ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានទទួលបរាជ័យក្នុងដីខ្លួនឯងដោយចាញ់ក្រុមភ្ញៀវម៉ាឡេស៊ី ១-០ នាការប្រកួតបើកឆាកពូល A នៃព្រឹត្តិការណ៍ AFF Suzuki Cup ឆ្នាំ២០១៨ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី៨ ខែវិច្ឆិកា។ យ៉ាងណាក៏ដោយនៅក្រោយចប់ការប្រកួត មានការលើកឡើងពីមតិរិះគន់ និងសរសើរជុំវិញកម្រិតលេងរបស់កីឡាករកម្ពុជាមួយចំនួនពីសំណាក់អ្នកគាំទ្រនៅលើបណ្តាញសង្គមផងដែរ។
អ្វីដែលជាការកត់សម្គាល់នោះ ខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីបណ្តាអ្នកលេងបណ្តាញសង្គមហ្វ៊េសប៊ុកក្រោយបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងរបស់លោកគ្រូ Felix Agustin Gonzalez Dalmas និងលេងពេញ៩០នាទីតែម្តង។
នៅមុនការនាំមុខរបស់ក្រុមភ្ញៀវ ១-០ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Nohrshahrul Idlan Talaha ក្នុងនាទី៣០នោះ ក្រុមគោព្រៃកម្ពុជា បានបើកការគ្រប់គ្រងបាល់ និងដាក់សម្ពាធក្រុមម៉ាឡេស៊ីរហូតទទួលបានឱកាសមាសទៀតផង។ ត្រឹម២នាទីដំបូងនៅតង់ទី១ សុះ ស៊ូហាណា បានបញ្ជូនបាល់ទៅឲ្យ រ៉ឹង ប៊ុនហៀង ប៉ុន្តែ ប៊ុនហៀង រត់ផុតនិងទាត់ប៉ះបាល់បន្តិច ហើយត្រូវអ្នកចាំទីចាប់បាន។
ចូលដល់តង់ទីពីរនាទី៤៨ ប៊ុនហៀងដដែលមានឱកាសទាត់បញ្ចូលទីម្តងទៀតបន្ទាប់ពី ប្រាក់ ធីវ៉ា បានបណ្តើរបាល់ចូលតំបន់គ្រោះថ្នាក់ហើយបញ្ជូលបាល់យ៉ាងល្អតែនៅតែមិនអាចសម្រេចទីបានដដែល។
ក្រោយខកខានក្នុងការសម្រេចទីច្រើនលើកឲ្យកម្ពុជា ប៊ុនហៀង ដែលបច្ចុប្បន្នជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបក្រសួងការពារជាតិ បានទទួលរងការរិះគន់ពីអ្នកគាំទ្រមួយចំនួន និងទទួលបានការសារទរជាច្រើនដូចគ្នា។
ក្នុងនោះ លោក មួន ម៉ារ៉ា ដែលជាអតីតតារាចម្រៀងល្បីឈ្មោះម្នាក់ បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយរិះគន់ ប៊ុនហៀង ខ្លាំងៗតែម្តង។
«សុំទោសដែលខ្ញុំតែងតែក្រេវក្រោធនិងស្រែកលឺៗពេលមើលបាល់ទាត់ជម្រើសជាតិម្តងៗ ព្រោះមិនចង់ដាច់សរសៃឈាម! កុំប្រកាន់អីសុំនិយាយត្រង់ ប្អូនលេខ១៤ឈ្មោះ ប៊ុន ហៀង បើប្អូនទំនេរមកលេងបាយបានជាមួយក្រុមវ័ចាស់បងវិញសប្បាយជាងនិងមានឱកាសរកគ្រាប់បានច្រើន ព្រោះពួកបងក៏ទាត់បាល់ខុស និងទប់ខូចៗដូចប្អូនដែរ ហើយរត់ឆ្លេឆ្លាប្រហែលគ្នា។ គាំទ្រជានិច្ចបាល់ជម្រើសជាតិយើងដែលទទួលបាននូវបទពិសោធន៍ថ្មីបន្ថែមរហូត»។
ការសរសេររិះគន់របស់លោក ម៉ារ៉ាបែបនេះ មិនត្រូវបានអ្នកគាំទ្រផ្សេងទៀតដែលបានទស្សនាការប្រកួតទល់នឹងម៉ាឡេស៊ីសាទរឡើយ ផ្ទុយទៅវិញ ប៊ុន ហៀង បែជាទទួលបានការលើកទឹកចិត្តនិងកោតសរសើរច្រើនទៅវិញពីទម្រង់លេងរបស់គេ។
លើសពីនោះអ្នកគាំទ្រទាំងដ៏ច្រើនបានផ្តល់ការទុកចិត្ត និងជឿជាក់លើ ប៊ុន ហៀង តាមរយៈការសរសេរសារលើ Porfile របស់គេផ្ទាល់ដើម្បីជាការលើកទឹកចិត្តបន្ថែមសម្រាប់ការបង្ហាញខ្លួននៅប្រកួតបន្ទាប់។
ដោយឡែក ប៊ុន ហៀង ឯណោះវិញ ក៏ប្រហែលជាបានដឹងពីការរិះគន់ ក៏ដូចជាការសរសើរលើខ្លួនដូចគ្នាដែរ។ រូបគេបានបង្ហោះសារខ្លីមួយហើយថេក (Tag) ឲ្យ លោក ភា សុភ័ក្ត្រាដែលជាគ្រូបង្វឹករបស់ខ្លួននៅក្លិបក្រសួងការពារជាតិក្នុង Facebook ថា៖«មានមេនៅគាំទ្រអត់អីទេ ទៅមុខទៀត»។
ការប្រកួតបន្ទាប់សម្រាប់ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ជម្រើសជាតិកម្ពុជានឹងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះមីយ៉ាន់ម៉ា នៅថ្ងៃទី១២ ខែវិច្ចិកា វេលាម៉ោង ៦:០០ នាទីល្ងាច។ កម្ពុជាក៏ត្រូវទទួលភ្ញៀវឡាវនៅពហុកីឡដ្ឋានអូឡាំពិក នាថ្ងៃទី២០ ខែវិច្ឆិកា មុនទៅសួរសុខទុក្ខវៀតណាមដល់ផ្ទះសម្រាប់ប្រកួតចុងក្រោយ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨៕