ជាតិ
ក្រួចជាង២តោនដែលនាំមកពីវៀតណាម ត្រូវសមត្ថកិច្ចដុត កម្ទេចចោល រូបពីអគ្គស្នងការនគរបាលជាតិ
× ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការនគរបាលជាតិ សហការជាមួយមន្ត្រីកាំកុងត្រូល បានចាប់យក និងដុតកម្ទេចចោលសាច់សត្វក្រួចជាង២តោន ដែលនាំចូលគ្មានច្បាប់ពីប្រទេសវៀតណាម។ នេះបើតាមព័ត៌មានពីអគ្គស្នងការនគរបាលជាតិ។
សាច់សត្វក្រួចជាង២តោននេះ ត្រូវបានសមត្ថកិច្ចបង្រា្កបបាន នៅថ្ងៃទី៦ ទៀបភ្លឺ ខែតុលា នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ សាច់ក្រួចនេះ ត្រូវបានដឹកតាមរថយន្តកូរ៉េ Hyundai មួយគ្រឿង ដែលនាំចូលគ្មានច្បាប់អនុញ្ញាតពីប្រទេសវៀតណាម។
សមត្ថកិច្ចបានដុតកម្ទេចចោលសាច់ក្រួចទាំងនេះ បន្ទាប់ពីមានបញ្ជាពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ជាមួយគ្នានេះសមត្ថកិច្ចបាននាំខ្លួន និងបន្តនីតិវិធីច្បាប់ចំពោះអ្នកបើកបររថយន្តមួយនាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com