កីឡាអន្តរជាតិ
អន្តរជាតិ
បញ្ហានយោបាយ​នាំ​ឲ្យ​លោក Klopp ដក Shaqiri ចេញពី​ក្រុម​ក្នុងជំនួប Liverpool-Red Star
06, Nov 2018 , 5:34 pm        
រូបភាព
Liverpool នឹង​ដក​ខ្សែបម្រើ Xherdan Shaqiri ចេញពី​ក្រុម​ពេលធ្វើ​ដំណើរ​ទៅ​ស៊ែ​ប៊ី ដើម្បី​ជួប​ក្រុម​ម្ចាស់ផ្ទះ Red Star Belgrade សម្រាប់​ការប្រកួត​ពាន UEFA Champions League នៅ​រាត្រី​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ​។​

 
Shaqiri ជា​ជនជាតិភាគតិច​អាល់​បា​នី​រស់នៅ​កូ​សូ​វ៉ូ ដែល​ត្រូវបាន​ស៊ែ​ប៊ី​បង្ក្រាប និង​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិ​របស់ខ្លួន​ជាច្រើន​ឆ្នាំ ប៉ុន្តែ​បានបញ្ចប់​ជម្លោះ​វិញ​ដោយមាន​ការអន្តរាគមន៍​ពី​សំណាក់​យោធា​ណា​តូ​ក្នុង​ឆ្នាំ ១៩៩៩​។ រហូតមកទល់​បច្ចុប្បន្ន​កូ​សូ​វ៉ូ និង​ស៊ែ​ប៊ី​នៅតែ​ជាស​ត្រូវ​នឹង​គ្នា​។​
 
​បន្ទាប់ពី​ការ​ស៊ុត​បញ្ចូល​ទី​សម្រាប់​ក្រុម​ជម្រើសជាតិ​ស្វី​ស​អំឡុងពេល​លេង​ទល់នឹង​ស៊ែ​ប៊ី​នា​ការប្រកួត World Cup នៅ​រុស្ស៊ី​កន្លងមក Shaqiri បាន​អបអរ​គ្រាប់​បាល់​នោះ​ដោយ​ធ្វើ​កាយវិការ​ជា​ស្លាប​ឥន្ទ្រី​ដែល​តំណាង​ឲ្យ​ទង់ជាតិ​របស់​ប្រទេស​អាល់​បា​នី​នៅ​ជំ​ពោះ​មុខ​អ្នកគាំទ្រ​គូប្រកួត​។​
 
​ខ្សែបម្រើ​របស់​ហង្ស​ក្រហម​រូបនេះ ក៏ត្រូវ​បាន FIFA ពិន័យ​ជា​ប្រាក់ ១​ម៉ឺន​ដុល្លារ​អាមេរិក​ផងដែរ សម្រាប់​កាយវិការ​ពាក់ព័ន្ធ​នឹង​នយោបាយ​នៅក្នុង​កីឡា​បែបនេះ​។​
 
​ជុំវិញ​ករណី​ខាងលើ អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp នឹង​សម្រេច​ដក​កីឡាក​រូបនេះ​នា​ជំនួប Liverpool ទល់ Red Star ដើម្បី​បញ្ជៀ​ស​បញ្ហា​កើតឡើង​រវាង Shaqiri និង​ក្រុម​អ្នកគាំទ្រ​ដែលជា​ជនជាតិ​ស៊ែ​ប៊ី​។​
 
«​យើង​ចង់​ផ្តោត​តែ​លើ​ការប្រកួត​ឲ្យ​បាន​១០០​ភាគរយ ដោយ​មិនចាំបាច់​គិតពី​រឿង​អ្វី​ផ្សេង​ក្រៅពី​កីឡាបាល់ទាត់​។ យើង​ចង់បាន​ការគោរព និង​ជៀសវាង​ការរំខាន​ណាមួយ​ជុំវិញ​បញ្ហានយោបាយ​។ ដូច្នេះ​សម្រាប់​ហេតុផល​នោះ Shaqiri មិនបាន​ចូលរួម​ការប្រកួត​នេះឡើយ ហើយ​សមី​ខ្លួន​ក៏បាន​ព្រម​ទទួល​និង​យល់​ពី​រឿងនេះ​ដូចគ្នា​»​។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​លើកឡើង​ដូច្នេះ​។​
 
​ក្រៅពី Shaqiri មិត្ត​រួម​ក្រុម​ជម្រើសជាតិ​ស្វី​ស​ពីររូប​ទៀត​ដែលមាន​ឈាមជ័រ​ដូច​ខ្លួន​រួមមាន Granit Xhaka និង Stephan Lichsteiner បច្ចុប្បន្ន​លេង​ឲ្យ​ក្រុម Arsenal ក៏​ធ្លាប់​ត្រូវបាន FIFA ពិន័យ​ជុំវិញ​កាយវិការ​ទាក់ទិន​នឹង​នយោបាយ​របស់គេ​ផងដែរ​។​
 
Liverpool ដែល​ស្ថិតនៅ​កំពូល​តារាង​ពូ​ល C បណ្តោះអាសន្ន​មាន ៦ ពិន្ទុ បន្ទាប់ពី​ប្រកួត​៣​លើក ឈ្នះ​២ ចាញ់​១ នាំមុខ Napoli មាន​៥​ពិន្ទុ Paris Saint Germain ៤​ពិន្ទុ និង Red Star Belgrade នៅ​បាត​តារាង​មាន​១​ពិន្ទុ​៕
 
​ជំនួប​គូប្រកួត​ផ្សេងទៀត​៖
​ពូ​ល A 
Monaco Vs Club Brugge
Atletico Madrid Vs Borussia Dortmund
​ពូ​ល B 
Inter Vs Barcelona
Tottenham Hotspur Vs PSV Eindhoven
​ពូ​ល C 
Crvena Zvezda Vs Liverpool
Napoli Vs Paris Saint Germain
​ពូ​ល D 
FC Porto Vs Lokomotiv Moscow
Schalke 04 Vs Galatasaray
 
 

Tag:
 បាល់ទាត់​
  Liverpool
  Xherdan Shaqiri
© រក្សាសិទ្ធិដោយ thmeythmey.com