ព្រះអង្គ គូ សុភាព ប្រាប់​ពី​វិធី​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​
ជាតិ
សង្គមជាតិ
ព្រះអង្គ គូ សុភាព ប្រាប់​ពី​វិធី​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​
10, Nov 2018 , 1:40 pm        
រូបភាព
​សៀមរាប​៖ បច្ចុប្បន្ន​មិន​ថា​មនុស្ស​ចាស់ ឬ​ក្មេង តែងមាន​អារម្មណ៍មិនល្អ ឆាប់​ខឹង ស្មុគស្មាញ​នឹង​ការងារ លុយកាក់ ។​ល​។ កត្តា​នេះ ងាយ​នឹង​ឲ្យ​ពួកគេ​កើត​ជំងឺស្ដ្រេស និង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ផងដែរ​។ ដើម្បី​កុំ​ឲ្យ​កើត​អារម្មណ៍​ទាំងនេះ ព្រះ​តេជគុណ គូ សុភាព អ្នក​អប់រំ​ផ្លូវចិត្ត​ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា និង​ជា​សាស្ដ្រាចារ្យ​នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ដ្រ បានផ្តល់​ឱវាទ​មួយចំនួន អប់រំ​ចិត្ត​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​។​

 
​តាម​ព្រះ​ភិក្ខុ គូ សុភាព ពិធី​សាស្ដ្រ​កុំ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត គឺ​គួរ​អាន​សៀវភៅ​អប់រំ​ចិត្ត ទម្លាក់​សម្ពាធ​ការងារ​ធ្ងន់ៗ​ចោល រៀន​ដោះលែង​ខ្លួនឯង រឿង​មិនល្អ​គួរ​កុំ​យក​ដាក់​ក្នុង​ខ្លួន​ច្រើន មាន​ពេល​សមាធិ ដើរ​កម្សាន្ត រៀន​សេពគប់​មនុស្ស​មានទឹក​ចិត្តល្អៗ ចិត្តស្ងប់ រៀនសូត្រ​ពី​ពួកគេ និង​បើក​ចិត្ត​ទទួល​រឿងរ៉ាវ​ល្អៗ​។​


 
​ព្រះ​ភិក្ខុ​អង្គ​នេះ មាន​ថេរ​ដីកា​ថា រាល់ថ្ងៃ​មនុស្ស​មាន​សម្ពាធ​នៅក្នុង​ជីវិត​កាន់តែច្រើន ខ្លះ​ទាក់ទង​នឹង​ការងារ លុយកាក់ សង្គម គ្រួសារ​។​ល​។ កង្វះ​នៃ​ការអប់រំ​ផ្លូវចិត្ត អាច​បណ្តាល​ឲ្យ​មាន​ជំងឺផ្លូវចិត្ត​បាន​យ៉ាង​ងាយ​។ ក្នុង​កម្មវិធី​សមាធិ​ដើម្បី​សុខភាព​ផ្លូវចិត្ត ដែល​រៀបចំឡើង​កាលពី​ថ្ងៃទី​៦ វិច្ឆិកា នៅ​សណ្ឋាគារ​សុខា​សៀមរាប ព្រះអង្គ បាន​មាន​សង្ឃដីកា​ថា បុគ្គល​ខ្លះ​មាន​សុខភាព​ផ្លូវកាយ​ល្អ តែ​ចិត្ត​មិនល្អ គឺ​ស្មុគស្មាញ ស្ដ្រេ​ស ដូច្នេះ​គុណភាព​ជីវិត​ពួកគេ​ក៏​មិនល្អ​ប្រសើរ​ដែរ​។ សម្ភារ​ខាងក្រៅ​អាចជួយ​ផ្លូវ​ចិត្តបាន​ខ្លះ តែ​មិនអាច​ធានាថា​មាន​សេចក្តីសុខ​បានឡើយ​។ 


 
​លោកស្រី ដួង សុភាព ប្រធាន​ក្លឹប​ធនធានមនុស្ស​ខេត្តសៀមរាប និង​ជា​អ្នក​ផ្តើម​រៀបចំ​កម្មវិធី​សមាធិ​នេះ បាន​ឲ្យ​ដឹងថា កម្មវិធី​សមាធិ​នេះ ធ្វើឡើង​ដោយ​មើលឃើញថា មាន​យុវជន​ច្រើន​ចាប់អារម្មណ៍​នឹង​ការអប់រំ​ផ្លូវចិត្ត ដែល​ខុស​ពីមុន​មានតែ​មនុស្ស​ចាស់​។ លោកស្រី​បន្ថែមថា យុវវ័យ​ឥឡូវ​មាន​បញ្ហា​ស្ដ្រេ​ស​ច្រើន​ទាក់ទង​នឹង​ការងារ សង្គម គ្មាន​ពេល​សម្រាប់​ខ្លួនឯង ដូច្នេះ​ពួកគេ​មាន​ពេល ៣​ម៉ោង ក្នុងការ​សមាធិរ​ដើម្បី​សេចក្តីសុខ​ខ្លួនឯង ហើយ​ប្រាសចាក​ពី​រឿង​ដែល​កន្លងមក​។​


 
​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ក្លឹប​ធនធានមនុស្ស​ខេត្តសៀមរាប​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដោយ​លើកទីមួយ ធ្វើ​ក្នុង​ខែ កក្កដា នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ហើយ​លើក​ទី​ពីរ​នេះ មាន​មនុស្ស​ចូលរួម​ប្រមាណ ៣០០​នាក់ មកពី​ស្ថាប័ន​ខុសៗ​គ្នា ដូចជា​សណ្ឋាគារ ក្រុមហ៊ុន​ទេសចរណ៍ ធនាគារ អ្នករកស៊ី មគ្គុទ្ទេសក៍​ទេសចរណ៍ ជាដើម​៕



Tag:
 ព្រះអង្គ គូ សុភាព​
© រក្សាសិទ្ធិដោយ thmeythmey.com