ដោយ៖ Matias Andres
ថ្ងៃសុក្រ ទី៩ ខែវិច្ឆិកានេះ ដែលចំថ្ងៃនៃការប្រារព្ធទិវាឯករាជ្យជាតិ កីឡាករកម្ពុជានឹងមានវត្តមានលើសង្វៀនក្បាច់គុនពិភពលោកសម្រាប់ព្រឹត្តិការណ៍ ONE: HEART OF THE LION នៅកីឡដ្ឋានក្នុងប្រទេសសិង្ហបុរី។
ជើងខ្លាំងកំពូលៗពីទូទាំងពិភពលោកចំនួន ១៤គូ នឹងបញ្ចេញសមត្ថភាពតំណាងឲ្យប្រទេសរបស់ពួកគេរៀងៗខ្លួនដើម្បីដណ្តើមយកខ្សែក្រវាត់ Bantamweight World Unification Championship។
ខាងក្រោមជាហេតុផលបីយ៉ាងដែលកម្ពុជាត្រូវតាមដានថ្ងៃសុក្រនេះ៖
មាស ម៉ើ នឹងលើកទង់ជាតិកម្ពុជា
មាស ម៉ើ ជើងឯកក្នុងកម្មវិធី Khmer Warrior Challenge រដូវកាលទី២ នឹងឡើងសង្វៀនតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា។ ជើងខ្លាំងមកពីខេត្ដកំពង់ធំ ត្រូវចូលវៃក្នុងទ្រុង ប្រភេទទម្ងន់ស្រាលជាមួយកីឡាករពីរសាសន៍ Anthony Engelen។
អ្នកលេងយូដូកម្ពុជារូបនេះ បានចាប់ផ្តើមអាជីពរបស់គាត់ដោយទទួលជ័យជម្នះលើសង្វៀនប្រយុទ្ធ ៥ ដងជាប់ៗគ្នា ប៉ុន្តែអំឡុងឆ្នាំ ២០១៨ នេះគាត់ដូចជាតឹងតែងបន្តិច។ ប្រសិនបើគាត់អាចយកឈ្នះលើអតីតជើងឯកទម្ងន់ស្រាល Engelen បាននោះ គាត់នឹងអាចស្តារកេរ្តិ៍ឈ្មោះមកវិញជាមិនខាន។ គាត់ធ្លាប់បានផ្តួលគូរប្រកួត ៩ដង ក្នុងការប្រកួត ១១ដងរួចមកហើយនោះ នឹងអង្រួនចក្ខុអ្នកទស្សនាក៏ដូចជាជនរួមជាតិឲ្យហ៊ោកញ្ជ្រាវពេញឆាក។
វត្តមានម្ចាស់ខ្សែក្រវាត់ពិភពលោកជាច្រើនបង្ហាញមុខ
កន្លងមក ចាន់ រតនា ត្រៀមចូលប្រកួតក្នុងទ្រុងវិញសម្រាប់ថ្ងៃសុក្រនេះ ប៉ុន្តែគួរឲ្យស្តាយការប្រកួតរបស់គាត់ត្រូវបានលុបចោលតែប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ។
អ្នកគាំទ្រនឹងមិនខកបំណងទេ ពីព្រោះ ONE ទើបប្រកាសថាអ្នកប្រដាល់ជើងខ្លាំង Demetrious
Johnson និង Eddie Alvarez ដែលទើបចុះកុងត្រាជាមួយONE Championship ថ្មីៗនេះ នឹងបង្ហាញមុខធ្វើសន្និសិទកាសែតជាផ្លូវការ។ អតីតម្ចាស់ជើងឯក UFCទាំងពីរ នឹងឡើងប្រកួតគ្នាប្រភេទទម្ងន់ស្រាលជាងគេរបស់ ONE Championship។
ម្ចាស់ខ្សែក្រវាត់ពិភពលោក ប៉ះជាមួយម្ចាស់ក្រវាត់ពិភពលោក
គូរប្រកួតសំខាន់ប្រចាំកម្មវិធី គឺម្ចាស់ខ្សែក្រវាត់ពិភពលោក Bibiano Fernandes នឹងឡើងអង្រួនសង្វៀនម្តងទៀតជាមួយម្ចាស់ខ្សែក្រវាត់(បណ្តោះអាសន្ន) Kevin Belingon។ រយៈពេល ៨ឆ្នាំនេះ Fernandes ទទួលបានឈ្នះ ១៤លើកផ្ទួនៗគ្នាមិនទាន់ចាញ់សូម្បីតែម្តង រាប់បញ្ចូលទាំងការប្រយុទ្ធជាមួយ Kevin កាលពីខែមករា ឆ្នាំ២០១៦ ធ្វើឱ្យគាត់ក្លាយជាអ្នកលេងក្បាច់គុនដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រ ONE។
ជើងខ្លាំងដែលអាចផ្តួលគូប្រកួតឲ្យកក្រើនសង្វៀន នឹងជាម្ចាស់ខ្សែក្រវាត់ពិភពលោក Bantamweight World Championship៕