ជាតិ
សម្ដេច ស ខេង ទទួលស្គាល់ថា ការឃុំ​ជនសង្ស័យ ដែល​មិនទាន់​កាត់ទោស គឺជា​បញ្ហា​ធ្វើ​ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន
08, Nov 2018 , 12:09 pm        
រូបភាព
​ភ្នំពេញ​៖ ដោយសារតែ​ជនសង្ស័យ​មួយចំនួន ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​មុននឹង​កាត់ទោស ទើប​ធ្វើ​ឲ្យ​ពន្ធនាគារ​ចង្អៀត​ណែន និង​កង្វះ​ពន្ធនាគារ​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា ជិត​២​ម៉ោង ភាគី​ទាំងពីរ បាន​លើក​ពី​បញ្ហា​វឌ្ឍនភាព​របស់​អង្គការ​សង្គម​ស៊ីវិល ក្នុងការ​បំពេញការងា​រ​បច្ចុប្បន្ន , ការបំពេញ​ការងារ​រ​បស់​រដ្ឋាភិបាល​លើ​គណនេយ្យភាព​សង្គម ដោយ​ផ្ដោតលើ​សកម្មភាព​លើ​ការលុបបំបាត់​អំពើពុករលួយ និង​ការអនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន និង​ការឃុំខ្លួន​សង្ស័យ​នៅ​ពន្ធនាគារ​ជាដើម​។​
 
​និយាយ​ដល់​ការឃុំខ្លួន​ជនសង្ស័យ​នៅ​ពន្ធនាគារ​នេះ សម្ដេច ស ខេង បាន​ប្រាប់​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ថា បច្ចុប្បន្ន​កម្ពុជា កំពុង​ខ្វះខាត​ពន្ធនាគារ ដោយសារ​ចំនួន​អ្នកទោស និង​ជនសង្ស័យ ដែល​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​មានការ​កើនឡើង ក្រោយពី​ក្រសួងមហាផ្ទៃ បាន​អនុវត្ត​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន រយៈពេល​ជិត​២​ឆ្នាំ​មកនេះ​។​
 
​តាមរយៈ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ដែល​បាន​ស្រង់​សម្តី​សម្ដេច ស ខេង សំណេះសំណាល​ជាមួយ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត យ៉ាង​ដូច្នេះ​ថា​៖«​បញ្ហា​គ្រឿងញៀន ក៏​ជាការ​ប្រឈម​មួយ​ដែរ ក្នុងសង្គម​កម្ពុជា ព្រោះ​ថាបើ​យើង​មិន​បង្ក្រាប​គ្រឿងញៀន​ទេ គឺ​បញ្ហា​នេះ​រាលដាល​នៅក្នុង​សង្គម​យើង​។ ហើយ​ការបង្ក្រាប​នេះ វា​ចៀស​មិន​ផុត​ទេ ក្នុងការ​ចាប់ខ្លួន ឬ​ឃាត់ខ្លួន ដែល​កត្តា​នេះ វា​ជា​រឿង​មួយផ្នែក ដែល​នាំ​ឲ្យ​មានការ​ឃុំខ្លួន​មួយចំនួន​មាន​កើនឡើង នាំ​ឲ្យ​ពន្ធនាគារ​មានការ​ចង្អៀត​ណែន​»​។​
 
​ដើម្បី​ដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​នេះ រដ្ឋាភិបាល កំពុងតែ​សាងសង​ហេដ្ឋារចនាសម្ព័ន្ធ​ពន្ធនាគារ​បន្ថែម​នៅតាម​ខេត្ត ក្នុង​គោលដៅ​ធ្វើយ៉ាងណា​ជួយ​សម្រួល​បន្ទុក​ពន្ធនាគា​រ​នៅ​ភ្នំពេញ និង​ពន្ធនាគារ​ចង្អៀត​ណែន​ផ្សេងទៀត​។​«​សម្ដេច​ចង់​ឲ្យ​មាន​កិច្ចប្រជុំ​មួយ ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​ឃុំខ្លួន មុន​កាត់សេចក្តី នៃ​ចំនួន​អ្នក​ឃុំខ្លួន​កើនឡើង ដោយសារ​រង់ចាំ​ការ​កាត់សេចក្តី ដែល​នាំ​ឲ្យ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផាត សុ​ផានិត ។​
 
