កីឡាជាតិ
ជាតិ
AFF Suzuki Cup៖ កម្ពុជា ចាញ់ ម៉ាឡេស៊ី ១-០ នាការប្រកួតបើកឆាក ចាន់ វឌ្ឍនាកា ត្រូវបានរារាំងដោយខ្សែការពារម៉ាឡេស៊ី Mohamad Aidil Zafuan Adb Radzak។ រូបថត AFP
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ចាញ់ម៉ាឡេស៊ី ១-០ នាការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup នៅពហុកីឡដ្ឋានជាតិអូឡាំពិក ល្ងាចថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកា នេះ។
Nohrshahrul Idlan Talaha បានតែតបាល់បញ្ចូលទីនៅនាទី៣០ ដើម្បីនាំមុខកម្ពុជា ១-០ នៅតង់ទីមួយ។ គ្រាប់បាល់នេះ កើតឡើងក្រោយការបញ្ជូនយ៉ាងល្អរបស់ Zaquan Adha Radzak និងរយៈពេល៥នាទីបន្ទាប់ពី Safawi Rasid បានទាត់បាល់បះនឹងរបាទី។
បន្ទាប់ពីភ្ញៀវនាំមុខ ក្រុមកីឡាករកម្ពុជាប្រឹងវាយបកវាយយ៉ាង ប៉ុន្តែឱកាសរបស់ ប្រាក់ ធីវ៉ា, រ៉ឹង ប៊ុនហៀង និងចាន់ វឌ្ឍនាកា ត្រូវបានរារាំងដោយខ្សែការពារ និងអ្នកចាំទី Khairul Fahmi Che Mat របស់ម៉ាឡេស៊ី។
៤នាទីដំបូងនៅតង់ទីពីរ ប្រាក់ ធីវ៉ា បានបណ្តើរបាល់ចូលតំបន់គ្រោះថ្នាក់ ហើយបញ្ជូនទៅឲ្យ រ៉ឹង ប៊ុនហៀង ប៉ុន្តែ ប៊ុនហៀង បានស៊ុតខុសគោលដៅ។ អ្នកចាំទី អ៊ុំ វិចិត្រ បានសង្គ្រោះបាល់ជាបន្តបន្ទាប់ដែលវាយសម្រុកដោយខ្សែប្រយុទ្ធម៉ាឡេស៊ី ជាពិសេសឱកាសរបស់ Mohamadou Sumareh នៅនាទី៨០។
នៅនាទី៨២ Aidil Zafuan ឡើងទៅទាន់ពេលវេលាដើម្បីរារាំងបាល់ ដែល គួច សុគម្ភៈ ព្យាយាម បញ្ជូនទៅឲ្យ ប៊ុនហៀង។ ៥នាទីក្រោយមក កីឡាករកម្ពុជាទាមទារបាល់ប៉េណាល់ទី ដោយសារពួកគេមើលឃើញថា ខ្សែការពារ Shahrul Saad ធ្វើឲ្យ ប៊ុនហៀង ដួលក្នុងតំបន់គ្រោះថ្នាក់។ នៅក្នុងនាទីបន្ថែម Mohamadou Sumareh បានទាត់បាល់ទៅប៉ះនឹងរបាទី។
បញ្ចប់ការប្រកួត ម៉ាឡេស៊ី បានបីពិន្ទុពីទឹកដីកម្ពុជា ជាមួយនឹងលទ្ធផល ១-០។
សម្រាប់ការប្រកួតបន្ទាប់ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Mandalar Thiri Stadium ក្រុង Mandalay ដើម្បីជួបជាមួយម្ចាស់ផ្ទះមីយ៉ាន់ម៉ា នាថ្ងៃទី១២ ខែវិច្ឆិកា។
ជម្រើសរបស់កម្ពុជា៖ អ៊ុំ វិចិត្រ (អ្នកចាំទី), ឆេង ម៉េង (សាត រ៉ស៊ីប ៧៣), សឿយ វិសាល (ប្រធានក្រុម), ហុង ផេង, សារ៉េត គ្រីយ៉ា, ប្រាក់ ធីវ៉ា, គួច សុគម្ភៈ, សុះ ស៊ូហាណា (គួច ដានី ៧៥), ចាន់ វឌ្ឍនាកា, កែវ សុខផេង (ប៊ិន ចន្ថាធារី ៤៦), រ៉ឹង ប៊ុនហៀង។
ជម្រើសរបស់ម៉ាឡេស៊ី៖ Shahrul Saad, Syahmi Safari, Syazwan Zainon, Aidil Zafuan, Zaquan Adha Radzak (Ahmad Hazwan Bakri ៧១), Norshahrul Idlan (Shahrel Fikri ៦២), Safawi Rasid, Akram Mahinan (Irfan Zakaria ៨៥), Mohamadou Sumareh, Syamer Kutty Abba, Khairul Fahmi Che Mat៕
© រក្សាសិទ្ធិដោយ thmeythmey.com