អន្តរជាតិ
លទ្ធផលបោះឆ្នោតអាមេរិក មានឥទ្ធិពលឬទេទៅលើសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន?
× ក្រោយពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិកថ្ងៃទី៦ ខែវិច្ឆិកា បក្សប្រជាធិតេយ្យបានដណ្តើមកាន់កាប់សភាតំណាងឡើងវិញ ក្រោយពីបាត់បង់ក្រោមអាណត្តិរបស់លោកអូប៉ាម៉ាកាលពីឆ្នាំ២០១០ ខណៈបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅរក្សាអំណាចរបស់ខ្លួនក្នុងព្រឹទ្ធសភាដដែល។ អ្នកជំនាញយល់ឃើញថា ការផ្លាស់ប្តូរក្នុងអំណាចនិតិបញ្ញាតិ្តរបស់អាមេរិកបែបនេះ នឹងបង្កើតការប្រែប្រួលយ៉ាងខ្លាំងទៅលើការសម្រេចចិត្តរបស់លោក ត្រាំ ជុំវិញបញ្ហាក្នុងស្រុក ។ ប៉ុន្តែលទ្ធផលនេះដែរ ពុំមានឥទ្ធិពលខ្លាំងនោះឡើយ សម្រាប់គោលនយោបាយពាណិជ្ជកម្មគាំពារនិយមរបស់រដ្ឋបាលលោក ត្រាំ ជាមួយចិន។
បើទោះបីជាបក្សសាធារណរដ្ឋបាត់បង់សភាតំណាងទៅឲ្យបក្សប្រជាធិបតេយ្យក្តី លទ្ធផលនេះទំនងជាមិនផ្លាស់ប្តូរជំហររបស់រដ្ឋបាលលោក ត្រាំ ចំពោះគោលនយោបាយពាណិជ្ជកម្មជាមួយក្រុងប៉េកាំងនោះឡើយ។ យ៉ាងណាមិញ វានឹងបង្កជាបញ្ហាប្រឈមដល់ការសម្រេចចិត្តរបស់លោកត្រាំ ក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា ការចំណាយយោធា និងការកាត់បន្ថយពន្ធសម្រាប់វិនិយោគិនបរទេសជាដើម។
ត្រង់នេះសារព័ត៌មាន CNBC បានស្រង់សម្តីរបស់ក្រុមអ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ RBC Capital Markets ក្នុងប្រទេសកាណាដាថា៖ «ការមិនប្រែប្រួលបែបនេះគឺដោយសារតែ សភាអាមេរិកពុំមានតួនាទីផ្ទាល់ណាមួយ ទៅលើគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋបាលលោកត្រាំនោះទេ។ ហើយការិយាល័យប្រធានាធិបតី មានអំណាចធំធេងក្នុងការធ្វើសកម្មភាពនេះដោយឯកតោភាគី ដែលនេះមានន័យថា ប្រធានាធិបតីនៅតែអាចបន្តរបៀបវារៈពាណិជ្ជកម្មរបស់លោកដដែល»។
ទន្ទឹមនឹងនេះ លោក Edward Alden សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាសម្រាប់ទំនាក់ទំនងអន្តរជាតិ បានប្រាប់កាសែត Financial Post ថា បក្សប្រជាធិបតេយ្យនឹងគាំទ្រយ៉ាងពេញទំហឹងលើរបៀបវារៈប្រឆាំងចិនរបស់លោក ត្រាំ ប្រសិនបើវាមិនទាន់បង្ហាញច្បាស់ថា សង្គ្រាមពាណិជ្ជកម្មដែលកំពុងឆាបឆេះនេះ ចាប់ផ្តើមបង្កការខូចខាតធ្ងន់ធ្ងរដល់សេដ្ឋកិច្ចអាមេរិកទេនោះ។
បន្ថែមពីនេះ លោក Shi Yinhong សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិនៃសកលវិទ្យាល័យ Renmin ក្នុងទីក្រុងប៉េកាំង បានគូសបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ នឹងដាក់គំនាបបន្ថែមកាន់តែខ្លាំង ទៅលើរដ្ឋាភិបាលចិន ទាំងផ្នែកពាណិជ្ជកម្ម, សន្តិសុខ និងការទូត។ បើតាមសារព័ត៌មាន Korea Times លោក Yinhong ក៏បានកត់សម្គាល់ផងដែរថា លោកពុំទាន់មើលឃើញការផ្លាស់ប្តូរសំខាន់ណាមួយ ដែលអាចនឹងកើតឡើង ក្នុងគោលនយោបាយចិនរបស់ក្រុងវ៉ាស៊ីនតោននោះឡើយ។
យ៉ាងណាមិញ លោក ត្រាំ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា បានអះអាងថា ពាណិជ្ជកម្មជាផ្នែកមួយដែលលោកសង្ឃឹមថា បក្សសាធារណរដ្ឋអាចធ្វើការជាមួយបក្សប្រជាធិបតេយ្យបាន។ ត្រង់នេះ លោកត្រាំ បានបញ្ជាក់បែបនេះ៖ «យើងនឹងមិនបណ្តោយឲ្យក្រុមហ៊ុនរបស់យើង បាត់បង់ទៅឲ្យបណ្តាប្រទេសផ្សេងៗទៀតនោះទេ។ នេះជាពេលល្អបំផុតសម្រាប់សមាជិកនៃបក្សទាំងពីររួមដៃគ្នា ដោយទុកការខ្វែងគំនិតគ្នាមួយឡែក និងប្រឹងប្រែងជំរុញសេដ្ឋកិច្ចដ៏អស្ចារ្យរបស់អាមេរិកកាន់តែខ្លាំងឡើងៗ»៕
Tag:
លទ្ធផលបោះឆ្នោតអាមេរិក
សង្គ្រាមពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com