អន្តរជាតិ
តៃវ៉ាន់ ដាក់ប្រើប្រាស់«នាវាចម្បាំង»ពីរគ្រឿងទិញពីអាមេរិកដើម្បីទប់ទល់ចិន
× ប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃទី៨ ខែវិច្ឆិកា បានដាក់ឲ្យប្រើប្រាស់នាវាចម្បាំងពីរគ្រឿងដែលទិញពីអាមេរិក ដើម្បីលើកកម្ពស់សមត្ថភាពកងទ័ពជើងទឹករបស់ខ្លួន។ ជាមួយនឹងវត្តមាននាវាចម្បាំងនេះ លោកស្រី Tsai ប្រកាសមិនដកខ្លួនមួយជំហានឡើយក្នុងការការទឹកដីតៃវ៉ាន់ ខណៈចិននៅតែចិញ្ចឹមចិត្តចង់បានកោះនេះមកគ្រប់គ្រងដដែល ហើយក៏រឹតតែមិនរអានឹងប្រើកម្លាំងយោធាដើម្បីវាយដណ្ដើមតៃវ៉ាន់ដែរ។
«យើងចង់ផ្ញើសារដ៏ច្បាស់ និងមុតមាំពីប្រជាជនតៃវ៉ាន់ទៅកាន់ពិភពលោកថា យើងនឹងមិនថយមួយជំហានក្នុងការពារតៃវ៉ាន់ និងការពារជីវិតដែលមានសេរីភាព និងប្រជាធិបតេយ្យរបស់យើង»។ នេះជាការប្រកាសរបស់ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen នៅថ្ងៃទី៨ ខែវិច្ឆិកា ក្នុងពិធីដាក់ឲ្យនាវាចម្បាំងថ្មីពីរគ្រឿងក្នុងជួរកងទ័ពជើងទឹករបស់ដែនកោះមួយនេះ។ នាវាប្រដេញថ្មីនេះជាផលិតផលរបស់អាមរិកធុន Perry ។
ពីមូលដ្ឋានទ័ពជើងទឹក Zuoying លោកស្រី Tsai បាននិយាយរិះគន់ចំៗសកម្មភាពរបស់យោធាចិនក្នុងតំបន់ដែលមានគោលដៅបំបាក់អធិបតេយ្យរបស់តៃវ៉ាន់ និងបំផ្លាញសន្តិភាព និងស្ថិរភាពតំបន់ផង។ បើតាមទីភ្នាក់ងារព័ត៌មាន AFP មេដឹកនាំដែលមាននិន្នាការប្រកាសឯករាជ្យរូបនេះក៏ប្រកាស បង្កើនសមត្ថភាពយោធាជើងទឹកតៃវ៉ាន់បន្ថែមទៀត ដែលវាជាផ្នែកមួយនៃគោលដៅការពារ និងកំញើញសត្រូវរបស់តៃវ៉ាន់។
ក្នុងន័យអួតសរសើរនាវាថ្មី មេបញ្ជាការទ័ពជើងទឹកតៃវ៉ាន់ Lee Chung-hsiao ធ្លាប់និយាយថា សមត្ថភាពប្រឆាំងនាវាមុជទឹករបស់នាវានេះ គឺខ្លាំងជាងនាវាចម្បាំងធុន Cheng Kung ទាំង៨គ្រឿងដែលកំពុងធ្វើប្រតិបត្តិការសព្វថ្ងៃ។ សម្រាប់មេទ័ពរូបនេះ នាវាចម្បាំងក៏អាចធ្វើឲ្យកម្លាំងយោធាចិនខ្លាចរអាផងដែរ។ កងទ័ពជើងទឹកតៃវ៉ាន់ប្រកាសថា នាវាទាំងពីរនឹងពង្រាយនៅច្រកសមុទ្រតៃវ៉ាន់ចន្លោះចិន និងកោះតៃវ៉ាន់។
នាវាចម្បាំងពីរគ្រឿងនេះ ជាផ្នែកតូចមួយនៃសព្វាវុធដ៏ច្រើនដែលតៃវ៉ាន់ចំណាយលុយទិញពីអាមេរិក។ មជ្ឈមណ្ឌលអាមេរិកនៅតៃវ៉ាន់ (AIT) ដែលដើរតួជាស្ថានទូតអាមេរិកប្រចាំតៃវ៉ាន់ និយាយថា ការលក់អាវុធរបស់អាមេរិក នឹងជួយពង្រឹងសមត្ថភាពការពារខ្លួនរបស់ក្រុងតៃប៉ិទាំងពេលបច្ចុប្បន្ន និងអនាគត ក៏ដូចជាជួយថែរក្សាស្ថិរភាពតំបន់ផង។
ទោះជាគ្មានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ក្ដី អាមេរិកគឺជាខ្នងបង្អែកដ៏រឹងមាំរបស់តៃវ៉ាន់ជាយូរមកហើយ។ មួយឆ្នាំៗ អាមេរិកលក់អាវុធយុទ្ធភណ្ឌក្នុងទំហំទឹកប្រាក់រាប់រយលានដុល្លារទៅឲ្យតៃវ៉ាន់ដើម្បីការពារខ្លួន ខណៈចិនបានបង្កើនសមត្ថភាពយោធារបស់ខ្លាំងជាលំដាប់។ កាលពីខែកញ្ញា ក្រុងវ៉ាស៊ីនតោនធ្វើឲ្យក្រុងប៉េកាំងក្ដៅស្លឹកត្រចៀក បន្ទាប់ពីយល់ព្រមលក់អាវុធឲ្យតៃវ៉ាន់៣៣០លានដុល្លារទៀត៕
Tag:
តៃវ៉ាន់
អាមេរិក
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com