ជាតិ
កូនប្រុស៖ ស្ថានភាព​ជំងឺ​របស់​ព្រឹទ្ធ​ភិរម្យ​ចាប៉ីដងវែង ប្រាជ្ញ ឈួន ដល់​ដំណាក់កាល​ចុងក្រោយ​
11, Nov 2018 , 11:47 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​ជំងឺ​របស់​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ភិរម្យ ប្រាជ្ញ ឈួន នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ ដល់​ដំណាក់កាល​ចុងក្រោយ​។ នេះ​បើ​យោងតាម​លោក ប្រាជ្ញ ឆាត ដែល​ត្រូវជា​កូន​។​
​លោក ប្រាជ្ញ ឆាត បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ​ថា ស្ថានភាព​ជំងឺ​ឪពុក​របស់លោក ដល់​ដំណាក់កាល​ចុងក្រោយ​។ នេះ​ជា​អ្វីដែល​លោក​បានដឹង ពី​គ្រូពេទ្យ​។ លោក ប្រាប់ទៀតថា ឪពុក​របស់ខ្លួន​កំពុងតែ​ដាក់​បំពង់ខ្យល់​អុកស៊ីសែន​ចូលទៅ​ដល់​សួត​តែម្ដង ដើម្បី​អាច​រក្សា​ជីវិត​បាន​។​


 
​ទោះជា​យ៉ាងណា គ្រូពេទ្យ​ថា បំពង់ខ្យល់​អុកស៊ីសែន​នេះ អាចជួយ​បន្ត​ដង្ហើម ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន បានតែ​រយៈពេល​ពី​៥​ទៅ​៧​ថ្ងៃ​តែប៉ុណ្ណោះ​។​
 
​លោក ប្រាជ្ញ ឆាត បញ្ជាក់ថា​៖«​ឥឡូវ​គ្រូពេទ្យ​ដាក់​បំពង់​អុកស៊ីសែន ចូល​ទៅដល់​ក្នុង​សួត​គាត់​តែម្ដង​។ ហើយ​រាល់ពេល​២​ម៉ោង​ម្ដង​ត្រូវ​យកចេញ​ដើម្បី​ពិនិត្យមើល​ចង្វាក់បេះដូង​។ ខ្យល់​ហ្នឹង​កម្លាំង​វា​ខ្លាំងពេក​ដាក់​យូរពេក​មិនបាន​ទេ អាច​ប៉ះពាល់​ដល់​ជីវិត ហើយ​បើ​មិន​ដាក់​ក៏​មិន​បានដែរ​។ ពេទ្យ​ថា​នេះ​ជា​វិធី​ចុងក្រោយ​ហើយ ដែល​ពេទ្យ​ព្យាយាម​ជួយ​ឱ្យ​គាត់​នៅ​បន្ត​ដង្ហើម​បាន​ប៉ុន្មាន​ថ្ងៃ​ទៀត​»​។​
 
 ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន មាន​ស្ថានភាព​ជំងឺ​រ៉ាំ​រៃ ដូចជា​លើសឈាម បញ្ហា​តម្រងនោម បេះដូង និង​សួត ជាង​១០​ឆ្នាំ​ហើយ​។ កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ស្ថានភាព​ជំងឺ​គាត់​ធ្វើទុក្ខ​ខ្លាំង ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់លោក​ព្រឹទ្ធាចារ្យ សម្រេចចិត្ត​បញ្ជូន​លោក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ មុននឹង​បញ្ជូនបន្ត​មក​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នា​ថ្ងៃទី​៨ ខែវិច្ឆិកា​។​
 
​លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន បច្ចុប្បន្ន​អាយុ​៨២​ឆ្នាំ ដែលមាន​លំនៅដ្ឋាន​អចិន្ត្រៃយ៍​នៅ​ភូមិកំណើត ភូមិ​ត្រពាំង​កក់ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ បាន​ចាប់​អាជីព​ជា​អ្នក​ចាប៉ី ជាង​៧០​ឆ្នាំ​មកហើយ​។ លោក​ត្រូវបាន​ទទួលស្គាល់​ជា​បុគ្គល​ដ៏​មាន​ទេពកោសល្យ​មួយរូប និង​ជាទីគោរព​របស់​ពលរ​ដ្ឋ​កម្ពុជា​៕
 

Tag:
 ប្រាជ្ញ ឈួន
  ចាប៉ីដងវែង​
  សិល្បៈ​
  តន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com