ក្រុមកីឡាករជម្រើសជាតិកម្ពុជាត្រូវបើកទ្វារពហុកីឡដ្ឋានជាតិស្វាគមន៍ក្រុមម៉ាឡេស៊ី សម្រាប់ជំនួបបើកឆាកពូល A នៃពានរង្វាន់ AFF Suzuki Cup 2018 នៅម៉ោង៦:៣០នាទីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់ជំនួបបើកឆាកក្នុងនាមជាម្ចាស់ផ្ទះនេះ ពុំមានវត្តមានអ្នកចាត់ការទូទៅក្រុមលោក Keisuke Honda នោះទេ។
ក្រុមជម្រើសជាតិកម្ពុជា ដែលទើបផ្លាស់ប្តូរអ្នកដឹកនាំថ្មីកាលពីអំឡុងខែកញ្ញា ដោយមានលោក Keisuke Honda តារាបាល់បាត់ឆ្នើមរបស់ជប៉ុនជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas សញ្ជាតិអាហ្សង់ទីនជាគ្រូបង្វឹក ត្រូវប្រជែងតទល់ជាមួយម៉ាឡេស៊ីនៅម៉ោង៦:៣០នាទីល្ងាចនេះ។ នេះជាជំនួបបើកឆាកពូល A ពានរង្វាន់ AFF Suzuki Cup ហើយក៏ជាការប្រកួតបើកឆាកសម្រាប់ម្ចាស់ផ្ទះកម្ពុជាផងដែរ។
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជាលោក Keisuke Honda សមាជិកក្លិប Melbourne Victory FC របស់អូស្ត្រាលី ពុំមានវត្តមានបញ្ជាការប្រកួតលើទីលានផ្ទាល់ក្នុងជំនួបជាមួយម៉ាឡេស៊ីនោះទេ ដោយសារជាប់បំពេញភារកិច្ចផ្ទាល់ខ្លួន។ នេះបើតាមការបញ្ជាក់របស់លោក Felix ដែលបានទាក់ទងគ្នាស្ទើររាល់ថ្ងៃតាមរយៈវីដេអូ Conference។
គ្រូបង្វឹកអាហ្សង់ទីនខាងលើអះអាងថា ការអវត្តមានលោក Honda ពុំមានផលប៉ះពាល់ដល់ការប្រកួតបើកឆាកពានរង្វាន់ AFF Suzuki Cup នោះល្ងាចនេះឡើយ ទោះបីអ្នកចាត់ការទូទៅរូបនេះ ជាបុគ្គលសំខាន់សម្រាប់ក្រុមក៏ដោយ។ ជាមួយគ្នានេះ លោកប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការស្វែងរកលទ្ធផលមួយដ៏ល្អប្រសើរសម្រាប់អ្នកគាំទ្រ និងប្រជាជនកម្ពុជា។
«យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការរៀបចំ ដើម្បីត្រៀមការប្រកួតផ្លូវការនេះ ហើយយើងនឹងព្យាយាមស្វែងរកលទ្ធផលល្អប្រសើរមួយ សម្រាប់ការប្រកួតបើកឆាកនៅក្នុងដី។ យើងបានរៀនយ៉ាងច្រើនពីជំនួបជាមួយម៉ាឡេស៊ីកន្លងទៅ ដែលជាការប្រកួតដ៏អស្ចារ្យ។ យើងបានរៀនពីកំហុសនិងកែប្រែសម្រាប់ជំនួបថ្ងៃនេះ»។ នេះជាការលើកឡើងរបស់លោក Felix។
នាការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានជាតិកាលពីខែតុលាកន្លងទៅក្រុមជម្រើសជាតិកម្ពុជាក្រោមការបញ្ជាដោយផ្ទាល់ពីលោក Honda បានប្រកួតចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។ បើតាមប្រវត្តិជួបគ្នាកន្លងមកកម្ពុជាពុំដែលយកឈ្នះក្រុមម៉ាឡេស៊ីនោះទេ។
ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup នេះ កម្ពុជា ធ្លាប់ជួបម៉ាឡេស៊ី ២លើក ដោយចាញ់ក្នុងលទ្ធផល ៣-២ ទាំងពីរលើក ពោលគឺនៅឆ្នាំ២០០០ និងឆ្នាំ២០១៦ ។ កាលពីពីរឆ្នាំមុន ចាន់ វឌ្ឍនាកា បានស៊ុតបាល់បញ្ចូលទីទាំងពីរគ្រាប់ ខណៈ សឿយ វិសាល, ប្រាក់ មុនីឧត្តម, កែវ សុខផេង, សុះ ស៊ូហាណា, ឈិន ឈឿន និងទិត្យ ឌីណា ក៏បានបង្ហាញខ្លួនក្នុងការប្រកួតនោះដែរ។
ជម្រើស២៣នាក់កម្ពុជា៖
អ្នកចាំទី៖ អ៊ុំ វិចិត្រ, កែវ សុខសិលា, ជា វណ្ណសាក់
ខ្សែការពារ ៖ នេន សុធារដ្ឋ, សឿយ វិសាល, សាត់ រ៉ស៊ីប, សារ៉េត គ្រីយ៉ា, សរ ពិសិដ្ឋ, ហុង ផេង, ឆេង ម៉េង
ខ្សែបម្រើ៖ ប៊ិន ចន្ថាធារី, ប្រាក់ ធីវ៉ា, សុះ ស៊ីហាណា, គួច សុគម្ភៈ, ទិត្យ ឌីណា, អន ចាន់ប៉ូលីន, គួច ដានី, ឈិន ឈឿន
ខ្សែប្រយុទ្ធ៖ រ៉ឹង ប៊ុនហៀង, ប្រាក់ មុនីឧត្តម, កែវ សុខផេង, ចាន់ វឌ្ឍនាកា, ស៊ិន កក្កដា។
ជម្រើស២៣នាក់ម៉ាឡេស៊ី៖
អ្នកចាំទី៖ Farizal Marlias, Khairul Fahmi Che Mat, Hafizul Hakim
ខ្សែការពារ៖ Aidil Zafuan, Irfan Zakaria, Syazwan Andik, Adam Nor Azlin, Syahmi Safari, Amirul Aznan, Shahrul Saad, Nazirul Naim Che Hashim
ខ្សែបម្រើ៖ Syazwan Zainon, Kenny Pallraj, Safawi Rasid, Syamer Kutty Abba, Akhyar Rashid, Akram Mahinan, Mohamadou Sumareh
ខ្សែប្រយុទ្ធ៖ Zaquan Adha, Norshahrul Idlan Talaha, Ahmad Hazwan, Syafiq Ahmad, Shahrel Fikri Fauzi៕