Liverpool មិនទាន់ធានាបានកៅអីទៅកាន់វគ្គបន្តនៃពានរង្វាន់ Champions League ឡើយ បន្ទាប់ពីពួកគេរងបរាជ័យ ២-០ ក្រោមថ្វៃជើងក្រុមម្ចាស់ផ្ទះ Red Star Belgrade នៃការប្រកួតវគ្គសន្សំពិន្ទុ នាកីឡដ្ឋានក្នុងប្រទេសស៊ែប៊ី នៅរាត្រីថ្ងៃទី៦ ខែវិច្ឆិកា។ ដោយឡែក AS Monaco ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មីលោក Thierry Henry មិនអាចស្រោចស្រង់ក្រុមឈានទៅវគ្គបន្តបានឡើយ ក្រោយចាញ់ Club Brugge ក្នុងផ្ទះខ្លួនឯងដល់ទៅ ៤-០។
ខ្សែប្រយុទ្ធ Milan Pavkov អាចស៊ុតបាល់បញ្ចូលទីដល់ទៅពីរគ្រាប់ម្នាក់ឯងត្រឹមរយៈពេល ៧ នាទីពោគឺនៅនាទី ២២ និង២៩ ដើម្បីជួយឲ្យក្រុម Red Star (FK Crvena Zvezda) ឈ្នះ Liverpool និងជាជ័យជម្នះជាលើកដំបូងរបស់ពួកគេក្នុងក្របខណ្ឌពានកំពូលអឺរ៉ុបក្នុងរយៈពេល២៦ឆ្នាំចុងក្រោយ។
ក្រុមរហស្សនាមហង្សក្រហមត្រូវការឈ្នះជាចាំបាច់ដើម្បីបន្តនាំមុខក្នុងពូល C បែជាបរាជ័យទៅវិញ ដែលធ្វើឲ្យពួកប្រឈមនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូលនេះ ព្រោះសល់២ប្រកួតទៀតត្រូវប៉ះជាមួយក្រុមខ្លាំង Napoli និង Paris Saint-Germain ដែលមានពិន្ទុប្រកៀកប្រកិតគ្នា។ ការប្រកួតរវាង Napoli និង PSG បានត្រឹមស្មើនាំឲ្យក្រុមទាំងបានម្នាក់១ពិន្ទុបន្ថែម។
ឆ្លងកាត់ការប្រកួត៤លើក Napoli ដែលដឹកនាំដោយលោក Carlo Ancelotti ឈរនៅកំពូលតារាងវិញមាន៦ពិន្ទុ ស្មើក្រុមលោក Jurgen Klopp តាមពីក្រោយដោយក្រុមយក្សបារាំងដែលមាន៥ពិន្ទុ និង Red Star ពីស៊ែប៊ីមាន៤ពិន្ទុ។ ក្រុមទាំង៤សុទ្ធតែមានឱកាសឡើង និងធ្លាក់ដូចៗគ្នា ខណៈនៅសល់២ប្រកួតទៀត។
ចំណែក Monaco ដែលដឹកនាំដោយអ្នកចាត់ការជើងថ្មី Thierry Henry បានធ្លាក់ចេញពីកម្មវិធី Champions League ដោយស្វ័ប្រវត្តិហើយទោះនៅសល់២ប្រកួតទៀត បន្ទាប់ពីចាញ់ Club Brugge ក្នុងលទ្ធផល ៤-០។ ឆ្លងកាត់ការប្រកួត៤លើក ក្រុមមកពីលីគកំពូលបារាំងនេះមានតែ១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាងពូល A ខណៈដែល Borussia Dortmund និង Atletico Madrid មាន៩ ពិន្ទុដូចគ្នា។ យ៉ាងណាក្រុមរបស់ Henry នៅមានឱកាសដណ្តើមកៅអីលេងនៅ Europa League បើសិនជាពួកគេដណ្តើមបានចំណាត់ថ្នាក់លេខ៣។
លទ្ធផលការប្រកួតផ្សេងទៀត៖
-ពូល A
Monaco ០ - ៤ Club Brugge
Atletico Madrid ២ - ០ Borussia Dortmund
- ពូល B
Inter ១ - ១ Barcelona
Tottenham Hotspur ២ - ១ PSV Eindhoven
- ពូល C
FK Crvena Zvezda ២ - ០ Liverpool
Napoli ១ - ១ Paris Saint Germain
- ពូល D
FC Porto ៤ - ១ Lokomotiv Moscow
Schalke ០៤ ២ - ០ Galatasaray៕