អន្តរជាតិ
អាមេរិកថា ខ្លួនគ្មាននយោបាយហ៊ុមព័ទ្ធចិនទេ តែចង់ឲ្យចិនមានការទទួលខុសត្រូវ
× មន្ត្រីកំពូលយោធា និងកិច្ចការការបរទេសរបស់អាមេរិក និងចិន បានជួបគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា នៅទឹកដីអាមេរិកដើម្បីជជែកពីបញ្ហាសន្តិសុខប្រទេសទាំងពីរ។ ជំនួបនេះ ធ្វើឡើងចំពេលដែលមហាអំណាចទាំងពីរកំពុងជាប់ផុងក្នុងជម្លោះពាណិជ្ជកម្ម ដែលរកច្រកចេញមិនទាន់ឃើញផងនោះ។ មន្ត្រីអាមេរិកបានប្រាប់ភាគីចិនថា ខ្លួនគ្មានគំនិតធ្វើសង្គ្រាមត្រជាក់អ្វីឡើយ គ្រាន់តែចង់ឲ្យចិនធ្វើអ្វីឲ្យមានការទទួលខុសសម្រាប់ទំនាក់ទំនងទ្វេភាគី។
រដ្ឋមន្ត្រីការបរទេស ម៉ៃ ប៉ុមប៉េអូ និងរដ្ឋមន្ត្រីការពារជាតិ ជេម ម៉ាធីស បានស្វាគមន៍មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិន យ៉ាង ជាឈី និងប្រមុខការពារជាតិចិន វៃ ហ្វឹងហឺ បានជួបចរចានាកិច្ចសន្ទនាការទូត និងសន្តិសុខអាមេរិក-ចិន ដែលជាជំនួបប្រចាំឆ្នាំរវាងអាមេរិក និងចិន។ យ៉ាងណាមិញ ជំនួបនេះបានបញ្ចប់ទៅដោយមិនមានលទ្ធផលផ្លែផ្កាអ្វីទេ ខណៈអាមេរិក និងចិនកំពុងស្ថិតក្នុងស្ថានភាពមិនត្រូវគ្នាស្ទើរគ្រប់ជំពូកទៅហើយ។
គោលនយោបាយតឹងតែងរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើឲ្យចិនក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង។ ក្រុងប៉េកាំងធ្លាប់ចោទក្រុងវ៉ាស៊ីនតោនថា មិនទាន់បោះបង់គំនិតសង្គ្រាមត្រជាក់នៅឡើយទៀតផង។ មិនមែនតែរឿងពាណិជ្ជកម្មមួយឡើយ អាមេរិក និងចិនក៏ប្រឈមមុខជារឿយៗក្នុងសំណុំរឿងច្រើនទៀតដូចជាជម្លោះទឹកដីនៅសមុទ្រចិនខាងត្បូង និងបញ្ហាតៃវ៉ាន់ទៀតផង។ មុនការបោះឆ្នោតពាក់កកណ្ដាលអាណត្តិ លោក ត្រាំ ក៏រិះគន់ចិនកប់មាត់ទៅទៀត។
យ៉ាងណាមិញ ក្រោយការជួបគ្នានៅថ្ងៃទី៩ ខែវិច្ឆិកា លោក ប៉ុមប៉េអូ និយាយថា អាមេរិកមិនបានអនុវត្តគំនិតសង្គ្រាមត្រជាក់ទេ ហើយក៏គ្មាននយោបាយឡោមព័ទ្ធចិនដែរ។ ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការចរចានៅក្រុងវ៉ាស៊ីនតោនដែលត្រូវបានលើកពេលជាច្រើនដង ប្រមុខការទូតអាមេរិករូបនេះបញ្ជាក់ច្បាស់ៗថា អាមេរិកចង់ធានាថា ចិនធ្វើអ្វីឲ្យមានការទទួលខុសត្រូវ និងរួមចំណែកគាំទ្រសន្តិសុខ និងវិបុលភាពប្រទេសទាំងពីរ។
ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូង ប្រមុខការពារជាតិអាមេរិក ម៉ាធីស ប្រកាសដែរថា អាមេរិកបន្តអនុវត្តសេរីភាពនាវាចរណ៍ដដែលតាមច្បាប់អន្តរជាតិអនុញ្ញាត។ ការលើកឡើងរបស់លោក ម៉ាធីស ត្រូវបានលោក យ៉ាង រិះគន់។ លោក យ៉ាង ដែលជាសមាជិកការិយាល័យនយោបាយបក្សកុម្មុយនីស្តចិនតបថា ចិនអនុញ្ញាតឲ្យមានសេរីភាពនាវាចរណ៍ តែអាមេរិកបែរជាធ្វើយោធូបនីយកម្មនៅតំបន់នោះទៅវិញ ដែលនេះជារឿងចិនមិនយល់ស្របឡើយ។
មន្ត្រីបក្សកុម្មុយនីស្តទទួលបន្ទុកកិច្ចការការបរទេសរូបេះ ក៏ផ្ដាំអាមេរិកឲ្យឈប់បញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកៀកទឹកដី ឬដែនកោះរបស់ចិននៅសមុទ្រចិនខាងត្បូងទៀត និងត្រូវឈប់ធ្វើសកម្មភាពដែលប៉ះពាល់សន្តិសុខ និងអធិបតេយ្យរបស់ខ្លួនផងដែរ។ លោក យ៉ាង បន្ថែមថា ការយកសេរីភាពនាវាចរណ៍ធ្វើជាលេសបង្ហាញសាច់ដុំ មិនមែនជារឿងត្រូវឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com