ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖ លោក កឹម សុខា នឹងដោះលែងនៅចុងឆ្នាំនេះ? រូបពីហ្វេសប៊ុកលោក សម រង្ស៊ី
× ភ្នំពេញ៖ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងត្រូវបានដោះលែង នៅចុងឆ្នាំ ២០១៨ ។ នេះជាសំណេរលើហ្វេសប៊ុករបស់លោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។
មូលហេតុដែលលោក សម រង្ស៊ី និយាយបែបនេះ ព្រោះលោក សំអាងទៅលើព័ត៌មានមិនទាន់ផ្លូវការមួយ ដែលលេចពីផ្ទៃក្នុងគណបក្សកាន់អំណាច។ លោក សម រង្ស៊ី បានសរសេរលើហ្វេសប៊ុកដូច្នេះថា៖« យើងបានទទួលបានព័ត៌មាន ពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ថា លោក ហ៊ុន សែន នឹងដោះលែងលោក កឹម សុខា នៅថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ក្នុងឱកាសខួបទី ២០ នៃ "នយោបាយឈ្នះៗ" ដែលលោក ហ៊ុន សែន តែងតែយកមកអួតអាង»។
បន្ទាប់ពីលើកឡើងបែបនេះហើយ លោក សម រង្ស៊ី ងាកមករិះគន់សម្ដេច ហ៊ុន សែន ថា គម្រោងនៃការដោះលែងលោក កឹម សុខា នេះ ធ្វើឡើងក្រោមសម្ពាធអន្តរជាតិ ទាក់ទងបញ្ហាអនុគ្រោះពន្ធ។ «ជាជំហានទី១ ដើម្បីជៀសវាងទណ្ឌកម្មពាណិជ្ជកម្ម ពីសហភាពអឺរ៉ុប។ ជំហានទី២ ដែលលោក ហ៊ុន សែន កំពុងតែទីទើរនៅឡើយ គឺការបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ»។ នេះជាការលើកឡើងរបស់លោក សម រង្ស៊ី។
ជុំវិញបញ្ហានេះ សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដើម្បីសុំការអត្ថាធិប្បាយតបការលើកឡើងរបស់លោក សម រង្ស៊ី បានឡើយ។
អតីតប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការសម្រេចផ្ទេរពីការឃុំខ្លួន នៅពន្ធនាគារ មកឃុំខ្លួននៅក្នុងផ្ទះវិញ។ ក្រៅពីរស់នៅក្នុងផ្ទះខ្លួន លោក កឹម សុខា មិនអាចជួបអតីតថ្នាក់ដឹកនាំបក្ស និងជនបរទេសណាម្នាក់ ក្នុងទិសដៅដែលសង្ស័យថា ធ្វើសកម្មភាពនយោបាយបានឡើយ៕
Tag:
សម រង្ស៊ី
កឹម សុខា
ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com