កីឡាអន្តរជាតិ
អន្តរជាតិ
វៀតណាម នឹងមាន​ទីលានប្រណាំង​រថយន្ត Formula One ឆ្នាំ​២០២០
08, Nov 2018 , 8:59 pm        
រូបភាព
​ព្រឹត្តិការណ៍​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក Formula One ឬ កាំជ្រួច​លើ​ផ្ទៃរាប​នៅ​ទីលាន Hanoi Grand Prix ដែល​ធ្វើឡើង​ក្នុង​ក្រុង​ហាណូយ ប្រទេស​វៀតណាម​នឹងត្រូវ​ធ្វើ​ឡើងជា​លើកដំបូង​ក្នុង​ឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​របស់ ប្រធាន​ក្រុមហ៊ុន Formula One លោក Chase Carey នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា ដែល​លោក​គ្រោង​ពង្រីក​ការប្រកួត​ជើងឯក​លំដាប់​កំពូល​នេះ​នៅលើ​ទឹកដី​អាស៊ី​។​


 
​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP វៀតណាម​បានប្រកាស​ផងដែរ​កាលពី​សប្តាហ៍​មុន ថា​ពួកគេ​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រណាំង​រថយន្ត F1 នៅក្នុង​រដ្ឋធានី​កុំម្មុយនីស្ត​របស់ខ្លួន ចាប់ពី​ខែមេសា ឆ្នាំ ២០២០ តទៅ​។ នេះ​មានន័យថា វៀតណាម នឹង​ក្លាយជា​ប្រទេស​អាស៊ីអាគ្នេយ៍​ទី​៣ ដែល​ទទួល​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​នេះ បន្ទាប់ពី​ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​
 
«​យើង​មាន​មោទនភាព​ខ្លាំងណាស់​ដែល​បានប្រកាស​ការប្រណាំង​នេះ​នៅ​ឆ្នាំ ២០២០​ខាងមុខ​» ។ លោក Carey បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដូច្នេះ​នៅ​ក្រុង​ហាណូយ និង​បញ្ជាក់ទៀតថា 
​ការសម្រេចចិត្ត​ដើម្បី​រៀបចំ​ការប្រណាំង​នៅ​ហាណូយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន Formula One ដើម្បី​ផ្លាស់ប្តូរ​ទៅកាន់​ទីផ្សារ​ថ្មី ដែល​ខ្លួន​សង្ឃឹមថានឹង​ទទួលបាន​អ្នកគាំទ្រ​ជំនាន់​ក្រោយ​ថ្មីៗ​ច្រើន​ទៀត និង​បង្កើន​ប្រាក់ចំណូល​ផងដែរ​។​


 
​ប្រធាន F1 សញ្ជាតិ​អាមេរិក​រូបនេះ លើកសរសើរ​ពី​វៀតណាម​យ៉ាងខ្លាំង និង​មាន​គម្រោង​រយៈពេល​យូរអង្វែង​ជាមួយនឹង​ប្រទេស​នេះ​ថែមទៀត​។ «​ការប្រណាំង​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការបង្កើន​វិស័យ​កីឡា​នេះ​នៅ​អាស៊ី ហើយ​ជាក់ស្ដែង​វៀតណាម​គឺជា​កម្លាំង​ជំរុញ​ដ៏​សំខាន់​សម្រាប់​កំណើន​នៅ​អាស៊ី​នេះ​»​។​
 
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រជាជន​ក្រុង​ហាណូយ ថា​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​នោះ​មាន​រយៈពេលរ​ហូល​ដល់​១០​ឆ្នាំ ហើយ​ផ្លូវ​ប្រវែង ៥,៦ គីឡូម៉ែត្រ ដោយ​រួមបញ្ចូល​ទាំង​ផ្លូវថ្នល់​ដែលមាន​ស្រាប់ និង​ត្រូវ​សាងសង់​ធ្វើជា​ទីលានប្រណាំង​នោះ​៕

Tag:
 ​ប្រណាំង​រថយន្ត​
  Formula One
  Hanoi Grand Prix
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com