ជាតិ
ទេព ពិសិដ្ឋ ពីខេត្តសៀមរាប ក្លាយជាម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី២
× ទេព ពិសិដ្ឋ ក្លាយជាម្ចាស់ពានកម្មវិធី The Voice Kids Cambodia រដូវកាលទី២ បន្ទាប់ពីគេទទួលបានសំឡេងគាំទ្រច្រើនជាងបេក្ខជន៥រូបទៀត ក្នុងការប្រកួតផ្តាច់ព្រ័ត្រដែលរៀបចំដោយទូរទស្សន៍ហង្សមាសនៅផ្សារអ៊ីអនខណ្ឌសែនសុខ នារាត្រីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា។
កម្មវិធីប្រកួតប្រជែងបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ។ ពិសិដ្ឋ ទទួលបានប្រាក់រង្វាន់១០០លានរៀល ហើយបានក្លាយជាម្ចាស់ពាន The Kids Cambodia បន្ទាប់ពី ពេជ្រ ថៃ។
នៅវគ្គទីមួយ កូនក្រុមរបស់កញ្ញា សួស វិហ្សា ឡើងបកស្រាយមុនគេ ដោយ ផន សៀងលិ អាយុ៨ឆ្នាំពីខេត្តកំពង់ស្ពឺ ច្រៀងបទ «សង្សារអើយឲ្យបងសុំទោស» បន្ទាប់មក វណ្ណ ណាណា អាយុ១៤ឆ្នាំពីខេត្តកណ្តាល ច្រៀងបទ «បៀមព្រះមកស្បថក៏មិនជឿង»។
សម្រាប់កូនក្រុមរបស់លោក ព្រាប សុវត្ថិ វិញ យន់ តុលា អាយុ១៤ឆ្នាំពីខេត្តក្រចេះ បកស្រាយបទ «ដកដង្ហើមហូរទឹកភ្នែក» មុនពេលដែល យ៉ាង ចាន់រតនា អាយុ១៣ឆ្នាំនៅរាជធានីភ្នំពេញ ច្រៀងបទ «គេល្អប៉ុណ្ណាទើបបងភ្លេចអូន»។
ចុងក្រោយគឺកូនក្រុមរបស់កញ្ញា ឱក សុគន្ធកញ្ញា ដោយ ទេព ពិសិដ្ឋ អាយុ១៤ឆ្នាំពីខេត្តសៀមរាប ច្រៀងបទ «ឈឺចិត្តពេកទើបយំ» រីឯ រ៉េត រ៉ែន អាយុ១៤ឆ្នាំពីខេត្តត្បូងឃ្មុំ បកស្រាយបទ «ជើងមេឃពណ៌ខ្មៅ»។
នៅវគ្គទីពីរ គ្រូបង្វឹកនីមួយៗ ត្រូវបានតម្រូវឲ្យច្រៀងជាមួយកូនក្រុម ដោយកញ្ញា សួស វិហ្សា បកស្រាយបទ «កំដរខ្ញុំបន្តិចបានទេ?» ជាមួយ សៀងលិ និងណាណា បន្ទាប់មក លោក ព្រាប សុវត្ថិ លើកយកបទ «ថ្ងៃបាក់រសៀល» ទៅសារសងជាមួយ តុលា និងរតនា និងចុងក្រោយ កញ្ញា ឱក សុគន្ធកញ្ញា ច្រៀងបទ «កាត់ចិត្តបែបណា?» ជាមួយ ពិសិដ្ឋ និងរ៉ែន៕
Tag:
The Voice Kids Cambodia
© រក្សាសិទ្ធិដោយ thmeythmey.com