អន្តរជាតិ
ជេក ម៉ា ហៅសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ជារឿងល្ងីល្ងើបំផុតក្នុងពិភពលោក
× នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Alibaba លោកជេក ម៉ា កាលពីថ្ងៃទី០៥ ខែវិច្ឆកា បានបរិហារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនថាជា រឿងដ៏ល្ងង់ខ្លៅបំផុតមួយក្នុងពិភពលោក។
លោក ម៉ា ដែលជាបុរសមានជាងគេបំផុតក្នុងប្រទេសចិននេះ បានចេញមុខរិះគន់ឥតសំចៃមាត់ទៅលើជម្លោះពាណិជ្ជកម្មអាមេរិក-ចិន ដែលភាគីទាំងសងខាងបានដំឡើងពន្ធនាំចូលលើទំនិញគ្នាទៅវិញទៅមុខ គិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។ ខណៈនេះ គេមិនទាន់មើលឃើញ មហាអំណាចសេដ្ឋកិច្ចទីមួយ និងទីពីរនេះ បង្ហាញសញ្ញាណនៃការថមថយនៅឡើយនោះទេ។
បន្ថែមពីការរិះគន់យ៉ាងដូច្នេះ ថ្លែងនៅក្នុងវេទិកាជំនួញមួយ ដែលប្រព្រឹត្តឡើងនៅក្រៅព្រឹត្តិការណ៍ពិពណ៌នាំចូលអន្តរជាតិក្នុងទីក្រុង សៀងហៃ លោក ម៉ា បានលើកឡើងថា៖«ពាណិជ្ជកម្មគឺតម្រូវឲ្យមានការប្រាស្រ័យទាក់ទងគ្នា…ហើយគ្មានបុគ្គលណាអាចបញ្ឈប់ពាណិជ្ជកម្មសេរីបានឡើយ»។
បើតាមសារព័ត៌មាន South China Morning Post លោក ម៉ា ដែលស្ថិតក្នុងវ័យ៥៤ និងទើបតែបានប្រកាសចូលនិវត្តន៍ថ្មីៗកន្លងទៅនេះ បានបញ្ជាក់ទៀតថា ប្រទេសចិនកំពុងផ្លាស់ប្តូរចេញពី «គំរូនៃការនាំចេញ» ទៅជា «គំរូនៃការនាំចូល» វិញ ដែលវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំធេងមួយសម្រាប់ក្រុងប៉េកាំងតែម្តង។
ទោះបីជាយ៉ាងនេះក្តី លោក ម៉ា ដែលមានលុយសរុបជិត ៣៨ពាន់លានដុល្លារនេះ បានសង្កត់ធ្ងន់ថា អំឡុងគ្រាលំបាក ក៏មានឱកាសផងដែរ។ ត្រង់នេះលោកបានបកស្រាយបែបនេះ៖«ជំនួញជាច្រើននឹងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែវាក៏នឹងមានផលវិជ្ជមានសម្រាប់អ្នកប្រើប្រាស់ជាច្រើនផងដែរ»។
គួរឲ្យកត់សម្គាល់ផងដែរថា ការលើកឡើងរបស់លោកម៉ាគឺធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុងប៉េកាំងថា អនុវត្ត «គោលនយោបាយពាណិជ្ជកម្មអយុត្តិធម៌»។ ទាក់ទិននឹងការអនុវត្តគោលនយោបាយពាណិជ្ជកម្មមិនប្រក្រតីរបស់ចិននេះ រដ្ឋបាលលោកត្រាំ បានអះអាងថា វាបានបង្កទៅជាឱទនភាពពាណិជ្ជកម្មយ៉ាងសម្បើមក្រៃលែង សម្រាប់សហរដ្ឋអាមេរិក ចាប់តាំងពីចិនបានក្លាយជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០១មក៕
Tag:
សង្គ្រាមពាណិជ្ជកម្ម
លោកជេក ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com