អន្តរជាតិ
អាមេរិក​ប្រាប់​ប្រទេស​ទាំងអស់​កុំ​ស្វាគមន៍​កប៉ាល់​អ៊ីរ៉ង់
09, Nov 2018 , 4:28 pm        
រូបភាព
រូបភាព Mehr News Agency
រូបភាព Mehr News Agency
​ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា បាន​ព្រមាន​បណ្ដា​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​កុំ​ឲ្យ​ទទួល​កប៉ាល់​របស់​អ៊ីរ៉ង់​នៅ​កំពង់ផែ ឬ​អនុញ្ញាត​ឲ្យ​ចូលក្នុង​ដែនទឹក​របស់ខ្លួន​ឲ្យ​សោះ​។ ប្រេសិត​ពិសេស​សម្រាប់​កិច្ចការ​អ៊ីរ៉ង់ Brian Hook បញ្ជាក់ថា ទង្វើ​បំពាន​ណាមួយ អាច​បង្កបញ្ហា​ដាក់ខ្លួន​មិន​ខាន ជាពិសេស​បញ្ហា​ធានា​រ៉ាប់​រ៉ង ខណៈ​អាមេរិក​កំពុង​ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ទាំង​ផ្នែក​ធនាគារ និង​ការនាំចេញ​ប្រេង​ឆៅ​។​

 
​ទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ឈានចូល​ជិត​មួយ​សប្ដាហ៍​ហើយ​។ ដាក់ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​លើក​នេះ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចង់​ផ្ដាច់ដង្ហើម​សេដ្ឋកិច្ច​របស់​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​នេះ​តាមរយៈ​ការបិទ​ការនាំចេញ​ប្រេង​ឲ្យ​ដល់​កម្រិត​សូន្យ​តែម្ដង​។ ទោះ​ជាមាន​ប្រទេស​ចំនួន​៨ អាច​បន្ត​ទិញ​ប្រេង​ពី​ក្រុង​តេ​ហេ​រ៉ង់​ក្ដី ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ឈប់​ទទួល​កប៉ាល់​អ៊ីរ៉ង់ បើ​មិន​ចង់​រងគ្រោះ​ដូចគ្នា​។​
 
​លោក Brian Hook ប្រេសិត​ក្រសួងការបរទេស​អាមេរិក​ទទួលបន្ទុក​គោលនយោបាយ​អ៊ីរ៉ង់​បាន​ព្រមាន​ថា ការស្វាគមន៍​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់ ឬ​ឲ្យ​ឆ្លងកាត់​ដែនទឹក​ខ្លួន នឹង​នាំ​គ្រោះថ្នាក់​ដាក់ខ្លួន​។ នេះ​ក៏​ព្រោះតែ ក្រុមហ៊ុន​ធានារ៉ាប់រង​សឹង​មួយ​ពិភពលោក​ឈប់​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ព្រោះ​ខ្លាច​ទណ្ឌកម្ម​អាមេរិក ដែល​ការណ៍​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ៊ីរ៉ង់​ទៅប្រើ​សេវាកម្ម​ក្នុងស្រុក​វិញ ហើយ​ក្នុងករណី​មាន​គ្រោះថ្នាក់​នោះ ក្រុមហ៊ុន​ទាំងនោះ​មិនអាច​ចេញថ្លៃ​ខូចខាត​ដែលមាន​ទំហំ​រាប់ពាន់​លាន​ដុល្លារ​ឡើយ​។​
 
«​គ្រោះថ្នាក់​ធ្លាយ​ប្រេង​ពី​កប៉ាល់​មាន​ទំហំ​ខូចខាត​ធ្ងន់​ណាស់​។ ពី​ព្រែកជីក​ស៊ុយ​អេ​ដល់​ច្រក​សមុទ្រ​ម៉ា​ឡា​កា និង​តំបន់​ដទៃ កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​ប្រៀបដូចជា​បំណុល​អណ្ដែត​មួយ​អ៊ីចឹង​។​» នេះ​ជាការ​លើកឡើង​របស់លោក Hook មុននឹង​បន្ត​ព្រមាន​ប្រទេស​នានា កំពង់ផែ និង​ប្រតិបត្តិ​ករ​ព្រែកជីក​ទាំងអស់ ថា ពួកគេ​នឹងត្រូវ​ទទួលខុសត្រូវ​សំណង​លើ​ហេតុការណ៍​អាក្រក់​ណាមួយ​ពេល​រកស៊ី​ជាមួយ​កប៉ាល់​អ៊ី​រង់​ដែល​គ្មាន​ការធានា​ពី​អន្តរជាតិ​។​
 
​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​រូប​បានលើកឡើង​ពី​ករណី​ដ៏​មហន្តរាយ​មួយ​របស់​នាវា​អ៊ីរ៉ង់ Sanchi ដែល​ជួប​គ្រោះថ្នាក់​ក្នុង​សមុទ្រ​ចិន​ខាងកើត​កាលពី​ខែមករា​កន្លងទៅ​។ មនុស្ស​៣២​បាន​ស្លាប់ ប្រេង​រាប់លាន​ម៉ែត្រគូប​បាន​ធ្លាយ​ចូល​សមុទ្រ ឯក​ប៉ាល់​វិញ​ក៏ត្រូវ​ឆេះ​បាត់បង់​ទៅទៀត​។ យ៉ាងណាមិញ លោក Hook សង្ឃឹមថា ហេតុការណ៍​នេះ​នឹងមិន​កើតឡើង​ម្ដង​ទៀតឡើយ​។​
 
​តំណាង​ពិសេស​រូបនេះ​ក៏​ចោទ​ក្រុង​តេ​ហេ​រ៉ង់​ថា ព្យាយាម​គេច​ពី​ទណ្ឌកម្ម​អាមេរិក​ដោយបាន​បិទ​ប្រព័ន្ធ​ផ្កាយរណប​ភ្ជាប់​នឹង​កប៉ាល់​ដើម្បី​បញ្ចៀស​ការប៉ះទង្គិច​។ លោក Hook ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជា​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​លើ​លម្ហ​សមុទ្រ ព្រោះ​ប្រព័ន្ធ​ផ្កាយរណប​នោះ ជួយ​បង្កើន​ភាព​មើលឃើញ​លើ​ផ្ទៃសមុទ្រ ហើយ​ការបិទ​ប្រព័ន្ធ​នេះ​នឹង​បង្ក​ជា​ហានិភ័យ​មិន​ខាន​៕
 

Tag:
 ​អាមេរិក​
  អ៊ីរ៉ង់​
  Brian Hook
© រក្សាសិទ្ធិដោយ thmeythmey.com