ជាតិ
នយោបាយជាតិ
សម្ដេច ហ៊ុន សែន ៖ «បើអ្នកឯង ចង់បានវប្បធម៌បង្រួបបង្រួម ធ្វើឲ្យគេទុកចិត្តទៅ»
× ភ្នំពេញ៖ «បើអ្នកឯង ចង់បានវប្បធម៌សម្របសម្រួល ធ្វើឲ្យគេទុកចិត្តមក»។ នេះជាការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាល ជាមួយនិស្សិតនិទ្ទេស A កាលពីថ្ងៃទី ៨ វិច្ឆិកា។
សម្ដេច ហ៊ុន សែន មិនបាននិយាយឲ្យចំពីផ្លូវវិជ្ជមាន នៅក្នុងរឿងនយោបាយឡើយ។ ប៉ុន្តែសម្ដេច គ្រាន់តែបញ្ជាក់ថា សម្ដេចធ្លាប់បានអត់ឱនឲ្យអ្នកដទៃច្រើនហើយ នៅក្នុងរឿងនយោបាយ តែអ្នកដែលត្រូវបានអត់ឱននោះ មិនដែលបន្ធូរបន្ថយដៃឲ្យសម្ដេចវិញទេ។ និយាយដល់ចំណុចនេះ ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«យើងមើលកុនចិនទៅ កុនចិនគេថា អនុគ្រោះឲ្យសត្រូវព្រៃផ្សៃចំពោះខ្លួនឯង។ រឿងហ្នឹងវាជារឿងពិត បើយើងបន្ថូរបន្ថយឲ្យវា វាមិនបន្ធូរបន្ថយឲ្យយើង តើយើងបន្ធូរបន្ថយឲ្យធ្វើអ្វី ។ បើអ្នកឯង ចង់បានវប្បធម៌បង្រួបបង្រួម ធ្វើឲ្យស្រួលទៅ ធ្វើឲ្យគេទុកចិត្តទៅ។ បើអ្នកឯង មិនចង់បានការសម្របសម្រួលធ្វើតែអាក្រក់មក…»។
សូមស្ដាប់សំឡេងនាយករដ្ឋមន្ត្រី៖
ការធ្វើនយោបាយយកឈ្នះ-ចាញ់គ្នាកន្លងមក វាមិនមែនជារឿងល្អឡើយ សម្រាប់សង្គមជាតិ។ សម្ដេច ហ៊ុន សែន ក៏បានដឹងពីរឿងនេះ។ ដូច្នេះសម្ដេច ក៏មិនចង់ឲ្យក្មេងជំនាន់ក្រោយយកគំរូមិនល្អនេះ តាមអ្នកនយោបាយចាស់កន្លងមកផងដែរ។ «ខ្ញុំមិនមែនបណ្ដុះផ្នត់គំនិតឲ្យចៅៗជាយុវជន រៀនសូត្រតាមពួកអ្នកជំនាន់ចាស់ទេ។ តែអ្នកជំនាន់ចាស់មួយចំនួន យើងអាចរៀនសូត្របាន តែអ្នកជំនាន់ចាស់មួយចំនួន យើងមិនអាចរៀនសូត្របានទេ»។ នេះជាការផ្ដាំផ្ញើរបស់លោកនាយករដ្ឋមន្ត្រី៕
© រក្សាសិទ្ធិដោយ thmeythmey.com