អន្តរជាតិ
រដ្ឋាភិបាលថៃជឿថា លោក Jack Ma នឹងជួយជំរុញវិស័យទេសចរណ៍ខ្លួនឲ្យកាន់តែរីកចម្រើន
× រដ្ឋាភិបាលក្រុងបាងកក បានស្នើឲ្យក្រុមហ៊ុនអនឡាញលំដាប់ពិភពលោក Alibaba របស់លោក Jack Ma ជួយជំរុញ និងអភិវឌ្ឍវិស័យទេសចរណ៍ថៃឲ្យកាន់តែរីកធំធាត់ ពិសេសនោះជួយផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរចិនមកកាន់ទឹកដីថៃឲ្យកាន់តែច្រើន។ ក្រុងបាងកក ក៏បានស្នើឲ្យក្រុមហ៊ុនលំដាប់ពិភពលោកមួយនេះ បន្តអភិវឌ្ឍពាណិជ្ជកម្មតាមបែបអេឡិចត្រូនិកកាន់តែប្រសើរផងដែរ។
ក្រោយជំនួបក្នុងក្រុងសៀងហៃ ប្រទេសចិន នៅថ្ងៃ៦ វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីថៃ Somkid Jatusripitak បានឲ្យដឹងថា ប្រធានក្រុមហ៊ុន Alibaba បានយល់ព្រមតាមសំណើរបស់រដ្ឋាភិបាលថៃក្នុងការជួយលើកកម្ពស់ និងផ្សព្វផ្សាយទេសចរណ៍ថៃតាមរយៈការផ្សាយពាណិជ្ជកម្មតាមអនឡាញ ដែលអាចទាក់ទាញភ្ញៀវទេចរចិនរាប់សិបលាននាក់បាន។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ Bangkok Post លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា ក្រុមហ៊ុន Alibaba ពេញចិត្តនឹងជួយវិស័យទេសចរណ៍របស់ថៃ ហើយ ក៏បានស្នើឲ្យភាគីថៃរៀបចំធ្វើឃ្លីបវីដេអូខ្លី ដែលមានរយៈពេលត្រឹមតែ២០វិនាទី ដែលអាចបង្ហាញថាភ្ញៀវទេសចរអាចកម្សាន្តនៅថៃយ៉ាងរីករាយ ដើម្បីឲ្យក្រុមហ៊ុនផ្សព្វផ្សាយនៅក្នុងប្រព័ន្ធពាណិជ្ជកម្មអនឡាញរបស់ខ្លួន។
តាមលោកឧបនាយករដ្ឋមន្ត្រី ឃ្លីបវីដេអូ អាចនឹងត្រូវបានដាក់ផ្សាយនៅលើក្រុមហ៊ុនឡាញ Alibaba នៅថ្ងៃ១១ វិច្ឆិកាខាងមុខនេះ ដ្បិត ក្រុមហ៊ុន នឹងមានរៀបដាក់លក់អនឡាញធំបំផុតប្រចាំឆ្នាំនៅថ្ងៃនោះ។ លោកឧបនាយករដ្ឋមន្ត្រីចាត់ទុកថា នេះ ជាឱកាសមាសមួយសម្រាប់ថៃ ក្នុងការផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសទៅដល់ប្រជាជនរាប់រយលាននាក់។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនលំដាប់ពិភពលោកដដែលនោះ បានឯកភាពក្នុងការបង្កើនការវិនិយោគបន្ថែមទៅតំបន់សេដ្ឋកិច្ចច្រករបៀងភាគខាងកើតនៃប្រទេស ដើម្បីប្រែក្លាយតំបន់ទាំងនោះឲ្យទៅជាមជ្ឈមណ្ឌល នៃផលិតផលសម្រាប់ផ្គត់ផ្គង់ក្នុងប្រទេស និងតំបន់ផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រីថៃ។
នាកិច្ចប្រជុំធុរកិច្ចចិន និងអាស៊ានកន្លងទៅ ស្ថាបនិកក្រុមហ៊ុនលំដាប់ពិភពលោក Alibaba លោក Jack Ma ធា្លប់បានអះអាងរួចហើយថា លោក នឹងបង្កើនវិនិយោគនៅក្នុងតំបន់អាស៊ាន ជាដៃជាគូដៃពាណិជ្ជកម្មដ៏ធំរបស់ចិន។ ថៃ ក៏ស្ថិតនៅក្នុងទិសដៅសំខាន់របស់លោក ក្នុងការបោះទុនដើម្បីវិនិយោគ និងអភិវឌ្ឍពាណិជ្ជកម្មក្នុងសម័យឌីជីថល ឬពាណិជ្ជកម្មអេឡិចត្រូនិក។
កាលពីខែមេសាកន្លងទៅ លោក Jack Ma បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រីថៃ Prayuth Chan O Cha ដោយពេលនោះ សហស្ថាបនិក Alibaba បានសន្យាជួយលើកកម្ពស់ផលិតផលកសិកម្មថៃ ជាពិសេសលើផលិតដូងប្រេង អង្ករ កៅស៊ូ ក៏ដូចជាអភិវឌ្ឍសហគ្រិនភាពរបស់ថៃ និងកសិកម្មសម័យទំនើបដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងបទពិសោធល្អរបស់ Alibaba ពាក់ព័ន្ធផ្នែកពាណិជ្ជកម្មតាមអេឡិចត្រូនិក៕
Tag:
ថៃ
Alibaba
អាស៊ាន
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com