អាមេរិក​ប្រាប់​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​កូរ៉េខាងជើង​
អន្តរជាតិ
អាមេរិក​ប្រាប់​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​កូរ៉េខាងជើង​
08, Nov 2018 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​សហរដ្ឋអាមេរិក​កំពុង​ប្រមូលផ្តុំ​ប្រទេស​នានា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​កូរ៉េខាងជើង​រហូត​ទាល់តែ​ឧបទ្វីប​កូរ៉េ​ទាំងមូល​ទទួលជោគជ័យ​ធ្វើ​មិន​ឲ្យ​មាន​នុយក្លេអ៊ែរ​ទាំងស្រុង​។​

 
​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១១​ខែវិច្ឆិកា​នៅ​ប្រទេស​សិង្ហ​បុរី រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ជំរុញ​ដល់​ប្រទេស​ទាំង​១០​ជា​សមាជិក​នៃ​សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ហៅ​កាត់​ថា អាស៊ាន មិន​ឲ្យ​បញ្ចប់​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ និង​ជំនួស​មកវិញ​នូវ​ការបន្ត​ប្រឆាំង​ទៅនឹង​លំហូរ​នៃ​ប្រាក់ចំណូល​ដែល​កូរ៉េខាងជើង​ទទួលបាន​ទៅ​ទូទាំង​តំបន់​ទាំងមូល​។​
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​បាន​ប្រាប់ VOA នាពេល​ថ្មីៗ​នេះ​ថា «​សហរដ្ឋអាមេរិក​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​នៅ​ជុំវិញ​ពិភពលោក រួមទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផងដែរ ដើម្បី​ធានា​ឲ្យ​បាន​ថា​ប្រជាជាតិ​ទាំងអស់​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​។ យុទ្ធនា​ការដាក់​សម្ពាធ​នេះ​នឹង​បន្ត​រហូត​ទាល់តែ​ឧបទ្វីប​កូរ៉េ​ទាំងមូល​គ្មាន​នុយក្លេអ៊ែរ​»​។​
 
​ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​ថា​ខ្លួន​នឹង​បន្ត​ពង្រឹង​ដាក់ទណ្ឌកម្ម​ទៅលើ​បណ្តា​ក្រុមហ៊ុន និង​បុគ្គល​នានា​ដែល​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ជាមួយនឹង​ក្រុង​ព្យុងយ៉ាង​។​
 
​អ្នកនាំពាក្យ​រូបនោះ​បាន​និយាយ​បន្តថា «​យើង​រំពឹងថា​រដ្ឋ​ជា​សមាជិក​ទាំងអស់​នឹង​អនុវត្ត​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ឲ្យ​បាន​ពេញលេញ រួមទាំង​ការហាមឃាត់​ទំនិញ​លើ​វិស័យ​មួយចំនួន​ដែល​មានចែង​នៅក្នុង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​រំពឹងថា​ប្រជាជាតិ​ទាំងអស់​ទទួលខុសត្រូវ​យ៉ាង​ហ្មត់ចត់​ក្នុង​ការជួយ​ដល់​កិច្ចប្រឹងប្រែង​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​ទាំងស្រុង​នៅលើ​ឧបទ្វីប​កូរ៉េ​ទាំងមូល​»​។​
 
​ការលើកឡើង​ដូចនេះ​ត្រូវបាន​ធ្វើឡើង​នៅ​ស្របពេល​កិច្ចពិភាក្សា​ដែល​ត្រូវ​រៀបចំឡើង​នៅ​សប្តាហ៍​នេះ​រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក Mike Pompeo និង​មន្ត្រី​កូរ៉េខាងជើង​លោក Kim Yong Chol​ក្នុង​ទីក្រុង​ញ៉ូ​វ​យ៉​ក​ត្រូវបាន​ពន្យា​ពេល​ដោយ​គ្មាន​មូលហេតុ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71002 [1] => 10 [2] => អាមេរិក​ប្រាប់​ទៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ឲ្យ​បន្ត​យុទ្ធនា​ការដាក់​សម្ពាធ​អតិបរមា​ប្រឆាំងនឹង​កូរ៉េខាងជើង​ [3] => content [4] => [5] => [6] => 62 [7] => 0 [8] => )