កីឡាអន្តរជាតិ
អន្តរជាតិ
Floyd មិនដឹងថា​ខ្លួន​ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ជប៉ុន Nasukawa នៅ​ចុងឆ្នាំ​នេះឡើយ​
09, Nov 2018 , 9:19 pm        
រូបភាព
​អ្នក​ប្រដាល់​ជើងឯក​ពិភពលោក Floyd Mayweather នៅ​ថ្ងៃទី ៧ ខែវិច្ឆិកា បានប្រកាស​ច្រានចោល​ការប្រកួត​ទល់នឹង​អ្នក​ប្រដាល់សេរី​ជប៉ុន (Kickboxer) កីឡាករ Tenshin Nasukawa ដោយ​អះអាងថា​ខ្លួន​ត្រូវគេ​បោក​បញ្ឆោត​ថា​បាន​យល់ព្រម​សម្រាប់​ការប្រកួត​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​

 
​មានការ​ចុះផ្សាយ​លើ​បណ្តាញ​សង្គម​ថា អ្នក​ប្រដាល់​មិន​ស្គាល់​ចាញ់​របស់​អាមេរិក​នេះ នឹងត្រូវ​តទល់​ជាមួយ Nasukawa ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ នៅក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន ដើម្បី​អបអរ​ឱកាស​ឆ្លង​ចូលឆ្នាំថ្មី​។​
 
​ប៉ុន្តែ​ជុំវិញ​ព័ត៌មាន​ខាងលើ Mayweather បាន​សរសេរ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ Instagram ថា​៖«​ខ្ញុំ​ចង់​ឲ្យ​មានការ​ច្បាស់លាស់​ថា​ខ្ញុំ Floyd Mayweather មិនដែល​បាន​ព្រមព្រៀង​ជាមួយនឹង​ការប្រកួត​ផ្លូវការ​ណាមួយ​ជាមួយ Tenshin Nasukawa នោះទេ​»​។​


 
​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក ៥​ប្រភេទ​ទម្ងន់ វ័យ​៤១​ឆ្នាំ​រូបនេះ បាន​និយាយថា​លោក​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​ដើម្បី​ចូលរួម​ការប្រកួត​លក្ខ​ណៈ​ឯកជន​ទល់នឹង Nasukawa ដោយ​មិន​ផ្សាយ​តាម​ទូរ​ទ្សន៍ សម្រាប់តែ​ក្រុម​អ្នកគាំទ្រ​ដែលមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ប៉ុណ្ណោះ​។​
 
 Mayweather បាន​បកស្រាយ​ដូច្នេះ​ថា​៖«​នៅពេល​ខ្ញុំ​ទៅដល់​សន្និសីទ​សារព័ត៌មាន​ក្នុង​ក្រុង​តូ​ក្យូ​កាលពី​ថ្ងៃ​ចន្ទ ក្រុម​របស់ខ្ញុំ​និង​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។ យើង​គួរតែបញ្ឈប់​វា​ភ្លាម​។ ខ្ញុំ​ចង់​សុំទោស​ដោយស្មោះ​ទៅ​អ្នកគាំទ្រ​របស់ខ្ញុំ​ចំពោះ​ព័ត៌មាន​ខុសឆ្គង​ដែល​ត្រូវ​បានប្រកាស​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​។ ខ្ញុំ​ពិតជា​មិនដឹង​អ្វី​ទាំងស្រុង​ពី​ការរៀបចំ​ដែល​ត្រូវបាន​ធ្វើឡើង​ដោយ​គ្មាន​ការយល់ព្រម​ពី​ខ្ញុំ​នោះទេ ហើយ​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​»​។​
 
Floyd Mayweather មាន​ប្រវត្តិ​ប្រកួត​៥០​ដង​មិន​ស្គាល់​ចាញ់ និង​មិន​ធ្លាប់​ឡើង​សង្វៀន​ប្រដាល់​នៅក្រៅ​ប្រទេស​ឡើយ​។ ដោយឡែក​អ្នក​ប្រដាល់​ជប៉ុន​ដែល​ទើប​មាន​វ័យ​២០​ឆ្នាំ ជា​កីឡាករ​លេង​គុន​ចម្រុះ MMA និង​មាន​ប្រវត្តិ​ឡើយ​វាយ​សេរី​២៧​លើក​មិនដែល​ចាញ់​ដូចគ្នា​៕

Tag:
 ​ប្រដាល់​
  Floyd Mayweather
  Tenshin Nasukawa
© រក្សាសិទ្ធិដោយ thmeythmey.com