អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រាប់​អាមេរិក​ឲ្យ​គោរព​ផ្លូវ​អភិវឌ្ឍន៍​របស់​ចិន​
09, Nov 2018 , 8:39 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហេនរី គីស៊ីងគ័រ (រូបភាព Xinhua)
ប្រធានាធិបតីចិន ស៊ី ជិនភីង និងអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហេនរី គីស៊ីងគ័រ (រូបភាព Xinhua)
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បាន​ប្រាប់​ឲ្យ​អាមេរិក​គោរព​ការសម្រេចចិត្ត​របស់​ចិន​ក្នុងការ​ជ្រើសរើស​ផ្លូវ​ដើរ​ដើម្បី​ការអភិវឌ្ឍ​របស់ខ្លួន​។ លោក ស៊ី និយាយ​បែបនេះ​នា​ជំនួប​ជាមួយ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហេន​រី គី​ស៊ី​ង​គ័​រ​(Henry Kissinger)  ក្នុង​ទីក្រុង​ប៉េកាំង​។ ចំពោះមុខ​លោក គី​ស៊ី​ង​គ័​រ ប្រមុខ​ដឹកនាំ​ចិន​រូបនេះ​ក៏​បង្ហាញ​ជំហរ​ចង់ឃើញ​ទំនាក់ទំនង​ចិន និង​អាមេរិក​ដែល​គ្មាន​ការប្រឈមមុខ និង​បញ្ហា តែមាន​ការគោរព​គ្នា​ទៅមក​។​

 
​ទោះជា​ឡើង​ចុះ​និង​បត់បែន​យ៉ាងណា ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ចាត់ទុក​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក នៅតែ​ស្ថិតក្នុង​ដំណើរការ​ល្អប្រសើរ​ដដែល​ក្នុង​រយៈពេល​បួន​ទសវត្សរ៍​មកនេះ​។ នា​ជំនួប​ជាមួយ​លោក ហេន​រី គី​ស៊ី​ង​គ័​រ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា លោក ស៊ី និយាយថា ចិន​នៅតែ​ចង់​ដោះស្រាយ​បញ្ហា​តាមរយៈ​ការចរចា ប៉ុន្តែ​អាមេរិក​ក៏ត្រូវ​គោរព​ចិន​ដែរ​។​
 
​មេដឹកនាំ​ចិន​និយាយ​បែបនេះ ខណៈ​លោក​ត្រៀម​ជួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​អា​ហ្ស​ង់​ទីន​ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។ មកទល់ពេលនេះ សំណុំ​រឿងនេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​ល្អក់កករ​ខ្លាំង និង​មិនទាន់មាន​ច្រកចេញ​នៅឡើយ ទោះជា​មានការ​ចរចា​មួយចំនួន​ក្ដី​។ នៅ​ក្រុង​វ៉ាស៊ីនតោន មន្ត្រី​អាមេរិក​ខ្លះ​ក៏​មិន​ពេញចិត្ត​នយោបាយ​របស់​ចិន ដែល​កេងចំណេញ​ប្រយោជន៍​ពី​ក្រុមហ៊ុន​បរទេស​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua លោក ស៊ី ទទួលស្គាល់​ការមិន​ពេញចិត្ត​របស់​អាមេរិក តែ​ចាត់ទុកជា​រឿង​អវិជ្ជមាន​ទៅវិញ​។ ត្រង់ចំណុច​នេះ ប្រធានាធិបតី​ចិន​អះអាងថា ប្រទេស​ទាំងពីរ​គួរ​មានការ​ស្វែងយល់​ឲ្យ​ត្រឹមត្រូវ​ពី​ប្រយោជន៍​យុទ្ធសាស្ត្រ​របស់​ប្រទេស​នីមួយៗ ឯ​ចិន​វិញ​នឹង​បន្ត​ដើរ​លើផ្លូវ​អភិវឌ្ឍ​ដោយ​សន្តិភាព ក៏ដូចជា​បន្ត​ការប្ដេជ្ញាចិត្ត​ស្ថាបនា​ទំនាក់ទំនង​ទ្វេភាគី​ដែល​គ្មាន​ជម្លោះ ការប្រឈមមុខ ការគោរព​គ្នា​ទៅមក និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​
 
​ឆ្លើយតប​ពាក្យរិះគន់​ពី​អាមេរិក លោក ស៊ី ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ ក៏​អំពាវនាវ​ឲ្យ​អាមេរិក​គោរព​សិទ្ធិ​របស់​ចិន​ក្នុងការ​អភិវឌ្ឍ​តាមផ្លូវ​ដែល​ខ្លួន​បានជ្រើសរើស និង​គោរព​សិទ្ធិ និង​ផលប្រយោជន៍​ចិន​។ លោក​បន្តថា ភាគី​ទាំងពីរ​គួរ​សម្រុះសម្រួល​គ្នា និង​រួមគ្នា​រក្សា​ទំនាក់ទំនង​ល្អប្រសើរ​នេះ​។ ចំណែកឯ​ជំហរ​ចិន ត្រូវ​លោក ស៊ី អះអាងថា ចិន​មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​តាមរយៈ​ការជជែក​ដោយ​មិត្តភាព​។​
 
​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក ហាក់​ល្អ​បន្តិច​ក្រោយ​ការជជែក​តាម​ទូរ​សព្ទ​រវាង​លោក ស៊ី និង​លោក ត្រាំ ដែល​បាន​បើកផ្លូវ​ដល់​ជំនួប​នៅ​ប៊ុ​យ​ណូ​ស៊ែ​។ ជា​សញ្ញា​កាន់តែ​ល្អ​នោះ មន្ត្រីជាន់ខ្ពស់​ផ្នែក​សន្តិសុខ​របស់​ចិន និង​អាមេរិក នឹង​ជួបគ្នា​នៅ​វ៉ាស៊ីនតោន​នៅក្នុង​សប្ដាហ៍​នេះ​។ យ៉ាងណាក្ដី ជម្លោះ​ពាណិជ្ជកម្ម ទំនងជា​ស្ថិត​នៅតែ​ក្ដៅ​ដដែល មិន​ថមថយ​ឡើយ ទោះជា​មានការ​ជួបគ្នា​តាំងពី​ថ្នាក់​មេដឹកនាំ​ជាន់ខ្ពស់​រហូតដល់​ថ្នាក់​រដ្ឋមន្ត្រី​ក្ដី​៕
 

Tag:
 ចិន​
  អាមេរិក​
  ស៊ី ជិន​ភីង​
  ស៊ី ជិន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com