​ជុំវិញ​បញ្ហា​នេះ​លោកស្រី រ៉ូ​ណា​ល់ ស្មី​ត ជំរុញ​ឲ្យ​រដ្ឋាភិបាល​ព​ន្លឿ​ន​ដល់​ការដោះស្រាយ និង​កាត់សេចក្តី​ដល់​អ្នក​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដើម្បី​កាត់បន្ថយ​ការ​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី រ៉ូ​ណា​ល់ ស្មី​ត ប្រាប់​អ្នកកាសែត​មុននឹង​លើ​រថយន្ត​ដូច្នេះ​ថា លោកស្រី​បាន​និយាយ​ពី​បញ្ហា​អង្គការ​សង្គម​ស៊ីវិល និង​ការបង្ក្រាប​គ្រឿងញៀន​រប​ស់​រដ្ឋាភិបាល​កម្ពុជា រួមជាមួយ​បញ្ហា​ជាច្រើន​ទៀត ប៉ុន្តែ​លោកស្រី​មិនបាន​លើក​ពី​ករណី​លោក កឹម សុខា និយាយ​ជាមួយ​សម្ដេច ស ខេង ឡើយ​។​
 
 
​កាលពីពេល​ថ្មីៗ​នេះ អង្គការ​សង្គម​ស៊ីវិល បានចេញ​របាយការណ៍​ក្រោម​ចំណងជើង​ថា «​ពេលដែល​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​៖ បញ្ឈប់​ការឃុំខ្លួន​បណ្ដោះអាសន្ន​មិនចាំបាច់​» ដោយ​រកឃើញថា ចំនួន​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា បាន​កើន​ឡើងដល់​កម្រិត​មួយ ដែល​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ភាគច្រើន​ជា​អ្នក​ជាប់​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ​។ តួលេខ​អ្នក​ជាប់ឃុំ​ច្រើន​នេះ បង្ក​ផល​លំបាក​ដល់​អ្នក​កំពុង​ជាប់ឃុំ​ឃាំង មន្ត្រី​ពន្ធនាគារ និង​សង្គមជាតិ​។​
 
​របាយការណ៍​លីកាដូ​ដដែល បាន​បង្ហាញថា ក្នុង​ពន្ធនាគារ​ចំនួន ១៨​កន្លែង ដែល​អង្គការ​លីកាដូ បាន​ឃ្លាំមើល ក្នុងចំណោម​ពន្ធនាគារ​សរុប​២៨ កន្លែង ទូទាំងប្រទេស​នោះ បាន​រកឃើញ​អ្នក​ជាប់ពន្ធនាគារ​ច្រើនជាង​មួយ​ភាគបី គឺជា​អ្នក​ដែល​ត្រូវបាន​ឃុំខ្លួន​បណ្តោះអាសន្ន​រង់ចាំ​សវនាការ (៩.៥២៧ នាក់ ក្នុងចំណោម ២៥.៩២៦​នាក់​)​។ ហើយ​នៅក្នុង​ពន្ធនាគារ​មួយចំនួន​ផ្សេងទៀត មាន​អ្នក​ជាប់ឃុំ​ច្រើនជាង​ពាក់កណ្តាល មិនទាន់​ត្រូវបាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​នៅឡើយ​៕

Tag:
 ស ខេង​
  រ៉ូ​ណា​ល់ ស្មី​ត​
  ពន្ធនាគារ​
© រក្សាសិទ្ធិដោយ thmeythmey.com