ភ្នំពេញ៖ ក្រុមជម្រើសកម្ពុជា បានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ី ១ទល់០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF Suziki Cup 2018 កាលយប់ពីថ្ងៃទី៨ វិច្ឆិកា។ លទ្ធផលកម្ពុជា ចាញ់ម៉ាឡេស៊ី ១គ្រាប់នេះ បានធ្វើឲ្យអ្នកគាំទ្រវិស័យកីឡាបាល់ទាត់ រិះគន់ និងទម្លាក់បន្ទុកទៅលើទម្រង់លេងរបស់ខ្សែប្រយុទ្ធកម្ពុជា គឺកីឡាករ រ៉ឹង ប៊ុនហៀង។ តើលោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្លិបក្រសួងការពារជាតិ វាយតម្លៃបែបណាដែរចំពោះការលេងរបស់កីឡាកររូបនេះ?
ដ្បិតមិនមែនជាគ្រូបង្វឹកឲ្យក្រុមជម្រើសជាតិក្តី ប៉ុន្តែលោក ភា សុភក្ត្រា ដែលជាគ្រូបង្វឹកផ្ទាល់នៅក្លិបក្រសួងការពារជាតិរូបនេះ ហាក់មិនគិតបែបអវិជ្ជមានពេកលើកីឡាករ រ៉ឹង ប៊ុនហៀង ឡើយ។ ប៉ុន្តែមិនមែនមានន័យថា កីឡាករ រ៉ឹង ប៊ុនហៀង គ្មានចំណុចអវិជ្ជមាននោះដែរ។
ត្រង់ចំណុចនេះលោក ភា សុភ័ក្ត្រា បានលើកយកចំណុចខ្វះខាតរបស់ រ៉ឹង ប៊ុនហៀង មកពន្យល់ថា ខ្សែប្រយុទ្ធជម្រើសជាតិរូបនេះ មិនទាន់មានគុណភាពប្រយុទ្ធ ក្នុងការសម្រេចគ្រាប់បាល់បញ្ចូលទី ដូចកីឡាករ ឃួន ឡាបូរ៉ាវី , ចាន់ វឌ្ឍនាកា ,កែវ សុខផេង និង ប្រាក់ មុន្នីឧត្តម ឡើយ។ នោះក៏ព្រោះតែកីឡាករ រ៉ឹង ប៊ុនហៀង គឺជាខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុមជម្រើសជាតិ ដែលនៅមានបទពិសោធន៍ក្មេងខ្ចី ហើយត្រូវការឆ្លងកាត់ការប្រកួតច្រើនទៀត។
គ្រូបង្វឹកក្លិបក្រសួងការពារជាតិ ដែលបានអង្គុយមើលទម្រង់លេងកូនក្រុមខ្លួន ដែលបានជាប់ជម្រើសជាតិ ក្នុងការប្រកួត AFF Suziki Cup 2018 នាជំនួបដំបូងជាមួយម៉ាឡេស៊ីនេះ បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«ខ្ញុំទទួលស្គាល់ថា រ៉ឹង ប៊ុនហៀង គាត់បាត់បង់ឱកាសច្រើន។ និយាយរួមការសម្រេច(ស៊ុតបញ្ចូល)ទីរបស់គាត់ ដោយសារតែបទពិសោធន៍នៅលេងជម្រើសជាតិ នៅតំបន់ប្រយុទ្ធនេះ វានៅស្ទើរ ព្រោះបើលេងនៅត្រឹមលីគ ឬពាននៅកម្ពុជា គាត់អាចលេងបានជាមួយកម្រិតខ្សែការពារគេល្មមៗ ។ ប៉ុន្តែមកលេងនៅជម្រើសជាតិបែបនេះ វាពិបាកដោយសារទម្រង់ការពារកៀករបស់គេ គឺវាល្អ។ ដូច្នេះខ្ញុំទទួលស្គាល់ថា គាត់នៅមានកម្រិតបើប្រៀបធៀបប្រសិទ្ធភាពអ្នកដែលឈរសម្រេចទី នៅចាញ់ប្រាក់ មុន្នីឧត្តម កែវ សុខផេង ចាន់ វឌ្ឍនាកា និងឃួន ឡាបូរ៉ាវី ។ និយាយរួមអ្នកឈរទុកកម្លាំងសម្រេចទី គឺឃួន ឡាបូរ៉ាវី លើសគេហើយ»។
