ជាតិ
ក្នុងឆ្នាំ២០១៨នេះ មន្ទីរពេទ្យកុមារអង្គរ ខ្វះថវិកាសម្រាប់ព្យាបាលកុមារប្រមាណ ៧០ម៉ឺនដុល្លារ
× សៀមរាប៖ មន្ទីរពេទ្យកុមារអង្គរ គឺជាមន្ទីរពេទ្យទីពីរដែលព្យាបាលកុមារកម្ពុជាដោយឥតគិតថ្លៃ បន្ទាប់ពីមន្ទីរពេទ្យគន្ធបុប្ផា។ ជារៀងរាល់ថ្ងៃ មានកុមារប្រមាណ ៥០០នាក់ ដែលមកទទួលការព្យាបាលពីមន្ទីរពេទ្យមួយនេះ។ ជាមួយគ្នានេះដែរ ដោយសារអ្នកជំងឺមានការកើនឡើង និងការរកចំណូលពីខាងក្រៅស្រុកមិនបានគ្រប់ចំនួននោះ ធ្វើឱ្យមន្ទីរពេទ្យនេះមានកង្វះថវិកាសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០១៨។ តាមការលើកឡើងរបស់ប្រធានផ្នែកទំនាក់ទំនងសាធារណៈ មន្ទីរពេទ្យនេះខ្វះថវិកាប្រមាណ ៧០ម៉ឺនដុល្លារទៀត ដើម្បីបង្គ្រប់ការចំណាយក្នុងឆ្នាំ ២០១៨។
លោកស្រី ស៊ិនកេត អារុណ ប្រធានផ្នែកទំនាក់ទំនងសាធារណនៃមន្ទីរពេទ្យកុមារអង្គរ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែចុងឆ្នាំនេះ មន្ទីរពេទ្យខ្វះថវិកាចំនួន ៧០ម៉ឺនដុល្លារក្នុងគម្រោងចំណាយ ៦,៥លានដុល្លារក្នុងឆ្នាំ ២០១៨។ យ៉ាងណា កង្វះថវិកានេះមិនបានប៉ះពាល់ដល់ការព្យាបាលកុមារដោយផ្ទាល់ទេ តែធ្វើឱ្យរាំងស្ទះគម្រោងមួយចំនួន ដូចជាការទិញសម្ភារ ឧបករណ៍ព្យាបាលកុមារ ដោយមិនបានទិញមកប្រើប្រាស់តាមតម្រូវការនោះទេ។
ដោយសារជាមន្ទីរពេទ្យដែលព្យាបាលកុមារដោយឥតគិតថ្លៃ ជារៀងរាល់ឆ្នាំខាងមន្ទីរពេទ្យត្រូវការស្វែងរកថវិកាដើម្បីទ្រទ្រង់ការចំណាយផ្សេងៗ។ ជាទូទៅ ផែនការស្វែងរកថវិកា គឺគោលដៅក្រៅស្រុកចំនួន ៩០ភាគរយ និងក្នុងស្រុក ត្រឹម១០ភាគរយតែប៉ុណ្ណោះ។ លោកស្រី ស៊ិនកេត អារុណ បញ្ជាក់ថា ក្នុងឆ្នាំ ២០១៨នេះ ការស្វែងរកថវិកានៅក្នុងស្រុកមានបរិមាណច្រើនហួសពីការគ្រោងទុក គឺផែនការរកតែ ៤០ម៉ឺនដុល្លារទេ តែដោយមានការផ្សព្វផ្សាយ និងមានសប្បុរសជនច្រើនចូលរួម ថវិកាដែលរកបានរហូតដល់ជិត ៥០ម៉ឺនដុល្លារ៕
Tag:
មន្ទីរពេទ្យកុមារអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com