កីឡាករ ឌន សៅ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម និងជើងឯកអាស៊ីអាគ្នេយ៍ បានត្រឡប់មកកាន់ទីលានសាជាថ្មី ដោយរូបគេត្រូវប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីនចន្លោះពីថ្ងៃទី៧-៩ ខែវិច្ឆិកា។ កីឡាករ១០រូបផ្សេងទៀត ក៏ត្រូវបានបញ្ជូនឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះផងដែរ ដើម្បីតេស្តសមត្ថភាពត្រៀមកីឡាស៊ីហ្គេមឆ្នាំ២០១៩ ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
ក្រោយផ្អាកអាជីពជាកីឡាករអស់រយៈពេល៣ឆ្នាំ ឌន សៅ ត្រូវបានសហព័ន្ធកីឡាចំបាប់កម្ពុជាផ្តល់ឱកាសឲ្យបង្ហាញសមត្ថភាពសាជាថ្មី តាមរយៈបញ្ជូនឲ្យចូលរួមប្រកួតប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសហ្វីលីពីន។ កត្តានេះបានធ្វើឲ្យ ឌន សៅ ដែលធ្លាប់ឈ្នះមេដាយមាសស៊ីហ្គេម និងជើងឯកអាស៊ានកន្លងមក ហាក់ព្រួយបារម្ភសម្រាប់ការចូលរួមលើកនេះ។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងទៅ ឌន សៅ បានរៀបរាប់ដូច្នេះថា៖«ការវិលមកប្រកួតជាថ្មី វាអាចមានការលំបាក ព្រោះខ្ញុំខានប្រកួតប្រមាណជា៣ឆ្នាំ ហើយខ្ញុំក៏លែងបានដឹងពីសមត្ថភាពគូប្រកួតពីមុនៗមកដែរ គឺមួយរយៈពេលនេះ ខ្ញុំបានផ្តោតខ្លាំងទៅលើតែការបង្វឹកសិស្ស មិនសូវបានហ្វឹកហាត់ខ្លួនឯងប៉ុន្មានទេ»។
ការដំឡើងទម្ងន់ប្រកួត ក៏ជាក្តីបារម្ភសម្រាប់កីឡាករទម្ងន់រូបនេះផងដែរ។ ឌន សៅ ដែលមានទម្ងន់ត្រឹម៩៧គីឡូក្រាមត្រូវបានដំឡើងទៅប្រកួតក្នុងប្រភេទទម្ងន់១២៥គីឡូក្រាមលើវិញ្ញាសាចំបាប់សេរី។ ទោះបីយ៉ាងនេះក្តី ម្ចាស់មេដាយមាសនិងសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៣រូបនេះ ប្តេជ្ញាប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីស្វែងរកលទ្ធផលមួយដ៏ល្អប្រសើរ។
ក្រៅពីប្រជែងរកមេដាយ ការប្រកួតនេះ ក៏ដើម្បីធ្វើតេស្តសមត្ថភាពរបស់គេ ដើម្បីសម្រេចចូលរួមឬមិនចូលរួមកីឡាស៊ីហ្គេមឆ្នាំ២០១៩ នៅហ្វីលីពីនផងដែរ។ ឌន សៅ អះអាងថា បើរូបគេធ្វើបានល្អក្នុងការប្រកួតនេះ នឹងបន្តចូលរួមប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីន តែបើធ្វើមិនបានល្អ ប្រហែលជាឈប់ត្រឹមការប្រកួតនេះតែម្តង។
«ការឡើងទៅប្រកួតក្នុងទម្ងន់១២៥គីឡូក្រាម ក៏ជាបញ្ហាមួយផងដែរ ដោយសារខ្ញុំមានទម្ងន់ត្រឹម៩៧គីឡូក្រាម ប៉ុន្តែខ្ញុំត្រូវតែខំប្រឹងប្រកួតឲ្យអស់ពីសមត្ថភាព ព្រោះវាជាឱកាសរបស់ខ្ញុំក្នុងការស្ទាបស្ទង់ពីកម្រិតសមត្ថភាពគូប្រកួតក្នុងទម្ងន់ធ្ងន់នេះ។ បើខ្ញុំធ្វើបានល្អក្នុងការប្រកួតនេះ ខ្ញុំនឹងបន្តទៅប្រកួតស៊ីហ្គេម តែបើខ្ញុំធ្វើមិនបានល្អ ខ្ញុំប្រហែលជាឈប់ត្រឹមការប្រកួតនេះ»។ នេះជាការលើកឡើងរបស់កីឡាករ ឌន សៅ ដែលបច្ចុប្បន្នជាគ្រូបង្វឹកយុវជនថ្នាលនៅសហព័ន្ធកីឡាចំបាប់កម្ពុជា។
ក្រៅពីកីឡាករ ឌន សៅ កីឡាករ១០រូបផ្សេងទៀត ក៏ត្រូវបានបញ្ជូនឲ្យចូលរួមប្រជែងដណ្តើមមេដាយពីព្រឹត្តិការណ៍នេះផងដែរ។ ប្រតិភូកីឡាចំបាប់កម្ពុជាក្រោមការដឹកនាំរបស់លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជាបានចាកចេញពីកម្ពុជាកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់ការចូលរួមនេះដែរ ដោយទទួលបានការឧបត្ថម្ភជាង១ម៉ឺនដុល្លារពីលោក Casey Barnett អនុប្រធានសហព័ន្ធ។
លោក ធិន វិចិត្រ រំពឹងថា អត្តពលិកកម្ពុជាពិសេសកីឡាករ ឌន សៅ នឹងទទួលបានលទ្ធផលល្អពីការប្រកួតនេះ។ ការរំពឹងខ្ពស់លើកីឡាករ ឌន សៅ ព្រោះរូបគេជាកីឡាករជើងខ្លាំងពោរពេញដោយសមត្ថភាព និងបទពិសោធក្នុងការប្រកួតលើឆាកអន្តរជាតិ។ លើសពីនេះលោកមើលឃើញថា បច្ចុប្បន្នមិនទាន់មានកីឡាករទម្ងន់ធ្ងន់រូបណាមានសមត្ថភាពដូចរូបគេនៅឡើយទេ។
កីឡាករទាំង១១រូប ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះរួមមានកីឡាករ ឌន សៅ, ហេង វុទ្ធី, ឆាំ ពិសិន, កែវ សុភ័ក្រ, ចាប សុខលី, ច្រាយ ប្រុស, កីឡាការិនី សឿន នឿន, វថ្ថា លក្ខិណា, ឌន ស្រស់, ជា កញ្ញា និង ឌិត សំណាង៕