លោក Jose Mourinho បានបញ្ចេញឥរិយាបទបែបឌឺដងដោយយកដៃដាក់នឹងទៅត្រចៀករបស់ខ្លួនដើម្បីចំអកក្រុមអ្នកគាំទ្ររបស់ Juventus បន្ទាប់ពី Manchester United អាចរកគ្រាប់បាល់តាមឈ្នះ ២-១ វិញក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គចែកពូលនៅរាត្រីថ្ងៃទី៧ ខែវិច្ឆិកា។
ក្រុមរបស់លោក Mourinho អាចរកគ្រាប់បាល់វាយបកតាមឈ្នះក្រុមរបស់លោក Massimiliano Allegri បន្ទាប់ពីការស៊ុតរបស់ Cristiano Ronaldo នៅនាទី៦៥ មុន Juan Mata ទាត់បាល់ពិន័យ (Free Kick) តាមស្មើវិញនៅនាទី៨៦។ ចូលដល់នាទី៩០ទៅហើយក្រុមភ្ញៀវ មានឱកាសទាត់ Free Kick មួយលើកទៀតដែលទាត់ដោយខ្សែការពារ Ashley Young ទៅប៉ះខ្សែការពារ Leonardo Bonucci ធ្វើឲ្យចូលទីខ្លួនឯង ចប់ការប្រកួត Man Utd ឈ្នះ Juventus ២-១។
ក្រោយបញ្ចប់ការប្រកួត អ្នកចាត់ការទូទៅបិសាចក្រហមបានបញ្ចេញអាកប្បកិរិយាឌឺដងនៅលើទីលាន ដែលធ្វើឲ្យខ្សែការពារ Leonardo Bonucci និងខ្សែប្រយុទ្ធ Paulo Dybala ដើរសំដៅទៅលោក Mourinho ដើម្បីសួរនាំដោយសម្តែងការមិនពេញចិត្ត។
បន្ទាប់ប៉ះសម្តីគ្នាបន្តិចបន្ទួចលោក Mourinho ក៏ត្រូវបានក្រុមមន្ត្រី និងបុគ្គលិករបស់ខ្លួននាំទៅកាន់បន្ទប់ក្នុងកីឡដ្ឋាន Allianz Stadium របស់ Juventus តែម្តង។
យ៉ាងណាក៏ដោយជុំវិញឥរិយាបទឌឺដងនេះ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់បានបកស្រាយថាលោកមានការគោរពចំពោះ Juventus តែលោកគ្រាន់តែប្រតិកម្មនឹងការប្រមាថពីសំណាក់ក្រុមអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះប៉ុណ្ណោះ។
«នៅក្នុងកីឡដ្ឋានដ៏ស្រស់ស្អាតរបស់អ៊ីតាលី ពួកបានជេរប្រមាថខ្ញុំពេញ៩០នាទី ហើយខ្ញុំមិនបានជេរត្រឡប់ទៅវិញផង ខ្ញុំគ្រាន់តែធ្វើរឿងតិចតួចដូច្នេះ»។ អតីតអ្នកចាត់ការ Inter Milan រូបនេះប្រាប់ BT Sport ដូច្នេះ។
Mourinho បន្ថែមថាលោកមានការគោរពដល់កីឡាកររបស់ Juventus រួមទាំងទទួលស្គាល់គុណភាពលេងរបស់ពួកគេថែមទៀត។
ចំណែកលោក Massimiliano Allegri អ្នកចាត់ការក្រុមសេះបង្កង់ក៏បានលើកឡើងជុំវិញបញ្ហានេះដែរ ដោយលោកមិនខឹងនឹង Mourinho ឡើយ។ លោកថាគ្រប់គ្នាសុទ្ធតែមានសិទ្ធិប្រតិកម្មផ្ទាល់ខ្លួនរបស់ពួកគេ ហើយលោកក៏មិនអាចនិយាយថាអ្នកណាខុសអ្នកណាត្រូវនោះដែរ។
Man Utd ដែលមាន៤ពិន្ទុក្នុងដៃ ទទួលបាន៣ពិន្ទុបន្ថែមក្រោយឈ្នះក្នុងដី Juventus ស្ថិតនៅចំណាត់ថ្នាក់ទី២ ពូល H ដដែល។ Juventus មាន៩ពិន្ទុឈរនៅកំពូលតារាង ខណៈលេខ៣ Valencia កើនដល់៥ពិន្ទុបន្ទាប់ពីឈ្នះ Young Boys ៣-១ កាលពីយប់មិញ៕
លទ្ធផលគូដទៃក្នុងក្របខណ្ឌ Champions League នេះ៖
- Group E
FC Bayern München ២-០ AEK Athens
Benfica ១-១ Ajax
- Group F
Lyon ២-២ Hoffenheim
Manchester City ៦-០ Shakhtar Donetsk
- Group G
CSKA Moscow ១-២ Roma
Viktoria Plzen ០-៥ Real Madrid
- Group H
Valencia ៣-១ Young Boys
Juventus ១-២ Manchester United