ទោះជាមានចំណុចខ្វះខាត ប៉ុន្តែកីឡាករ រ៉ឹង ប៊ុនហៀង គឺជាខ្សែប្រយុទ្ធមួយ ដែលឧស្សាហ៍ក្នុងរត់ចុះមកជួយខ្សែការពារនៅខាងក្រោម។ នេះជាការមើលឃើញរបស់លោក សុភ័ក្ត្រា ដែលស្នើឲ្យ រ៉ឹង ប៊ុនហៀង កែចំណុចនេះបន្តិច ដើម្បីរក្សាទុកកម្លាំងខ្លួន ក្នុងការសម្រេចទីគូប្រកួត ឲ្យក្រុមជម្រើសជាតិកម្ពុជា នៅប្រកួតក្រោយៗទៀត។
គ្រូបង្វឹករបស់កីឡាករ រ៉ឹង ប៊ុនហៀង នៅក្លិបក្រសួងការពាររូបនេះ បានបញ្ជាក់ដូច្នេះថា៖«មូលហេតុដែល រ៉ឹង ប៊ុនហៀង មិនអាចមានជំហរគ្រប់គ្រាន់ក្នុងការសម្រេចទីគេបាន ព្រោះអីគាត់ខុសពីចរិតខ្សែប្រយុទ្ធដទៃ។ (ខ្សែប្រយុទ្ធ) គេមិនសូវដេញបាល់ គេអត់សូវយកកម្លាំងទៅដល់ក្រោម (តំបន់ការពារ) ហើយបើលេងនៅទ័ពវិញ (ក្លិបក្រសួងការពារជាតិ) ខ្ញុំឲ្យគាត់រត់សេរី សំខាន់ឲ្យតែបាល់ទៅកន្លែងណា គឺគាត់រត់ទៅកន្លែងនោះតែម្ដង។ នេះហើយជាចរិតរបស់គាត់ ហើយខ្ញុំសម្រេចតាមសមត្ថភាពរបស់គាត់វិញ ។ នៅជម្រើសជាតិវិញ ខ្ញុំឃើញគាត់ចំណាយកម្លាំងច្រើនពេកលើការទម្លាក់ខ្លួនចុះមកលេងក្រោមហ្នឹង អ៊ីចឹងការទម្លាក់ខ្លួនលេងក្រោមនេះ ទោះជាមនុស្សយន្ត ក៏មិនអាចទប់រួចជាមួយការធ្វើការធ្ងន់ហើយ មកចាំទទួលផលបានទេ»។
តែយ៉ាងណាលោក ភា សុភ័ក្ត្រា ស្នើឲ្យអ្នកគាំទ្ររិះគន់កីឡាករក្នុងន័យស្ថាបនា ល្អជាងការរិះគន់ ឬជេរ ក្នុងន័យបន្តុះបង្អាប់មកលើកីឡាករ ដែលនាំឲ្យពួកគេបាក់ទឹកចិត្ត។ សូមបញ្ជាក់ថា នៅឆ្នាំ២០១៨នេះ ប៊ុនហៀង ជាកីឡាករក្នុងស្រុកដែលបានស៊ុតបាល់បញ្ចូលទីច្រើនជាងគេក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ និងជាប្រធានក្រុមដែលជួយឲ្យក្រសួងការពារជាតិឈ្នះពានរង្វាន់សម្តេច ហ៊ុន សែនផងដែរ។
បន្ទាប់ប្រកួតចាញ់ម៉ាឡេស៊ី ១ទល់០ នេះ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នៅថ្ងៃទី១២ វិច្ឆិកា មុននឹងប៉ះជាមួយឡាវ នៅថ្ងៃទី២០ វិច្ឆិកា ។ កម្ពុជា នឹងប្រកួតជាមួយវៀតណាម នៅថ្ងៃទី២៤ វិច្ឆិកា ក្នុងការប្រកួតដណ្តើមពានរង្វាន់ AFF Suziki Cup 2018 ៕