ជាតិ
សុខភាព
ប្រទេស​តំបន់​មេគង្គ​ចេញ​សេចក្តីប្រកាស​រួម​ក្រុងភ្នំពេញ​លើ​ការប្រឆាំង​ឱសថ​ក្លែងក្លាយ​
06, Nov 2018 , 5:46 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រទេស​តំបន់​ទន្លេមេគង្គ​ទាំង​៦ បាន​ទទួលស្គាល់ថា ការ​ចរាចរ​ឱសថ ក្លែងក្លាយ អន់​គុណភាព  និង​គ្មាន​ច្បាប់​អនុញ្ញាត បាន​រីក​រាលដាល​ពេញ​ពិភពលោក និង​ប្រកា​សនឹង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ឱសថ​ខុសច្បាប់​ទាំងនេះ​។ នេះ​បើតាម​សេចក្ដីប្រកាស​រួម​ក្រុងភ្នំពេញ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ និង​ទី​៦​ខែវិច្ឆិកា​។​

 
 
​បើតាម​សេចក្ដីប្រកាស​រួម​ក្រុងភ្នំពេញ​នេះ ប្រទេស​ទាំង​៦​នេះ បានចាត់ទុក​ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ គុណភាព​អន់ និង​គ្មាន​ច្បាប់​អនុញ្ញាត គឺជា​ហានិភ័យ​ដល់​សុខភាព​ដែល​មិនអាច​មើលរំលង​បាន​។ ប្រទេស​ទាំងនេះ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម មី​យ៉ាន​ម៉ា និង​ចិន​។​
 
«​យើង​បាន​សង្កត់ធ្ងន់​អំពី​តថភាព​មួយ​ដែល​មិនអាច​ប្រ​កែ​ត​បាន គឺ​ការផលិត និង​លក់ដូរ​ផលិតផល​សុខាភិបាល​ក្លែងក្លាយ គុណភាព​អន់ និង​គ្មាន​ច្បាប់​អនុញ្ញាត​ពិតជា​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ ប៉ះពាល់​សេដ្ឋកិច្ច និង​ការកសាង​នីតិរដ្ឋ​»​។ សេចក្ដីប្រកាស​រួម​បានបញ្ជាក់​ដូច្នេះ​។​
 
​សេចក្ដីប្រកាស​រួម​នេះ គូសបញ្ជាក់ថា បញ្ហា​នេះ​ឱសថ​ក្លែងក្លាយ​នេះ ទាមទារ​វិធាន​ការជាប​ន្ទា​ន់​ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​ផលិតផល​នេះ តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការសម្របសម្រួល​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ក៏ដូចជា​តំបន់​ទាំងមូល​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​បទល្មើស​សុខាភិបាល​។​
 
​ប្រទេស​ទាំង​៦​នេះ ប្រកាស​រួមគ្នា​ថា​នឹង​បង្កើន​ការផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ឱសថ​ក្លែងក្លាយ កសាង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ បង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន និង​ពង្រឹង​កិច្ចសហការ​ក្នុង​តំបន់ ជាដើម​។​
 
​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ នឹងត្រូវ​ប្រជុំ​សាជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​តាមដាន​ការវិវឌ្ឍ​លទ្ធផល​សម្រេចបាន ពាន់​ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​ផលិតផល​ឱសថ​ក្លែងក្លាយ​៕ 





 

Tag:
 ឱសថ​ក្លែងក្លាយ
© រក្សាសិទ្ធិដោយ thmeythmey.com