ជាតិ
កំពង់ឆ្នាំង​៖ ពលរដ្ឋ រស់នៅ​លើទឹក​៧៥០​ផ្ទះ​ទៀត ដែល​មិនទាន់​បម្លាស់​ទី​ទៅលើ​គោក​
09, Nov 2018 , 7:19 pm        
រូបភាព
ផ្ទះលើទឹក មួយកន្លែងនៅខេត្តកំពង់ឆ្នាំង (Credit)
ផ្ទះលើទឹក មួយកន្លែងនៅខេត្តកំពង់ឆ្នាំង (Credit)
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​ទូទាំង​ខេត្តកំពង់ឆ្នាំង​មាន​សរុប ៤,៣៨៥​គ្រួសារ​។ ក្នុងនោះ នៅមាន​៧៥០​ផ្ទះ​ទៀត​ទេ ដែល​មិនទាន់​មក​រស់នៅ​លើគោក​។  លោក ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ​នា​ថ្ងៃទី​៨​ខែ​វិ​ច្ជិ​កា ថា ដោយសារតែ​ផ្ទះ​ទាំងនេះ ជាប់​មាន​បែ​ល​ចិញ្ចឹម​ត្រី ទើប​មិនអាច​បម្លាស់​ទៅលើ​គោគ​បាន​។ 

 
​លោក​បាន​បន្ត តាម​ការយល់ព្រម និង​សហការ​ពី​ពលរដ្ឋ​រស់នៅ​លើទឹក​ទាំ​ង​នោះ  ជំហាន​បន្ទាប់​អាជ្ញាធរ នឹង​រៀបចំ​៧៥០​ផ្ទះ​ដែល​នៅលើ​ទឹក​នេះ ដោយ​ឲ្យ​អ្នកជំនាញ​ខាង​កសិកម្ម​ជា​អ្នករៀបចំ​។ លោក​បាន​និយាយ​ដូច្នេះ​៖«​មុន​ថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​ទន្លេ​ក្នុង​ខែមីនា ឆ្នាំ​២០១៩ ៧៥០​ផ្ទះ​ទាំងនោះ នឹង​លែងមាន​វត្តមាន​មនុស្ស​រស់នៅ​លើទឹក​ទៀត​ហើយ គឺមាន​តែ​បែ​ល​ចិញ្ចឹម​ត្រី​ប៉ុណ្ណោះ​»​។​
 
​ដោយឡែក ពលរដ្ឋ​ដែល​បាន​ឡើងគោក​ទាំង​ប៉ុន្មាន ត្រូវបាន​អាជ្ញាធរ​រៀបចំផ្ទះ​ឲ្យ​ស្នាក់នៅ​ជា​បណ្តោះអាសន្ន ដែលមាន​ចំណាយ​ពី​៥០ ឬ​១០០​ម៉ែត្រ ពី​ទន្លេ ក្នុង​តំបន់​គោលដៅ​ទាំង​៦ ក្នុង​ខេត្ត​។ 
​លោក​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​មានការ​រៀបចំ​នូវ​ប្រព័ន្ធ​ទឹក​-​ភ្លើង និង​ប្រព័ន្ធធារាសាស្ត្រ​ផ្សេងៗ នៅ​កន្លែង​ស្នាក់នៅ​អចិន្ត្រយ៍ រួចហើយ ប្រជាពលរដ្ឋ​ទាំងនោះ នឹងត្រូវ​បម្លាស់​ទី​ម្តងទៀត ពោល ទៅ​រស់នៅ​តែម្តង​។​
 
​អភិបាលរង​រូបនេះ បាន​បញ្ជាក់ថា « ពលរដ្ឋ​ដែល​រស់នៅ​លើទឹក​អស់ ដែល​ត្រូវបាន​បំលាស់​ទី​មក​រស់នៅ​លើគោក​វិញ​នេះ គឺ​មិនបាន​បង្ខិតបង្ខំ​អ្វី​ឡើយ​ពី​អាជ្ញាធរ ដោយ​ពួកគាត់​ស្មោះ​ចិត្ត និង​ឯកភាពគ្នា ក្នុងការ​បំលាស់​ទី​ពី​កន្លែងចាស់ ទៅ​កន្លែង​ថ្មី​។ ហើយ​ពួកគាត់​ក៏​បានដឹង​ខ្លួនឯង​ច្បាស់​ថា នឹងត្រូវ​ផ្លាស់​ទីលំនៅ តាមរយៈ​ការផ្សព្វផ្សាយ​ផែនការ​៥​ឆ្នាំ​២០១៥-២០១៩ របស់​អាជ្ញាធរ នៃ​ការផ្លាស់​ទី​អ្នករស់នៅ​លើផ្ទះ​បណ្ដែត​ទឹក ទូទាំង​ខេត្តកំពង់ឆ្នាំង ឲ្យ​ទៅ​រស់​នៅលើ​ដីគោក ដើម្បី​បរិស្ថាន​ឡើងវិញ​»​។​
 
​គោលបំណង​ដែល​ឲ្យ​ពលរដ្ឋ​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក បំលាស់​ទី​មក​រស់នៅ​លើគោក​វិញ មាន​៣​ចំណុច​សំខាន់ៗ  រួមមាន ១. ការស្តារ​បរិស្ថាន​ឡើង ជា​ចំណុច​ស្នូរ​នៃ​ការផ្លាស់​ទី​របស់​ពលរដ្ឋ​ទាំងនោះ​។ ២. ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង​ពលរដ្ឋ​រស់នៅក្នុង​ផ្ទះទឹក និង​ទី​៣ ដើម្បី​ឲ្យ​ខេត្តកំពង់ឆ្នាំង ក្លាយជា​តំបន់​ទេសចរណ៍ធម្មជាតិ ព្រោះ​វា​ជា​តំបន់​ដែល​ភ្ញៀវទេសចរ​ផ្លូវទឹក ឆ្លងកាត់​ពី​ភ្នំពេញ ទៅ​សៀមរាប និង​ពី​សៀមរាប មក​ភ្នំពេញ​។ នេះ​បើតាម​អភិបាលរង​ខេត្តកំពង់ឆ្នាំង​នេះ ដដែល​។​
 
​តាម​ការ​ប្រាប់​ឲ្យ​ដឹង​របស់លោក ស៊ុន សុវណ្ណ​រិ​ទ្ធ ពលរដ្ឋ​រស់នៅ​ក្នុងផ្ទះ​បណ្តែត​ទឹក​ទូទាំង​ខេត្តកំពង់ឆ្នាំង​មាន​សរុប ៤,៣៨៥​គ្រួសារ​។ ក្នុងនោះ ពលរដ្ឋ​វៀតណាម មាន​២១៩៧​គ្រួសារ និង​២១៨៨​គ្រួសារ​ទៀត ជា​ពលរដ្ឋ​ខ្មែរ​-​ឥស្លាម​៕
 

Tag:
 ​ផ្ទះ​បណ្តែត​ទឹក​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com