ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ថា​លោក សម រង្ស៊ី បង្ខំ​ខ្លួន​ឲ្យ​ភ្នាល់ ឯ​លោក សម រង្ស៊ី ថាស​ម្តេច ហ៊ុន សែន ជាប់អន្ទាក់​ខ្លួន
10, Nov 2018 , 5:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន បាន​ឆ្លើយឆ្លង​គ្នា​ទៅវិញទៅមក​ចំនួន​បី​លើក​ហើយ  ពី​រឿង​ដោះលែង​លោក កឹម សុខា និង មិន​ដោះលែង​។


 
​លើក​ទី​បី​នេះ សម្តេច ហ៊ុន សែន បាន​ចោទ​លោក សម រង្ស៊ី ថា​មាន​ចេតនា​ចង់​សម្លាប់​ជីវិត​នយោបាយ​របស់លោក កឹម សុខា ទើប​បបួល​សម្តេច​ភ្នាល់​គ្នា​។ សម្តេច ហ៊ុន សែន ពន្យល់​មហាជន​ថា បើ​សម្តេច មិន​យល់ព្រម​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ទេ សម្តេច នឹងរង​ការ​សើចចំអក​ថា​ជា​ជន​កំសាក​។ សម្តេច ហ៊ុន សែន បកស្រាយ​ថា លោក សម រង្ស៊ី បានធ្វើ​ឲ្យ​សម្តេច ទាល់ច្រក ដោយ​ជៀស​មិន​ផុតពី​ការ​ភ្នាល់​នេះ​។ 
 
​ចំណែក លោក សម រង្ស៊ី ឯណោះ​វិញ បានប្រកាសថា សម្តេច ហ៊ុន សែន បាន​ធ្លាក់​ក្នុង​អន្ទាក់​របស់ខ្លួន និង​ចាញ់​ខ្លួន​បាត់ទៅហើយ បន្ទាប់ពី​សម្តេច ហ៊ុន សែន យល់ព្រម​លេងល្បែង​នេះ​។ លោក សម រង្ស៊ី លើក​ហេតុផល​ថា ការដែល​សម្តេច ហ៊ុន សែន ហ៊ាន​ចេញមក​ភ្នាល់​ជាមួយ​លោក គឺ​បញ្ជាក់ថា សម្តេច ហ៊ុន សែន ជា​អ្នកសម្រេច​ជំនួស​តុលាការ ក្នុង​ការមិន​ដោះលែង​លោក កឹម សុខា​។  
 
​ខាងក្រោម​នេះ គឺជា​ការឆ្លើយ​ឆ្លង​គ្នា​រវាង​លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន​។​
 
​លើកទីមួយ៖​
 
​លោក សម រង្ស៊ី បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​៖ យើង​បានទទួល​ព័ត៌មាន​ពី​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ថា លោក ហ៊ុន សែន នឹង​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០១៨ ក្នុងឱកាស​ខួប​ទី​២០ នៃ​នយោបាយ​ឈ្នះៗ ដែល​លោក ហ៊ុន សែន តែងតែ​យកមក​អួតអាង​។ តាម​ការពិត ការដោះលែង​លោក កឹម សុខា នេះ គឺធ្វើឡើង​ក្រោម​សម្ពាធ​អន្តរជាតិ​សុទ្ធសាធ ហើយ​ជា​ជំហាន​ទីមួយ ដើម្បី​ជៀសវាង​ពី​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​។ ជំហាន​ទី​ពីរ ដែល​លោក ហ៊ុន សែន កំពុងតែ​ទីទើ​នៅឡើយ គឺ​ការបើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដំណើរការ​ឡើងវិញ​។​
 
​ក្រោយ​មួយថ្ងៃ​នៃ​ការអះអាង​របស់លោក សម រង្ស៊ី សម្តេច ហ៊ុន សែន បាន​ទៅ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​-​កម្មការិនី នៅ​ខេត្តតាកែវ ហើយ​ក៏បាន​ឆ្លើយតប​ថា​៖ លោក កឹម សុខា អត់​ទាន់​កាត់ទោស​ទេ អ៊ីចឹង អត់​មានទោស ដែល​ត្រូវ​លើកលែង​ឲ្យ​ឡើយ​។ បើ​មិនទាន់​កាត់ទោស ហ៊ុន សែន គ្មាន​សិទ្ធិ​ថ្វាយ​សំណើ​ទៅ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជទាន​លើកលែងទោស​ឲ្យ​អ្នកណា​ទាំងអស់​។ គ្រាន់តែ​ច្បាប់​ប៉ុណ្ណឹង អ្នកឯង មិន​យល់​ផង​។ ឥឡូវ​អ្នកឯង​ចាំ​មើលទៅ ជាពិសេស​បងប្អូន​ជា​អ្នកគាំទ្រ​ម្នាក់​ហ្នឹង​ទៅ​។ ខ្ញុំ​ផ្ញើ​សារ​ដ៏​ខ្លី​មួយ ថា​ចាំ​សេះ​ដុះ​ស្នែង​។​
 
​លើក​ទី​ពីរ​៖
 
​លោក សម រង្ស៊ី បាន​បន្ត​សរសេរ​សា​រលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​៖ ខ្ញុំ​នៅតែ​ជឿជាក់ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ ឬក៏​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩​។ បើ​ខ្ញុំ​ចាញ់​លោក ហ៊ុន សែន [​ដោយ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​] ខ្ញុំ​សុខចិត្ត​ដើរចូល​ឲ្យ​គាត់​ចាប់​ខ្ញុំ យកទៅ​ឃុំ​ទន្ទឹមនឹង​លោក កឹម សុខា​។​
 
​បន្តិចក្រោយមក សម្តេច ហ៊ុន សែន បានផ្តល់​បទ​សម្ភាស​ឲ្យ​សារព័ត៌មាន​ហ្វ្រេស​ញូ ដើម្បី​ប្រកាស​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី ដោយបាន​លើកឡើងថា​៖ ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​។ បើ​មានការ​ដោះលែង កឹម សុខា មែន ខ្ញុំ សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី​។ ប៉ុន្តែ​បើ លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​ទេ លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់ ហើយ​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់​»​។​
 
​លើក​ទី​បី​៖

​លោក សម រង្ស៊ី បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៨​ថា​៖ មានតែ​តុលាការ​ទេ ដែល​អាច​សម្រេច​ដោះលែង​លោក កឹម សុខា​។ ស្រាប់តែ​លោក ហ៊ុន សែន ថា​ចាំ​សេះ​ដុះ​ស្នែង​។ ទោះ​គាត់​ជា​នាយករដ្ឋមន្ត្រី​ក៏ដោយ រឿង​អី​គាត់​អះអាងថា គាត់​សម្រេច​ជំនួស​តុលាការ​។ គាត់​ទទួលស្គាល់ថា គាត់​ហ្នឹងហើយ ដែល​ដើរតួ​ជំនួស​តុលាការ​។ អ៊ីចឹង គ្រាន់តែ​គាត់ ហ៊ាន​ភ្នាល់​ជាមួយ​ខ្ញុំ គឺ​គាត់​ចាញ់​ខ្ញុំ​បាត់ទៅហើយ​។ [.....] ច្បាប់​នៅ​កម្ពុជា មិនអាច​ចាប់​ជនសង្ស័យ​ណា​ម្នាក់​ទៅ​ឃុំ​លើសពី​១៨​ខែ​ទេ​។ ចាប់​លោក កឹម សុខា ពីថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ អ៊ីចឹង​ដល់​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៩ [​គឺ​គ្រប់​១៨​ខែ​ហើយ​] ដូច្នេះ​អត់​មាន​លេស​អ្វី ដែល​ត្រូវ​ឃុំ​លោក កឹម សុខា បណ្តោះអាសន្ន​ទៀត​ទេ​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​លោក ហ៊ុន សែន ចូលក្នុង​អន្ទាក់​របស់ខ្ញុំ​។ គ្រាន់តែ​គាត់​និយាយ​អ៊ីចឹង គាត់​ចាញ់​ខ្ញុំ​ភ្លាម ព្រោះ​គាត់​បង្ហាញថា​គាត់​ជា​អ្នកសម្រេច​ជំនួស​តុលាការ​។ រឿង​ដែល​គាត់​និយាយថា​អាស្រ័យ​លើ​តុលាការ គឺ​ខុស គឺ​អាស្រ័យ​លើ​គាត់ ព្រោះ​គាត់ ហ៊ាន​ភ្នាល់ មានន័យថា​គាត់​ទេ ជា​អ្នកសម្រេច​ថា​គាត់​មិន​ដោះលែង​លោក កឹម សុខា​។​
 
