ជាតិ
សម្ដេច ហ៊ុន សែន៖ «ឥឡូវដីឡើងថ្លៃគ្រប់កន្លែង ប៉ុន្តែអ្នកខ្លះជេរខ្ញុំទៅវិញ»
× ភ្នំពេញ៖ បច្ចុប្បន្ននេះដីធ្លីស្ទើគ្រប់កន្លែង នៅក្នុងប្រទេសកម្ពុជា កំពុងឡើងថ្លៃយ៉ាងគំហុក គួរឲ្យកត់សម្គាល់។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានដឹងពីបញ្ហាដីធ្លីឡើងថ្លៃនេះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន យល់ថា ការឡើងថ្លៃនៃអចលនទ្រព្យដីធ្លីនេះ វាហាក់គ្មានអ្វី ដែលគួរឲ្យព្រួយបារម្ភឡើយ ។
បញ្ហាដីឡើងថ្លៃនេះ កើតចេញពីគោលនយោបាយរដ្ឋាភិបាល ដែលបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ទៅកាន់តំបន់នីមួយៗ ក្នុងប្រទេស ក្រោយពីបញ្ចប់ភ្លើងសង្គ្រាម។ វាជាផលវិជ្ជមានទៅវិញទេ ដែលអាចជំរុញឲ្យពលរដ្ឋធូរធារ និងក្លាយជាអ្នកមានបាន ដោយសារវិស័យអចលនទ្រព្យដីធ្លី។ នេះជាការយល់ឃើញរបស់សម្ដេច ហ៊ុន សែន។
សម្រាប់សម្ដេច ហ៊ុន សែន អចលនទ្រព្យដីធ្លីឡើងថ្លៃ វាជារឿងមួយល្អ ប៉ុន្តែបែរជាមានមនុស្សមួយចំនួន ជេរសម្ដេចទៅវិញ ដោយសារបញ្ហាដីឡើងថ្លៃនេះ។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ត្រី៖
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ៤០៨នាក់ នៅព្រឹកនេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«បើខ្ញុំមិនរំលត់ភ្លើងសង្គ្រាមទេ អស់លោកក៏មិនអាចមានសន្តិភាព ហើយប្រើប្រាស់ដីធ្លីនោះ បានដែរ។ ហើយបើខ្ញុំមិនដឹកនាំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទៅកាន់តំបន់នោះ ដីរបស់អស់លោក នៅតែអត់មានតម្លៃអ៊ីចឹង។ ប៉ុន្តែឥឡូវដីគ្រប់កន្លែងឡើងថ្លៃទាំងអស់ តែអ្នកខ្លះជេរខ្ញុំទៅទៀត (ដី)ឡើងថ្លៃដោយសារអាចង្រៃហ្នឹង»។
កន្លងមកមានពលរដ្ឋមួយចំនួន ព្រួយបារម្ភពីបញ្ហាដីធ្លីឡើងថ្លៃនេះ ដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធភាពរបស់ពួកគេ។ សម្រាប់អ្នកវិភាគ ការព្រួយបារម្ភរបស់ពលរដ្ឋនេះ គឺជារឿងត្រឹមត្រូវ ព្រោះបើដី ឬអចលនទ្រព្យ ឡើងថ្លៃខ្ពស់ពេកនោះ ពលរដ្ឋដែលមានជីវភាពខ្វះខាតបច្ចុប្បន្ន នឹងកាន់តែពិបាកក្នុងការទិញនាពេលអនាគត ហើយវានឹងបង្ហាញពីរូបភាពពលរដ្ឋក្រីក្រទៅវិញ។ បើតាមអ្នកវិភាគ បញ្ហាដីឡើងថ្លៃ វាជារឿងមួយពិបាកទប់ស្កាត់ ហើយក៏មិនអាចបន្ទោសទៅនរណាម្នាក់បានដែរ ព្រោះវាជាសត្យានុម័តសេដ្ឋកិច្ច។ ប៉ុន្តែអ្វីដែលរដ្ឋាភិបាល អាចដោះស្រាយបាននោះ គឺការរៀបចំយន្តការសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ក្នុងតម្លៃសមរម្យ ឬតម្លៃទាប ដើម្បីជួយដល់លទ្ធភាពជីវភាពរបស់ពួកគេ៕
Tag:
ហ៊ុន សែន
អចលនទ្រព្យ
ដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com