AFF Suzuki Cup៖ ម៉ោង​៦:៣០​នាទី កម្ពុជា​ស្វាគមន៍​ម៉ាឡេស៊ី ក្នុង​ពូ​ល A
កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ ម៉ោង​៦:៣០​នាទី កម្ពុជា​ស្វាគមន៍​ម៉ាឡេស៊ី ក្នុង​ពូ​ល A
08, Nov 2018 , 3:32 pm        
រូបភាព
ខ្សែបម្រើ ទិត្យ ឌីណា នាជំនួប​មិត្តភាពអន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី
ខ្សែបម្រើ ទិត្យ ឌីណា នាជំនួប​មិត្តភាពអន្តរជាតិ​ជាមួយ​ម៉ាឡេស៊ី
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​ស្វាគមន៍​ក្រុម​ម៉ាឡេស៊ី សម្រាប់​ជំនួប​បើកឆាក​ពូ​ល A នៃ​ពានរង្វាន់ AFF Suzuki Cup 2018 នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ សម្រាប់​ជំនួប​បើកឆាក​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​នេះ ពុំមាន​វត្តមាន​អ្នកចាត់ការ​ទូទៅ​ក្រុម​លោក Keisuke Honda នោះទេ​។

 
​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​ទើប​ផ្លាស់ប្តូរ​អ្នកដឹកនាំ​ថ្មី​កាលពី​អំឡុង​ខែកញ្ញា ដោយមាន​លោក Keisuke Honda តារា​បាល់​បាត់​ឆ្នើម​របស់​ជប៉ុន​ជា​អ្នកចាត់ការ​ទូទៅ និង​លោក Felix Dalmas សញ្ជាតិ​អា​ហ្ស​ង់​ទីន​ជា​គ្រូបង្វឹក ត្រូវ​ប្រជែង​តទល់​ជាមួយ​ម៉ាឡេស៊ី​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​នេះ​។ នេះ​ជា​ជំនួប​បើកឆាក​ពូ​ល A ពានរង្វាន់ AFF Suzuki Cup ហើយក៏​ជាការ​ប្រកួត​បើកឆាក​សម្រាប់​ម្ចាស់ផ្ទះ​កម្ពុជា​ផងដែរ​។   
 
​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លោក Keisuke Honda សមាជិក​ក្លិប Melbourne Victory FC របស់​អូស្ត្រាលី ពុំមាន​វត្តមាន​បញ្ជាកា​រ​ប្រកួត​លើ​ទីលាន​ផ្ទាល់​ក្នុងជំនួប​ជាមួយ​ម៉ាឡេស៊ី​នោះទេ ដោយសារ​ជាប់​បំពេញភារកិច្ច​ផ្ទាល់ខ្លួន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Felix ដែល​បាន​ទាក់ទង​គ្នា​ស្ទើរ​រាល់ថ្ងៃ​តាមរយៈ​វីដេអូ Conference​។ 
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​ខាងលើ​អះអាងថា ការ​អវត្តមាន​លោក Honda ពុំមាន​ផលប៉ះពាល់​ដល់​ការប្រកួត​បើកឆាក​ពានរង្វាន់ AFF Suzuki Cup នោះ​ល្ងាច​នេះឡើយ ទោះបី​អ្នកចាត់ការ​ទូទៅ​រូបនេះ ជា​បុគ្គល​សំខាន់​សម្រាប់​ក្រុម​ក៏ដោយ​។ ជាមួយគ្នានេះ លោក​ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​លទ្ធផល​មួយ​ដ៏​ល្អប្រសើរ​សម្រាប់​អ្នកគាំទ្រ និង​ប្រជាជន​កម្ពុជា​។ 
 
«​យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុងការ​រៀបចំ ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​នេះ ហើយ​យើង​នឹង​ព្យាយាម​ស្វែងរក​លទ្ធផល​ល្អប្រសើរ​មួយ សម្រាប់​ការប្រកួត​បើកឆាក​នៅក្នុង​ដី​។ យើង​បាន​រៀន​យ៉ាងច្រើន​ពី​ជំនួប​ជាមួយ​ម៉ាឡេស៊ី​កន្លងទៅ ដែលជា​ការប្រកួត​ដ៏​អស្ចារ្យ​។ យើង​បាន​រៀន​ពី​កំហុស​និង​កែប្រែ​សម្រាប់​ជំនួប​ថ្ងៃនេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Felix​។ 
 
