អន្តរជាតិ
ក្រសួង​វប្បធម៌​លើកទឹកចិត្ត​គ្រប់បែបយ៉ាង​ដល់​ផលិតករ​ជប៉ុន​ចង់​ផលិត​កុន​នៅ​កម្ពុជា​
08, Nov 2018 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុងឱកាស​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​លើក​ទី​៤ កាលពី​យប់​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាល​មហោស្រព​ចតុមុខ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង ស​កុ​ណា បាន​ជំរុញ និង​លើកទឹកចិត្ត​គ្រប់បែបយ៉ាង​ដល់​ផលិតករ​ជប៉ុន ដែលមាន​បំណង​ចង់​មក​ផលិត​ភាពយន្ត​នៅ​កម្ពុជា​។​


 
​អ្នកស្រី ភឿង ស​កុ​ណា បានបញ្ជាក់​ក្នុងឱកាស​បើក​មហោស្រព​ភាពយន្ត​ជប៉ុន​ថា ការរៀបចំ​ឱ្យមាន​មហោស្រព​ភាពយន្ត​នេះ គឺ​ជាម​ធ្យោ​បាន​ទំនាក់ទំនង​ផ្នែក​សិល្បៈ​ដ៏​ល្អ​សម្រាប់​ឱ្យ​ផលិតករ​កម្ពុជា និង​ជប៉ុន បាន​ចែករំលែក​បទពិសោធន៍​បច្ចេកទេស​ថតកុន​ឱ្យ​គ្នា​ទៅវិញទៅមក​។ អ្នកស្រី​បន្ថែមថា ជប៉ុន​គឺជា​ប្រទេស​ដែល​តែងតែ​ជួយ​កម្ពុជា​ក្នុង​គ្រា​អាស​ន្ត និង​ជួយ​លើ​គម្រោង​ផ្សេង​ជាច្រើន មាន​ទាំង​គម្រោង​ជួសជុល​ប្រាសាទ​ជាដើម​។ 


 
​អ្នកស្រី ភឿង ស​កុ​ណា បញ្ជាក់​៖ «​ជប៉ុន​គឺជា​មិត្ត​ដ៏​ល្អ​កម្រ​រកបាន​របស់​ក​ម្ពុ​ជា ដែល​តែងតែ​ជួយ​កម្ពុជា​ក្នុង​គ្រា​អាស​ន្ត​។ មហោស្រព​ភាពយន្ត​នេះ គឺជា​មធ្យោបាយ​ជួយ​ឱ្យ​វិស័យ​សិល្បៈ​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំនាក់ទំនង​ជិតស្និត​។ ក្រសួង​វប្បធម៌​លើកទឹកចិត្ត និង​សម្របសម្រួល​គ្រប់បែបយ៉ាង ដល់​ផលិតករ​ជប៉ុន​ដែលមាន​បំណង​មក​ផលិតភាព​យន្ត​នៅ​កម្ពុជា ដើម្បី​ជាការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​សក្ដានុពល​ធនធានធម្មជាតិ​នៅ​កម្ពុជា ទៅកាន់​ពិភពលោក​។​
 
​ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​កម្ពុជា​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​ជប៉ុន រួមទាំង​ក្រុមនិស្សិត​ស្ម័គ្រចិត្ត​ទាំងអស់ សម្រាប់​ការចូលរួមចំណែក​សហ​ការរៀបចំ​មហោស្រព​នេះ​ឡើង​។​


 
​មហោស្រព​ភាពយន្ត​ជប៉ុន​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៨​ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែលមាន​បញ្ចាំងភាពយន្ត​ចម្រុះ​ចំនួន​១១​រឿង​នៅ​រោងភាពយន្ត Major Cineplex AEON1 និង​រោងភាពយន្ត Legend សាខា​ទួលគោក​នៅ​រាជធានី​ភ្នំពេញ​។  ចាប់ពី​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងភាពយន្ត Major Cineplex ខេត្តសៀមរាប​។ ភាពយន្ត​ទាំងនោះ​ឆ្លុះបញ្ចាំង​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន សង្គម និង​វប្បធម៌​ជប៉ុន​៕
 

Tag:
 ភ្នំពេញ​
  ភាពយន្ត​
  មហោស្រព​ភាពយន្ត​ជប៉ុន​
  ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com