ជាតិ
រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ សាទរ​ប្រជាជន​កម្ពុជា​នាឱកាស​ខួប​ឯករាជ្យ​លើក​ទី ៦៥
08, Nov 2018 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​អបអរសាទរ​ប្រជាជន​កម្ពុជា​ក្នុងការ​ឱកាស​នៃ​ការរៀបចំ​ខួប​លើក​ទី ៦៥ នៃ​បុណ្យ​ឯករាជ្យ​ជាតិ​ថ្ងៃ ៩ ខែវិច្ឆិកា​។ 


 
«​តំណាង​ឲ្យ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខ្ញុំ​សូម​អបអរសាទរ​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ខួប​លើក​ទី ៦៥ នៃ​បុណ្យ​ឯករាជ្យ​ថ្ងៃ​៩​ខែ វិ​ច្ឆ​កា​»​។ នេះ​ជាស​ម្តី​របស់​ប្រមុខ​ការទូត​អាមេរិក​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ ៧ ខែវិច្ឆិកា​។​
 
​ក្រៅពី​អបអរសាទរ​ថ្ងៃបុណ្យ​ឯករាជ្យ​កម្ពុជា ប្រមុខ​ការទូត​អាមេរិក ប៉ុ​ម​ប៉េ​អូ បានកត់សម្គាល់​ផងដែរ​ពី​មិត្តភាព​រឹងមាំ​រវាង​ប្រជាជន​កម្ពុជា និង​អាមេរិក​ដែល​នាំ​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​ទាំងពីរ​នោះ​។​
 
​ទាក់ទិន​នឹង​ចំណុច​នេះ លោក ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា រៀងរាល់ឆ្នាំ ភ្ញៀវទេសចរ​អាមេរិក​យ៉ាងតិច ១៧ ម៉ឺន​នាក់​បន្ត​មក​ស្គាល់​សម្រស់ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​តាម​រយៈ​ដំណើរ​កម្សាន្ត​របស់​ពួកគេ​។  លើសពីនេះ​ទៀត លោក​ក៏បាន​កោតសរសើរ​ពី​ការរួមចំណែក​យ៉ាង​ក្រាស់ក្រែល​របស់​សហគម​ន៍​ប្រជាជន​អាមេរិក​ដើមកំណើត​កម្ពុជា​ក្នុងសង្គម​អាមេរិក​។​
​ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បន្ថែមថា អាមេរិក​ក៏​ចែករម្លែក​ក្តីសង្ឃឹម​របស់ខ្លួន​ជាមួយ​កម្ពុជា​ចំពោះ​ការអភិវឌ្ឍ​ទៅមុខ​នៃ​សង្គម​មួយ​ដែលមាន​សេរីភាព ប្រ​ធិបតេយ្យ យុត្តិធម៌ និង​វិបុលភាព​ផងដែរ​។ 
 
​កម្ពុជា​ទទួលបាន​ឯករាជ្យ​ទាំងស្រុង​ពី​ម្ចាស់​អាណានិគម​បារាំង​ថ្ងៃ ៩ ខែវិច្ឆិកា​ក្នុង​ឆ្នាំ ១៩៥៣ ក្រោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​បារាំង​អស់ ៩០​ឆ្នាំ​។  
​សូមបញ្ជាក់ថា កម្ពុជា និង​សហរដ្ឋអាមេរិក​បា​នប​ង្កើ​ត​ទំនាក់ទំនង​ការទូត​រួមគ្នា​តាំងពី​ឆ្នាំ ១៩៥០ មកម្ល៉េះ​។ ចាប់ពី​ការបោះឆ្នោត​ឆ្នាំ ១៩៩៣ មក​ទំនាក់ទំនង​រវាង​ប្រជាជាតិ​ទាំងពីរ​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ជាពិសេស​ចំណង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​៕ 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាមេរិក​
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com