ជាតិ
លោក នួន ពុទ្ធារ៉ា ឡើងជាអភិបាលក្រុងសៀមរាបជំនួសលោក សូរ ប្លាតុង ខាងឆ្វេងលោក សូរ ប្លាតុង និងខាងស្ដាំដៃ លោក នួន ពុទ្ធារ៉ា ដែលត្រូវឡើងជាអភិបាលក្រុងសៀមរាបថ្មី
× សៀមរាប៖ អភិបាលក្រុងសៀមរាប ត្រូវបានដូរក្បាលម៉ាស៊ីនដឹកនាំថ្មីហើយ ដោយក្នុងនោះ លោក នួន ពុទ្ធារ៉ា ឡើងកាន់តួនាទីនេះជំនួសលោក សូរ ប្លាតុង ដែលជាអភិបាលក្រុងចាស់។ លោក នួន ពុទ្ធារ៉ា ឡើងពីនាយករដ្ឋបាលខេត្តសៀមរាប ទៅជាអភិបាលក្រុងសៀមរាប ឯលោក សូរ ប្លាតុង ផ្លាស់ប្ដូរទៅកាន់តួនាទីជាអភិបាលស្រុកប្រាសាទបាគងវិញ។ នេះបើយោងតាមអនុក្រឹត្យ លេខ ១០២៣ អនក្រតត របស់រាជរដ្ឋាភិបាលចុះថ្ងៃទី២ វិច្ឆិកា។
ក្នុងនោះដែរ លិខិតប្រកាសតែងតាំងមន្ត្រីរាជការដាច់ដោយឡែកមួយទៀតរបស់ក្រសួងមហាផ្ទៃ ដែលចុះថ្ងៃទី៦ វិច្ឆិកា នាយករងរដ្ឋបាលខេត្តសៀមរាប លោក សុខ ថុល ត្រូវបានតែងតាំងជានាយករដ្ឋបាលសាលាខេត្តសៀមរាប ជំនួសតួនាទីរបស់លោក នួន ពុទ្ធារ៉ា ដែលត្រូវបានតែងតាំងជាអភិបាលក្រុង។
គួររម្លឹកថា លោក សូរ ប្លាតុង ចូលកាន់តំណែងជាអភិបាលក្រុងសៀមរាប ជំនួសលោក ទេព ប៊ុនឆាយ ក្នុងរាជរដ្ឋាភិបាលនីតិកាលអាណត្តិទី៥។ ក្នុងតួនាទីជាអភិបាលក្រុងសៀមរាប លោក សូរ ប្លាតុង បានបន្សល់នូវស្នាដៃមួយចំនួន ដូចជារៀបចំចំណតនៅតំបន់ផាប់ស្ទ្រីត និងសកម្មភាពបរិស្ថានមួយចំនួន។ល។ លោក សូរ ប្លាតុង បានឡើងកាន់តំណែងជាអភិបាលក្រុងសៀមរាប ត្រឹមមួយអាណត្តិដែលមានរយៈពេល៤ឆ្នាំតែប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com