ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធី​ទាំងនេះ​អាចជួយ​បាន បើសិនជា​អ្នកមាន​បញ្ហា​នោម​ឈឺ​
11, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​នោម​មក​មាន​លក្ខណៈ​ឈឺចាប់ ឬ​ក្រហាយៗ មិនមែនជា​ជំងឺ​ទេ តែ​វា​ជា​រោគសញ្ញា​មួយ​ដែល​កើតឡើង​នៅពេល​មាន​អ្វី​ខុសធម្មតា​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ ឧទាហរណ៍ ការ​នោម​ឈឺ​លើ​ស្ត្រី ប្រហែលជា​បង្កឡើង​ដោយសារតែ​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​។ សម្រាប់​បុរស វា​អាច​កើតឡើង​ដោយសារតែ​ការ​រលាក​ក្រពេញ​ប្រូ​ស្តា​ត ឬ​រលាក​បង្ហួរនោម​។ មូលហេតុ​ញឹកញាប់​ផ្សេងៗ​ទៀត​នៃ​ការ​នោម​ឈឺ​ដែរនោះ​មានដូចជា គ្រួស​ក្នុង​តម្រងនោម ការបង្ក​រោគ​ផ្សិត​នៅ​ទ្វារមាស ជំងឺ​កាមរោគ និង​អាចទាក់ទង​នឹង​ការ​កង្វះ​អនាម័យ និង​មិនបាន​ញ៉ាំ​ទឹក​គ្រប់គ្រាន់​។


 
​យក​ល្អ​គួរតែ​ស្វែងរក​ការព្យាបាល​ពី​គ្រូពេទ្យ និង​ដើម្បី​កំណត់ថា​មាន​មូលហេតុ​អ្វីដែល​ធ្វើ​ឲ្យ​នោម​ឈឺ ទើប​មានការ​ព្យាបាល​បាន​ត្រឹមត្រូវ​។ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ខ្លះៗ​ក្នុងការ​ដោះស្រាយ​ការ​នោម​ឈឺ​៖
 
​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​
 
​ការ​ខ្សោះ​ជាតិ​ទឹក​គឺជា​មូលហេតុ​ញឹកញាប់​មួយ​នៃ​ការ​នោម​ឈឺ​។ បើសិន​វា​ជា​មូលហេតុ​មែន អ្នក​ពិតជា​អាច​ព្យាបាល​វា​ដោយ​ងាយ​តាមរយៈ​ការផឹក​ទឹក​ឲ្យ​បាន​ច្រើន​។ ករណី​នោម​ឈឺ​បង្កឡើង​ដោយ​បាក់តេរី ការ​ញ៉ាំ​ទឹកបាន​ច្រើន នឹង​ជួយ​ច្រោះ​មេរោគ​ចេញពី​ប្លោកនោម និង​តាម​បង្ហួរនោម​បាន​។ 

​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​មួ​យ​កែវ​
 
​ដោយសារ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មាន​សមត្ថភាព​ប្រឆាំងនឹង​មេរោគ​ដែរ ដូច្នេះ​វា​ប្រហែលជា​ជួយ​បំបាត់​ការ​នោម​ឈឺ​បើសិនជា​បង្កឡើង​ដោយ​បាក់តេរី​។ ក្រៅពី​សម្លាប់​បាក់តេរី ភាព​ជូរ​របស់​ទឹក​នេះ​នឹង​ជួយ​ស្តារ​នូវ​កម្រិត pH ធម្មតា​របស់​រាងកាយ ហើយក៏​មិនអាច​ឲ្យ​មេរោគ​លូតលាស់​បាន​ថែមទៀត​ដែរ​។ ចូរ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​មួយ​ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​មួយ​កែវ ហើយ​ញ៉ាំ​វា​ពីរដង​ក្នុង​មួយថ្ងៃ​។ 

​ញ៉ាំ​យ៉ា​អួរ​រាល់ថ្ងៃ​
 
​វា​មិនមាន​អ្វី​ជា​អាថ៌កំបាំង​ឡើយ​ថា យ៉ា​អួរ​មាន​បាក់តេរី​ល្អៗ​រាប់លាន ដែល​អាចជួយ​គ្រប់គ្រង​បាក់តេរី​អាក្រក់​ក្នុង​ពោះវៀន​បាន​។ ការដែល​ញ៉ាំ​យ៉ា​អួរ​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​មួយថ្ងៃ អាចជា​វិធី​ព្យាបាល​មួយ​លើ​ករណី​នោម​ឈឺ​ដែរ ជាពិសេស​បើសិនជា​វា​បង្កឡើង​ដោយ​បាក់តេរី​។ ចូរ​ប្រាកដថា អ្នក​ជ្រើសរើស​ផលិតផល​យ៉ា​អួរ​សុទ្ធ​ល្អ​។​
 
​ញ៉ាំ​តែ​ខ្ញី​មួយ​ទៅ​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ​
 
​រឿង​ដ៏​ល្អ​បំផុត​អំពី​ខ្ញី​គឺ វា​មិន​គ្រាន់តែ​ជួយផ្តល់​ក្លិន​ដល់​អាហារ​ទេ តែ​ក៏​អាច​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​ជាច្រើន​ដែល​បង្កឡើង​ដោយ​មេរោគ និង​ហើម​ដែរ​។ នេះ​ដោយសារតែ​ខ្ញី​មាន​សមត្ថភាព​សម្លាប់​មេរោគ និង​ប្រឆាំង​ការ​រលាក​យ៉ាង​អស្ចារ្យ​។ ការ​ញ៉ាំ​តែ​ខ្ញី​មួយ​ទៅ​ពីរ​ពែង​ក្នុង​មួយថ្ងៃ ប្រហែលជា​ជួយ​បញ្ឈប់​ការ​នោម​ឈឺ​បាន​។ 

​ញ៉ាំ​ទឹកដូង​ស្រស់​
 
​ការផឹក​ទឹកដូង​ប្រហែលជា​ជួយ​ដោះស្រាយ​ការ​នោម​ឈឺ​បាន​។ អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ទឹកដូង​ត្រូវបាន​គេ​ណែនាំ​ថា ជា​ឱសថ​ព្យាបាល​បញ្ហា​ច្រើន​ប្រភេទ ជាពិសេស​ទាក់ទង​នឹង​ប្រព័ន្ធ​ទឹក​ម៉ូ​ត្រ​តែម្តង​។ ការ​នោម​ឈឺ​ប្រហែលជា​បាត់ទៅ​វិញ​លឿន​តាមរយៈ​ការ​ញ៉ាំ​ទឹកដូង​ពីរ​កែវ​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com