​លើ​គោលដៅ​ទេសចរណ៍​ទី​ពីរ​ដូចគ្នា​ដែរ​។ អ្នក​ចង់​ឲ្យ​អ្នកទេសចរ​ស្នាក់នៅ​យូរ​ជាង​បី​ថ្ងៃ​នៅទីនេះ​។ អ្នក​មិន​ចង់​ឲ្យ​គេ​ទៅ​ប្រទេស​ថៃ ហើយ​ត្រឹម​ចំណាយពេល​បី​ថ្ងៃ​មក​ទស្សនា​អង្គរវត្ត ហើយ​ហោះ​ត្រឡប់​ទៅវិញ​ឡើយ​។ អ្នក​ចង់​ឲ្យគេមក​កម្សាន្ត​នៅ​កម្ពុជា​ពីរ​អាទិត្យ ហើយ​ក្នុងនោះ​មានការ​កម្សាន្ត​នៅ​សៀមរាប​ដែរ​។ 
 
​គោលដៅ​ទេសចរណ៍​ទី​ពីរ​ចាំបាច់​ត្រូវ​អភិវឌ្ឍ ហើយ​វា​ចាប់ផ្តើម​កើតឡើង​ហើយ​។ ដូច​ឃើញស្រាប់​នៅ​មណ្ឌល​គី​រី​, រតនគីរី​, បាត់ដំបង និង​ខេត្ត​ជាប់​សមុទ្រ​មាន​កំពត កែប និង​នៅ​កោះកុង​ផងដែរ​។ ពាក់ព័ន្ធ​តំបន់​អេកូ​ទេសចរណ៍ វា​មាន​គម្រោង​អេកូ​ទេសចរណ៍​បួន​កន្លែង​ល្អៗ​ហើយ​នៅ​កោះកុង ហើយ​រាល់​តំបន់​ទាំងនោះ​គឺមាន​ដំណើរ​ការល្អ និង​គួរ​ឲ្យ​ទាក់ទាញ​។ ខ្ញុំ​គិតថា វា​ជា​អ្វីដែល​ល្អ​ដែល​កម្ពុជា​អាច​ផ្តោត​ការយកចិត្ត​ទឹក​ដាក់ ព្រោះ​វា​ជា​តំបន់​ព្រៃឈើ​ធំ​បំផុត​នៅ​សេសសល់​នៅ​អាស៊ីអាគ្នេយ៍ ហើយ​នៅលើ​អាស៊ីអាគ្នេយ៍​ដីគោក​គឺ​ព្រៃ​នៅ​ជួរ​ភ្នំ​ក្រវ៉ា​ញ​។ បើសិនជា​អ្នករៀបចំ​តំបន់​អេកូ​ទេសចរណ៍​បាន​ច្រើន អ្នកទេសចរ​អាមេរិក​ជាច្រើន​ប្រាកដជា​មក​ទស្សនា​៕ 
 

Tag:
 លោក William A.Heidt
  កម្ពុជា​
  អាមេរិក​
  ពោធិ៍សាត់​
© រក្សាសិទ្ធិដោយ thmeythmey.com