អន្តរជាតិ
ថៃ៖ មនុស្សជំនិតត្រកូលស៊ីណាវ៉ាត់ បើកបក្សថ្មីត្រៀមប្រជែងការបោះឆ្នោត
× សម្ព័ន្ធមិត្ត និងសាច់ញាតិរបស់អតីតនាយករដ្ឋមន្ត្រីត្រកូលស៊ីណាវ៉ាត់ បានបង្កើតបក្សនយោបាយថ្មីមួយដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៩ ។ ខណៈមានបក្សភឿថៃស្រាប់ហើយនោះ ការបង្កើតបក្សថ្មីនេះ អាចជាយុទ្ធសាស្ត្ររបស់អ្នកនយោបាយដែលនៅតែមានសមានចិត្តចំពោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដើម្បីដណ្ដើមយកអាសនៈសភា និងឈានទៅដឹកនាំរដ្ឋាភិបាលនៅពេលខាងមុខ។
ការបោះឆ្នោតកាន់តែខិតជិតដល់ អ្នកនយោបាយថៃបានប្រុងប្រៀបខ្លួនដើម្បីប្រជែងកៅអីសមាជិកសភា និងការដឹកនាំរដ្ឋាភិបាល។ បក្សនយោបាយចាស់ៗ នាំគ្នាជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មី ខណៈអ្នកនយោបាយវ័យក្មេងជំនាន់ក្រោយ ក៏នាំគ្នាបង្កើតបក្សថ្មីដើម្បីប្រជែងជាមួយក្រុមយោធាកំពុងកាន់អំណាចអស់ពេលជាង៤ឆ្នាំមកហើយ។
នៅថ្ងៃទី៧ ខែវិច្ឆិកា គណបក្សថ្មីមួយទៀតក៏កើតឡើង។ គណបក្សថៃរក្សាជាតិ (Thai Raksa Chart) ប្រមូលផ្ដុំដោយបណ្ដាសម្ព័ន្ធមិត្ត និងក្មួយប្រុសស្រី អ្នកជំនាន់ក្រោយ ក៏ដូចជាមនុស្សជំនិតរបស់អតីនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ និងប្អូនស្រី យីងឡាក់ ស៊ីណាវ៉ាត់ ។ បក្សថ្មីនេះដឹកនាំដោយលោក Preechapol Pongpanich ដែលជាអតីតសមាជិកសភារបស់បក្សភឿថៃ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters ។
ការបោះឆ្នោតសភា គ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនលើករួចមក។ ទោះជាមានបក្សច្រើនគ្រោងចូលរួមមែន ការបោះឆ្នោតឆ្នាំក្រោយ ត្រូវបានគេមើលឃើញជាការប្រជែងរវាងម្ខាងក្រុមគាំទ្រយោធា និងរាជវាំងថៃ ជាមួយម្ខាងទៀតដែលស្មោះស្ម័គ្រនឹងក្រុមអាវក្រហមរបស់ត្រកូលស៊ីណាវ៉ាត់។
អ្នកជំនាញផ្នែកវិទ្យាសាស្រនយោបាយ Yuttaporn Issarachai បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការបង្កើតថ្មីបន្ថែមលើបក្សភឿថៃនេះ ជាយុទ្ធសាស្ត្រដើម្បីប្រមូលកៅអីសភាឲ្យច្រើនក្នុងការបោះឆ្នោតខែកុម្ភៈខាងមុខ។ នេះក៏ព្រោះតែច្បាប់ថ្មីដែលសរសេរដោយក្រុមយោធា បានកាត់បន្ថយចំនួនអាសននៅតាមមណ្ឌលដែលបក្សភឿថៃធ្លាប់ឈ្នះនាពេលកន្លងមក។ ដូចនេះ បើបូកកៅអីរបស់បក្សថ្មីនេះ ក្រុមមនុស្សជំនិតរបស់ត្រកូលស៊ីណាវ៉ាត់ សង្ឃឹមឈ្នះកៅអីលើស២៥០ ដើម្បីដឹកនាំរដ្ឋាភិបាលអាណត្តិក្រោយ។
ក្រៅពីរំពឹងបានកៅអីសភាថែម បក្សថ្មីនេះអាចជាផ្លូវក្រោយរបស់បក្សភឿថៃផងដែរ ដ្បិតបក្សភឿថៃកំពុងជាប់សង្ស័យពីសំណាក់ក្រុមយោធាជុំវិញការទាក់ទងជាមួយលោកថាក់ស៊ីន ហើយដែលប្រឈមមុខនឹងការរំលាយបក្សផង។ ទោះជាមានការគំរាមក្ដី អតីតបក្សកាន់អំណាចនៅតែមិនចុះចាញ់ និងរំពឹងទទួលលទ្ធផលល្អបន្តទៀត ព្រោះប្រជាប្រិយភាពរបស់ត្រកូលថាក់ស៊ីននៅតែមានក្នុងចំណោមប្រជាជនថៃដដែល៕
Tag:
ថៃ
ថាក់ស៊ីន ស៊ីណាវ៉ាត់
© រក្សាសិទ្ធិដោយ thmeythmey.com