​ក្នុងថ្ងៃនេះ​ដដែល សម្តេច ហ៊ុន សែន បានផ្តល់​បទ​សម្ភាស​ឲ្យ​សារព័ត៌មាន​ហ្វ្រេស​ញូ​សាជាថ្មី  ដោយបាន​ពន្យល់​ពី​មូលហេតុ ដែល​សម្រេចចិត្ត​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី​ថា​៖ ការដែល​ខ្ញុំ​សម្រេច​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី គឺ​គាត់​បាន​រុញ​ខ្ញុំ​ឲ្យ​ផ្ទប់​ជញ្ជាំង​ដោយ​គ្មាន​ជម្រើស​។ បើ​មិន​ទទួលយក គេ​នឹង​ចោទថា ខ្ញុំ ជា​ជន​កំសាកញី​បំផុត មិន​អង់អាច​ក្លាហាន​។ លោក សម រង្ស៊ី ជា​អ្នករៀបចំ​ផែនការ​ដ៏​អាក្រក់​មួយ​នេះ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់លោក កឹម សុខា ទោះបី​ដឹង​យ៉ាងច្បាស់​ថា ការយក​ជីវិត​មនុស្ស មក​ភ្នាល់​ជា​ល្បែង​នេះ​ជា​រឿង​អគុណ​ធម៌​បំផុត​ក៏ដោយ​។ […..] ករណី​ភ្នាល់​នេះ​ខ្ញុំ​មិនមែនជា​អ្នក​បបួល​នោះទេ គឺ​លោក សម រង្ស៊ី ជា​អ្នក​បង្ខំ​ខ្ញុំ​ឲ្យ​ទទួលយក​ការ​ភ្នាល់​ដោយ​ចៀស​មិន​ផុត​ជាដាច់ខាត​។​
 
​លោក សម រង្ស៊ី និង សម្តេច ហ៊ុន សែន អាច​នឹង​ឆ្លើយឆ្លង​ជាមួយគ្នា​បន្តទៀត នៅក្នុង​រឿងនេះ​។ ប៉ុន្តែ អ្នក​ទាំងពីរ កំពុងតែ​រង​ការរិះគន់​ដូចគ្នា​ពី​ម​ជ្ឍ​ដ្ឋា​ន​នានា ជាពិសេស​មន្ត្រី​និង​អ្នកគាំទ្រ​នៃ​អតីត​គណបក្សប្រឆាំង​។ 
 
​ពួកគេ សម្តែង​ការខកចិត្ត ដែល​អ្នក​ទាំងពីរ​យក​លោក កឹម សុខា ធ្វើជា​ល្បែងភ្នាល់​យកឈ្នះ​-​ចាញ់​គ្នា​បែបនេះ​។ ទន្ទឹមនឹងនេះ អ្នកខ្លះ បានបង្ហាញ​ក្តី​អាណិត​ចំពោះ​លោក កឹម សុខា​។ 
 
​បច្ចុប្បន្ន លោក កឹម សុខា កំពុង​រស់នៅ​ក្នុងផ្ទះ ដោយ​ជាប់​បម្រាម​យ៉ាង​តឹងរឹង​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ចៅក្រម​ស៊ើ​បសួរ មិន​ឲ្យ​លោក ចេញ​ឆ្ងាយ​ពី​ផ្ទះ​ឡើយ ហើយ​ការជួប​ជនបរទេស ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង ក៏​មិនអនុញ្ញាត​។ លើសពីនេះ លោក ក៏​មិនអាច​ជួប​មន្ត្រី​និង​អ្នកនយោបាយ​នៃ​អតីត​គណបក្ស​ដែរ​៕ 

អត្ថបទទាក់ទង

Tag:
 កឹម សុខា​
  សម រង្ស៊ី​
  ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com