ជាតិ
ក្រសួងកសិកម្ម ចែក​គោ​១២៨​ក្បាល ដល់​ពលរដ្ឋ​ខេត្តកំពង់ឆ្នាំង ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើន​ប្រាក់ចំណូល​
10, Nov 2018 , 7:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​អង្គការ Muslim Aid បាន​ចែក​គោ ១២៨​ក្បាល ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន​៦៤ គ្រួសារ ក្នុង​ខេត្តកំពង់ឆ្នាំង ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​គោ​ពីរ​ក្បាល គឺ​គោ​ញី​មួយ និង​ឈ្មោល​មួយ ។

 
​អង្គការ Muslim Aid មាន​គម្រោង​ចែក​គោ​នេះ រយៈពេល​៣​ឆ្នាំ គឺ​២០១៨-២០២១ ដែល​ត្រូវអនុវត្ត​លើ​ភូមិ​ចំនួន​៣០ ក្នុងស្រុក​កំពង់ត្រឡាច ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលមាន​កសិករ​ក្រីក្រ​ចំនួន ៦០៥ គ្រួសារ​នឹង​ទទួលផល​ពី​គម្រោង​ដោយ​ត្រង់ និង​ដោយ​ប្រយោល​ប្រមាណ ៤៩,១៥០ គ្រួសារ​។ នេះ​តាម​ការចុះផ្សាយ​របស់​ក្រសួងកសិកម្ម​។ 
 
​តាមរយៈ​គម្រោង​នេះ​ក្រសួងកសិកម្ម និង​អង្គការ Muslim Aid បាន​យក​គោ​១២៨​ក្បាល ចែក​ពលរដ្ឋ​ក្រីក្រ​៦៤​គ្រួសារ ក្នុងភូមិ ច្រក​រមៀត ឃុំ​ឈូកស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លើកឡើងថា​៖ «​ការចែក​គោ​ចិញ្ចឹម​ជូន​ប្រជាពលរដ្ឋ​នេះ គឺជា​រួមចំណែក​ក្នុងការ​ផ្តល់​ពូជ​ដល់​ប្រជាជន​យើង និង​ជួយ​ឲ្យ​គាត់​មានលទ្ធភាព​ធ្វើ​ជីធម្មជាតិ​សម្រាប់​ដាក់​ដំណាំ​កសិកម្ម​របស់គាត់ ជៀសវាង​ការប្រើប្រាស់​ជីគីមី​ច្រើន​នាំអោយ​ខូច​ដី និង​ប៉ះពាល់​ដល់​សុខភាព​ក្នុងការ​រស់នៅក្នុង​សហគមន៍​របស់គាត់​»​។​


 
​លោក វ៉េង សាខុន បាន​ស្នើសុំ​អង្គការ​ពិនិត្យ​លទ្ធភាព​ពង្រីក​កម្មវិធី​គម្រោង​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​នៅតាម​តំបន់ ឬ​ខេត្ត ដែលមាន​ជនជាតិ​ឥស្លាម​រស់នៅ​ច្រើន ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​។ លោក សាខុន ស្នើ​ឲ្យ​ប្រជាកសិករ​ដែល​ទទួលបាន​គោ​នេះ យកចិត្តទុកដាក់​មើលថែរក្សា គង់វង្ស និង​ទទួលបាន​ការរីកចម្រើន ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ ។​
 
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បានស្នើ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង ឲ្យ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ជួយឧបត្ថម្ភ​ផ្តល់​សេវា​បច្ចេកទេស លើ​ការថែទាំ​សុខភាព​សត្វ និង​ការ​បង្កាត់​ពូជ​សិប្ប​និមិត្ត ដល់​ប្រជាកសិករ​ដែល​ទទួលបាន​គោ ដើម្បី​លើកកម្ពស់​ក្នុងការ​បង្កើន​ចំណូល​របស់​កសិករ​ប​ន្ថែ​ម​ទៀត​។​
 
​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ទទួលបាន​គោ​ពី​អង្គការ គឺជា​ស្ត្រី​ដែល​ដឹកនាំ​គ្រួសារ​មានលទ្ធភាព​តិចតួច​ក្នុងការ​ទទួលបាន​ទ្រព្យ​សម្បត្តិ​, គ្រួសារ​មាន​ជនពិការ​និង​ត្រូវ​ចុះឈ្មោះ​ជា​ជនក្រីក្រ​, ជនជាតិដើម​ភាគតិច ដែលមាន​ទ្រព្យសម្បត្តិ​តិចតួច និង​ជា​ជនជាតិខ្មែរ​ឥស្លាម​។ ហើយ​មុននឹង​ទទួលបាន​គោ​ទៅ​ចិញ្ចឹម ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​បច្ចេកទេស​ជា​មូលដ្ឋាន​ជាមុនសិន  ដើម្បី​ធានាថា ពួកគាត់​ចេះ​មើលថែរក្សា​សត្វ​បានល្អ​ទាំង​ការផ្តល់​ចំណី ការការពារ និង​ព្យាបាល​ជំងឺ​។ នេះ​បើតាម​ក្រសួងកសិកម្ម​។​
 
​នេះ​គឺជា​កម្មវិធី​ទី​២​ហើយ ដែល​អង្គការ Muslim Aid ចែក​គោ​ជូន​ចំនួន​១២៨ ក្បាល ជូន​ប្រជាជន​ចំនួន​៦៤​គ្រួសារ ដោយ​គ្រួសារ​នីមួយៗ​ទទួលបាន​គោ​ពីរ​ក្បាល ញី​មួយ និង​ឈ្មោល​មួយ (​ចែកជូន​១​ក្បាល និង​១​ក្បាល​ទៀត​ធ្វើការ​ប្រ​វ៉ាស់​គ្នា​) ។ ដោយឡែក​កម្មវិធី​ទី​១ គឺ​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៨ កន្លងទៅ ដែល​បាន​ចែក​គោ​ចំនួន ១១២​ក្បាល ជូន​ប្រជាកសិករ​ក្រីក្រ​ចំនួន ៥៦​គ្រួសារ មកពី​១២​ភូមិ ក្នុង​៤​ឃុំ ក្នុងស្រុក​កំពង់ត្រឡាច​។ ក្នុងអំឡុង​ខែធ្នូ​ខាងមុខ អង្គការ នឹង​ចែក​គោ​ដល់​គ្រួសារ​ក្រីក្រ​ចំនួន​៤០ បន្ថែមទៀត ដែល​សរុប​ទាំង ៣​លើក មាន​ចំនួន​១៦០​គ្រួសារ​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕ 

Tag:
 ​វ៉េង សាខុន​
  កសិកម្ម​
  កំពង់ឆ្នាំង​
© រក្សាសិទ្ធិដោយ thmeythmey.com