ជាតិ
លោក ប្រាក់ សុខុន​៖ យើង​សង្ឃឹម​សាជាថ្មី​ថា អាមេរិក នឹង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​បោះជំហាន​ទៅមុខទៀត​
09, Nov 2018 , 9:31 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស
រូបពីហ្វេសប៊ុកលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស
​ភ្នំពេញ​៖ រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សង្ឃឹមថា អាមេរិក នឹង​ជួយ​ប្រជាជន​កម្ពុជា ក្នុងការ​បោះជំហាន​ទៅមុខទៀត ដោយ​គោរព​ចំពោះ​ស្មារតី​នៃ​ឯករាជ្យ និង​អធិបតេយ្យភាព​កម្ពុជា​។ លោក ប្រាក់ សុខុន លើកឡើង​បែបនេះ នៅក្នុង​លិខិត​ឆ្លើយតប​ទៅ​លោក ម៉ៃ​ឃើ​ល ប៉ុ​មប៉េអូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ដែល​ផ្ញើមក​អបអរសាទរ​ខួប​អនុស្សាវរីយ៍​ទី​៦៥ នៃ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​។​


 
«​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​រីករាយ​ចំពោះ​សារលិខិត​ដ៏​កក់ក្តៅ​ជា​មិត្តភាព​របស់ ឯកឧត្តម ម៉ៃ​ឃើ​ល ប៉ុ​មប៉េ​អូ រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ផ្ញើជូន​ប្រជាជន​កម្ពុជា ក្នុងឱកាស​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​ទី​៦៥ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​។ ក្នុងនាម​ប្រជាជន និង​រាជរដ្ឋាភិបាល ដែល​ខ្ញុំ​បាន​បម្រើ​ប្រកបដោយ​មោទនភាព​នោះ ខ្ញុំ​សូម​សម្ដែង​នូវ​អំណរគុណ​ដ៏​ស្មោះស្ម័គ្រ​ចំពោះ​ឯកឧត្តម ដែល​បាន​ផ្ញើ​សារ​ជូនពរ​សព្វ​សាធុការ​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុខុន​។​
 
​អម​ជាមួយគ្នានេះ​លោក ប្រាក់ សុខុន បាន​និយាយប្រាប់​លោក ប៉ុ​ម​ប៉េអូ វិញ​ថា ប្រជាជាតិ​កម្ពុជា ក៏មាន​មោទនភាព​នឹង​ជ្រោង​ទង់​ឯករាជ្យ​របស់ខ្លួន ដូច​ប្រជាជាតិ​អាមេរិក​ដ៏​មហិមា​ផងដែរ ស្របពេល​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​ប្រចាំឆ្នាំ ដែល​សម្ដែង​ក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​យ៉ាងពិត​ប្រាកដ​របស់​ប្រជាជន ចំពោះ​សេរីភាព និង​អធិបតេយ្យភាព​របស់​ពួកគេ​។​
 
​លិខិត​របស់លោក ប្រាក់ សុខុន តប​លោក ប៉ុ​ម​ប៉េ​អូ បាន​និយាយថា ៖«​សារលិខិត​របស់ ឯកឧត្តម ប៉ុ​ម​ប៉េអូ ផ្តល់​ឲ្យ​យើងទាំងអស់គ្នា​នូវ​ក្តីសង្ឃឹម​សាជាថ្មី​ថា សហរដ្ឋអាមេរិក នឹង​ជួយ​ប្រជាជន​កម្ពុជា​ក្នុងការ​បោះជំហាន​ទៅមុខទៀត ដោយ​គិតគូរ​ទៅដល់ និង​គោរព​ចំពោះ​ស្មារតី​នៃ​ឯករាជ្យភាព និង​អធិបតេយ្យភាព​របស់​ក​ម្ពុ​ជា​»​។​
 
​បើតាម​លោក ប្រាក់ សុខុន ប្រជាជន​កម្ពុជា មានបំណង​ប្រាថ្នា​នឹង​ផ្តល់​អាទិភាព​ខ្ពស់បំផុត ក្នុងការ​ពង្រឹង​បន្តិច​ម្តងៗ នូវ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ​របស់​ខ្លួន សំដៅ​ធានា​ឲ្យ​បាន​នូវ​សង្គម​មួយ ដែលមាន​សន្តិភាព ស្ថិរភាព វិបុលភាព ពហុភាគី និង​យុត្តិធម៌ ក្នុងពេល​ជាច្រើន​ឆ្នាំ​ទៀត​នា​ថ្ងៃ​អនាគត ៕
​ 

Tag:
 ប្រាក់ សុខុន​
  ឯករាជ្យ​ជាតិ​
  ៩ វិច្ឆិកា​
© រក្សាសិទ្ធិដោយ thmeythmey.com