រដ្ឋាភិបាលអ៊ីរ៉ង់បានស្នើឲ្យអង្គការសហប្រជាជាតិកំណត់ឲ្យអាមេរិកទទួលខុសត្រូវចំពោះការដាក់ទណ្ឌកម្មឡើងវិញប្រឆាំងខ្លួនចាប់ពីថ្ងៃចន្ទទី ៦ខែវិច្ឆិកានេះ។ អ៊ីរ៉ុបបានអះអាងជាថ្មីថា រាល់ការដាក់ទណ្ឌកម្មប្រឆាំងខ្លួនគឺ ខុសច្បាប់និងរំលោភដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិលោក Gholamali Khoshroo បានសរសេរលិខិតមួយច្បាប់ជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ដោយទទូចឲ្យអង្គការអន្តររដ្ឋាភិបាលនេះចេញវិធានការតបតនឹងឥរិយាបថអាមេរិកដែលដាក់ទណ្ឌកម្មឡើងវិញប្រឆាំងខ្លួន។
យោងតាមទីភ្នាក់ព័ត៌មាន AFP អ្នកការទូតអ៊ីរ៉ង់រូបនេះបាននិយាយក្នុងលិខិតរបស់ខ្លួនថា អង្គការសហប្រជាជាតិត្រូវមានការឆ្លើយតបរួមមួយនឹងទង្វើគ្មានទំនួលខុសត្រូវរបស់អាមេរិក បើសិនជាអង្គការនេះចង់ធានាគោលការណ៍នីតិរដ្ឋ។
«អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ អង្គការសហប្រជាជាតិនិងសមាជិក គួរតែចេញចំណាត់ការប្រឆាំងនឹងទង្វើដែលខុសច្បាប់ទាំងនេះ និងកំណត់ឲ្យអាមេរិកទទួលខុសត្រូវចំពោះឥរិយាបថច្រឡោងខាមរបស់ខ្លួនដែរ»។
ការចេញលិខិតមួយច្បាប់ស្នើសុំត្រង់ៗទៅប្រមុខអង្គការសហប្រជាជាតិ កើតឡើងចំពេលដែលប្រធានាធិបតីចាប់ផ្តើមអនុវត្តទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់ដែលខ្លួនបានដកក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ឡើងវិញនៅថ្ងៃចន្ទទី ៥ខែវិច្ឆិកា។ តាមពិតទៅកិច្ចព្រមព្រៀងនេះបានទទួលគាំទ្រតាមរយៈដំណោះស្រាយក្រុមប្រឹក្សាសុខលេខ ២២៣១ ដែលវាមានន័យថា កិច្ចព្រមព្រៀងនេះមានអនុភាពគតិយុត្តិ។
តាមពិតទៅ អាមេរិកសម្រេចដាក់ទណ្ឌកម្មឡើងវិញប្រហែលជាង ៦ ខែក្រោយលោក ដូណាល់ ត្រាំ ប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរខាងលើ ដែលមានភាគីផ្សេងទៀតដូចជាអង់គ្លេស, អាល្លឺម៉ង់, ចិន,រុស្ស៊ី និងបារាំងផងដែរ។
ទណ្ឌកម្មដែលត្រូវបានដាក់ឡើងវិញនោះគឺមានគោលដៅប្រឆាំងការនាំចេញប្រេង ការដឹកប្រេង និងធនាគាររបស់អ៊ីរ៉ង់។ យ៉ាងណាមិញ រដ្ឋបាលអាមេរិកបានផ្តល់ការលើកលែងពិសេសសម្រាប់ប្រទេសនិងទឹកដីចំនួនប្រាំបីដែលមានដូចជា អ៊ីតាលី, ចិន, ឥណ្ឌា, ក្រិក, ជប៉ុន ,តួកគី, តៃវ៉ាន់និងកូរ៉េខាងត្បូង ដើម្បីអាចបន្តទិញប្រេងពីអ៊ីរ៉ង់បាន។
ដោយឡែក ជុំវិញការអំពាវនាវរបស់អ៊ីរ៉ង់ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ Stephane Dujarric បានបញ្ជាក់ថា អគ្គលេខាធិការអង្គការសហប្រជាជាតិមិនប្រញាប់ក្នុងការជំរុញឲ្យមានការចាត់វិធានការប្រឆាំងឥរិយាបថរបស់អាមេរិកឡើយ។
«យើងនឹងមើលលិខិតនោះដោយប្រុងប្រយ័ត្ន ហើយយើងនឹងឆ្លើយតបតាមការគួរ»។ អ្នកនាំពាក្យខាងលើនិយាយដូច្នេះ។
សូមបញ្ជាក់ថាក្នុងអំឡុងពេលប្រជុំអង្គការសហប្រជាជាតិខែកញ្ញា លោក ត្រាំ បានធ្វើជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខ ហើយលោកបានផ្តោតសំខាន់បញ្ហាអ៊ីរ៉ង់។បញ្ហានេះធ្វើឲ្យមានការប្រឈមមុខគ្នាដែររវាងអាមេរិក និងមហាអំណាចដទៃទៀតជុំវិញអនាគតនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរនេះ។ មេដឹកនាំអឺរ៉ុប រួមជាមួយរុស្ស៊ី និងចិនសុទ្ធតែការពារកិច្ចព្រមព្រៀងនេះ ហើយទទូចឲ្យត្រូវបន្តគាំត្រកិច្ចព្រមព្រៀងនេះដែរ៕