អន្តរជាតិ
បោះឆ្នោត​អាមេរិក​៖ បក្ស​សាធារណរដ្ឋ​បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា ឯ​ប្រជាធិបតេយ្យ​ដណ្ដើមបាន​រដ្ឋសភា​
07, Nov 2018 , 12:25 pm        
រូបភាព
​ពីរ​ឆ្នាំក្រោយ​កាន់កាប់​ដោយ​បក្ស​តែមួយ ស្ថាប័ន​នីតិបញ្ញត្តិ​របស់​អាមេរិក នឹង​ដឹកនាំ​ដោយ​បក្ស​ពីរ​វិញ​ម្ដង​។ លទ្ធផល​បថ​ម​នៃ​ការរាប់​សន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោត​ពាក់កណ្ដាល​អាណ​ត្តិ​ថ្ងៃទី​៦ ខែវិច្ឆិកា បង្ហាញថា បក្ស​សាធារណរដ្ឋ​បន្តកាន់កាប់​ព្រឹទ្ធសភា​ដដែល តែ​បាត់បង់​ការគ្រប់គ្រងរ​ដ្ឋ​សភា ដែល​ធ្លាក់​ទៅក្នុង​ដៃ​បក្ស​ប្រជាធិបតេយ្យ​វិញ ។ ការបាត់បង់​រដ្ឋសភា នឹង​ក្លាយជា​រឿង​ប្រឈម​ដ៏​ខ្លាំង​សម្រាប់​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ។​

 
​ចាប់ពីពេលនេះ​ទៅ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ទំនងជា​មិនអាច​ជិះសេះ​លែងដៃ​បាន​ទៀតហើយ​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក Fox និង NBC ផ្សាយ​ថា បក្ស​ប្រជាធិបតេយ្យ​ដណ្ដើមបាន​រដ្ឋសភា​ពី​ដៃ​បក្ស​សាធារណរដ្ឋ​ហើយ​ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ថ្ងៃទី​៦ ខែវិច្ឆិកា​។ យ៉ាងណាមិញ បក្ស​សាធារណរដ្ឋ​របស់លោក ត្រាំ នៅតែ​រំពឹងថា បន្ត​គ្រប់គ្រង​ព្រឹទ្ធសភា​អាមេរិក​ដដែល​។ 
 
​លទ្ធផល​នេះ ជាការ​បញ្ចប់​តុល្យភាព​អំណាច​របស់​អាមេរិក​ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បក្ស​សាធារណរដ្ឋ​តែមួយគត់ ក្រោយ​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០១៦ មក​នោះ​។ វា​ក៏​ជា​គំរាមកំហែង​ដល់​លោក ត្រាំ ដែល​ធ្លាប់តែ​ឆ្លងកាត់​ស្ថាប័ន​នីតិបញ្ញត្តិ​ងាយស្រួល​នាពេល​កន្លងមក​។ មានន័យថា បក្ស​ប្រជាធិបតេយ្យ អាច​ជំទាស់​គោលនយោបាយ​របស់​រដ្ឋ​បាល​លោក ត្រាំ បាន​កាន់តែ​ស្រួល និង​អាច​ត្រួតពិនិត្យ​រាល់​ទង្វើ​របស់​ប្រធានាធិបតី​រូបនេះ​ផង​។​
 
​យ៉ាងណាមិញ លទ្ធផល​នេះ នៅតែ​មិនទាន់​ក្លាយជា​ផ្លូវការ​នៅឡើយ​ទេ ខណៈ​ការរាប់​សន្លឹកឆ្នោត​កំពុង​ធ្វើឡើង​ទូទាំងប្រទេស ហើយ​មាន​រដ្ឋ​ខ្លះ​កំពុង​បន្ត​ការបោះឆ្នោត​នៅឡើយ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រជាជន​អាមេរិក​ជាច្រើន​លាន​នាក់ នាំគ្នា​សម្រុក​ទៅកាន់​ការិយាល័យ​បោះឆ្នោត និង​តម្រង់​ជួរ​វែង​អន្លាយ ដើម្បី​ជ្រើសរើស​សមាជិក​រដ្ឋសភា​ចំនួន ៤៣៥​នាក់​, សមាជិក​ព្រឹទ្ធសភា​ចំនួន​៣៥​នាក់​ក្នុងចំណោម​១០០​នាក់ និង​តំណែង​អភិបាលរដ្ឋ និង​ក្រុង​ចំនួន​៣៦​ទៀត​។​
 
​តាម​លទ្ធផល​ខាងលើ បក្ស​ប្រជាធិបតេយ្យ​នឹង​ទទួលបាន​អាសនៈ​លើស ២១៨ ដែល​ចាំបាច់​ដើម្បី​គ្រប់គ្រង​រដ្ឋសភា​ហើយ ដែល​នេះ​ជា​លើកដំបូង​តាំងពី​ឆ្នាំ​២០១០ មក​។ នៅ​ព្រឹទ្ធសភា​វិញ បក្ស​ប្រជាធិបតេយ្យ​ដណ្ដើមបាន​អាសន​ចំនួន​១៤ ក្នុងចំណោម​២៣ ដែល​បក្ស​សាធារណរដ្ឋ​ត្រូវការ​ដើម្បី​បន្ត​សំឡេង​ភាគច្រើន​របស់ខ្លួន​។ 
 
​ជាមួយគ្នានេះ អាមេរិក ក៏មាន​សមាជិក​រដ្ឋសភា​ជា​ស្ត្រី​មូស្លីម និង​អភិបាលរដ្ឋ​ប្រុស​ស្រឡាញ់​ប្រុស​លើកដំបូង​។ លោកស្រី Ilhan Omar ដែលជា​ជនភៀសខ្លួន​សូ​ម៉ាលី ជាប់ឆ្នោត​ជា​សមាជិកសភា​នៃ​បក្ស​ប្រចាំ​មណ្ឌល Minnesota ឯ​លោកស្រី Rashida Tlaib ដើមកំណើត​ប៉ា​ឡេ​ស្ទី​ន​នោះ ក៏​ជាប់ឆ្នោត​ដោយ​ស្រួល​ដែរ​។ ស្ត្រី​មូស្លីម​ទាំងពីរ​នេះ សុទ្ធតែ​មកពី​បក្ស​ប្រជាធិបតេយ្យ​។ លោក Jared Polis ក្លាយជា​អភិបាល​ប្រុស​ភេទ​ដូចគ្នា​លើកដំបូង​របស់​អាមេរិក ក្រោយ​ឈ្នះ​តំណែង​អភិបាលរដ្ឋ Colorado ៕

Tag:
 ​អាមេរិក​
  បក្ស​សាធារណរដ្ឋ​
  បក្ស​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com