កំណាព្យ
ជាតិ
កំណាព្យ​៖ រដូវរងា​នៅ​ស្រុក​ខ្មែរ​មានន័យ​ដូចម្តេច​?
10, Nov 2018 , 8:59 pm        
រូបភាព
រូបភាព៖ AFP​      ​
រូបភាព៖ AFP​ ​
ដោយ: ថ្មីៗ


កំណាព្យ​៖ រដូវរងា​នៅ​ស្រុក​ខ្មែរ​មានន័យ​ដូចម្តេច​? 

​បទ ពាក្យ​៨

-​ កុកក្រក​ឡក​ច្រៀង​ដៀង​ត្រី​ក្រឹម​ ​ក្រាញ់​សន្សឹម​ហែល​អែប​ត្រី​អណ្តែង​
​ឆ្លូញ​ឆ្លាំង​កំពឹស​ចង្វា​ក៏​ស្វែង​ ​ថ្ងៃ​ក្តៅហែង​ខ្លាចក្រែង​ទឹក​រីង​ស្រក​។​
 
-​ ក្តាម​ក្តៅ​ចូល​រន្ធ​គន់មើល​ផ្ទោង​ផ្ទក់​ ​ខ្លាច​ប៉ះ​ជ្រក់​ដូច​កង្កែប​គេ​បក​
​បំពង​អាំង​ឆា​ថា​ត្រូវ​បាយកក​ ​រីឯ​ផ្អក​ត្រី​ត្រូវ​ប្រពាយ​ខ្ចី​។​
 
- ​ផ្នក់ទឹក​ផ្កា​លឿង​សឿង​ពាសពេញ​វាល​ ​ស្រូវ​ស្រគាល​ស្លាបសេក​ផ្តេក​ថ្មីៗ​
​សូរសៀង​ខ្លែងឯក​សម្រែក​បក្សី​ ​ដល់​រាត្រី​ខ្យល់​បក់​ស្រក់​សន្សើម​។​
 
-​ ត្រី​ចូល​អន្លង់​ទ្រង់​ត្រូវ​អន្លក់​ ​អណ្តែង​ផ្ទក់​អាំង​ជ្រក់​ឆ្ងាញ់​សម្បើម​
​ស្តៅ​ផ្កា​មិនទាន់​គេ​បេះ​គ្រប់​ដើម​ ​ចាស់​ផ្តួចផ្តើម​ផ្សំផ្គុំ​ផ្គូ​កូនចៅ​។​
 
-​ អធ្រាត្រ​ឆ្កែ​លូ​ពូ​បោក​កណ្តាប់ ប៉ូ​ក​ប៉ាក​ប៉ាប់​ដល់​ភ្លឺ​បាន​រាប់​តៅ​
​ថ្ងៃ​រះ​មីង​រោយ​ហាល​ទាន់​ថ្ងៃ​ក្តៅ​ ​តា​យាយ​ហៅ​គ្នីគ្នា​ទៅ​កឋិន​។​
 
-​ ក្រមុំ​មេម៉ាយ​លែបខាយ​សម្តី​ ប្រុស​ចូល​ស្តី​ព្រម​ហើយ​ឲ្យ​តែ​ប៉ិន​
​សម្បូរ​ខ្មៅ​ខ្មែរ​ឬក៏​កាត់​ចិន​ ​គិត​មើល​សិន​បើ​ប៉ះ​ប្រុស​ប្រមឹក​។​
 
-​ ពូ​ខ្លះ​ឡើងត្នោត​ពិសោធន៍​សំនៀង ហួច​ហើយ​ច្រៀង​ជាន់​ធាង​ដៃ​វែក​ស្លឹក​
​សម្លឹង​មីង​ច្រូត​រួច​ន្អាលនឹង​ដឹក តា​បង្វឹក​ឲ្យ​ចៅ​ចេះ​ធ្វើ​ខ្លែង​។ 
 
-​ នេះហើយ​ហេមន្តរដូវ​ស្រុក​យើង​ ​ខ្យល់​ពី​ជើង​ផាត់​អស់​ទុក្ខ​ចំបែង​
​សប្បាយ​ស្រុកស្រែ​ស្មេរ​ធ្លាប់​ជួប​ស្តែង រឿងនេះ​តែង​រៀបរាប់​មាន​ច្រើន​ទៀត​៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com