​នា​ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ខែតុលា​កន្លងទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក Honda បាន​ប្រកួត​ចាញ់​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ៣-១​។ បើតាម​ប្រវត្តិ​ជួបគ្នា​កន្លងមក​កម្ពុជា​ពុំដែល​យកឈ្នះ​ក្រុម​ម៉ាឡេស៊ី​នោះទេ​។​
 
​ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup នេះ កម្ពុជា ធ្លាប់​ជួប​ម៉ាឡេស៊ី ២​លើក ដោយ​ចាញ់​ក្នុង​លទ្ធផល ៣-២ ទាំង​ពីរលើក ពោលគឺ​នៅ​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៦ ។ កាលពី​ពីរ​ឆ្នាំមុន ចាន់ វឌ្ឍនាកា បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំងពីរ​គ្រាប់ ខណៈ សឿ​យ វិសាល​, ប្រាក់ មុនី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, សុះ ស៊ូ​ហា​ណា​, ឈិន ឈឿន និង​ទិ​ត្យ ឌី​ណា ក៏បាន​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​នោះដែរ​។​

​ជម្រើស​២៣​នាក់​កម្ពុជា​៖
 
​អ្នកចាំទី​៖ អ៊ុំ វិចិត្រ​, កែវ សុខ​សិលា​, ជា វណ្ណ​សាក់​
 
​ខ្សែការពារ ៖ នេន សុធា​រដ្ឋ​, សឿ​យ វិសាល​, សាត់ រ៉​ស៊ី​ប​, សារ៉េត គ្រី​យ៉ា​, សរ ពិសិដ្ឋ​, ហុង ផេង​, ឆេង ម៉េង​
 
​ខ្សែបម្រើ​៖ ប៊ិន ចន្ថា​ធា​រី​, ប្រាក់ ធី​វ៉ា​, សុះ ស៊ី​ហា​ណា​, គួច សុគ​ម្ភៈ​, ទិ​ត្យ ឌី​ណា​, អន ចាន់​ប៉ូ​លីន​, គួច ដា​នី​, ឈិន ឈឿន​
 
​ខ្សែប្រយុទ្ធ​៖ រ៉ឹង ប៊ុន​ហៀ​ង​, ប្រាក់ មុនី​ឧ​ត្ត​ម​, កែវ សុខ​ផេង​, ចាន់ វឌ្ឍនាកា​, ស៊ិន កក្កដា​។​
 
​ជម្រើស​២៣​នាក់​ម៉ាឡេស៊ី​៖
 
​អ្នកចាំទី​៖ Farizal Marlias, Khairul Fahmi Che Mat, Hafizul Hakim
 
​ខ្សែការពារ​៖ Aidil Zafuan, Irfan Zakaria, Syazwan Andik, Adam Nor Azlin, Syahmi Safari, Amirul Aznan, Shahrul Saad, Nazirul Naim Che Hashim
 
​ខ្សែបម្រើ​៖ Syazwan Zainon, Kenny Pallraj, Safawi Rasid, Syamer Kutty Abba, Akhyar Rashid, Akram Mahinan, Mohamadou Sumareh
 
​ខ្សែប្រយុទ្ធ​៖ Zaquan Adha, Norshahrul Idlan Talaha, Ahmad Hazwan, Syafiq Ahmad, Shahrel Fikri Fauzi៕
 

Tag:
 ​បាល់ទាត់​
  AFF Suzuki Cup
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 71008 [1] => 31,9 [2] => AFF Suzuki Cup៖ ម៉ោង​៦:៣០​នាទី កម្ពុជា​ស្វាគមន៍​ម៉ាឡេស៊ី ក្នុង​ពូ​ល A [3] => content [4] => [5] => ​បាល់ទាត់​, AFF Suzuki Cup, Keisuke Honda [6] => 69 [7] => 0 [8] => )