អន្តរជាតិ
របាយការណ៍​៖ រយៈពេល​ជាង​៥០​ឆ្នាំ​មកនេះ សត្វព្រៃ​ជាង​៦០​ភាគរយ​នៅលើ​ផែនដី​បាន​ផុត​ពូជ​
11, Nov 2018 , 2:21 pm        
រូបភាព
​សកម្មភាព​របស់​មនុស្ស​ក្នុងពេល​បច្ចុប្បន្ននេះ​កំពុងតែ​ជះឥទ្ធិពល​អាក្រក់​ទៅលើ​ធម្មជាតិ​និង​សត្វព្រៃ​ដែល​កំពុងតែ​រស់នៅ​លើ​ភពផែនដី​មួយ​នេះ​។  របាយការណ៍​សិក្សា​ថ្មី​មួយ​បង្ហាញថា សកម្មភាព​នេះ​ធ្វើ​ឲ្យ​សត្វព្រៃ​លើស ៦០​ភាគរយ​ផុត​ពូជ​ទៅក្នុង​រយៈពេល​ប្រហែល​ប្រាំ​ទសវត្សរ៍​កន្លងមកនេះ​។​

 
​ការបំពុល​ខ្យល់អាកាស បំពុល​ទឹក ការទាញយក​ធនធាន​ធម្មជាតិ​ច្រើន​ជ្រុល​និង​ការ​បរបាញ់ ឬ​នេសាទ ហួស​កម្រិត​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​សត្វព្រៃ​ទូទាំង​ពិភពលោក​បាត់បង់​ទៅ​យ៉ាងគំហុក​បែបនេះ​។ នេះ បើ​យោងតាម​របាយការណ៍​ស​ន្ទ​ស្សន៍​ជីវិត​រស់នៅ​លើ​ភពផែនដី​របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក World Economic Forum ចុះផ្សាយ​កាលពី​ថ្ងៃទី​៣០​ខែតុលា​កន្លងទៅនេះ​។​
 
ការសិក្សា​ដែលមាន​ការសហការ​ជាមួយ​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក (World Wildlife Fund) បាន​បង្ហាញថា ថនិកសត្វ សត្វ​ស្លាប សត្វ​រស់នៅក្នុង​ទឹក និង​សត្វ​ល្មូ​ន​ជាច្រើន​ប្រភេទ​សរុប​ជាង​៦០%​បាន​បាត់បង់​ក្នុង​រយៈពេល​តែ​ជាង​៥០​ឆ្នាំ​មុននេះ​ប៉ុណ្ណោះ​។​
 
​លោក Marco Lembertini ដែលជា​អ្នកគ្រប់គ្រង​របស់​មូល​និ​ធិ​សត្វព្រៃ​ពិភពលោក​ខាងលើ​ក៏បាន​លើកឡើង​ដូច្នេះ​ថា​៖ «​ក្នុងពេល​អនាគត ក៏ដូចជា​អ្នកជំនាន់ក្រោយ​ពិតជា​មិនអាច​រស់នៅ​ដោយ​ភាពសប្បាយ​រីករាយ​នោះទេ បើ​បរិស្ថាន​ធម្មជាតិ​កំពុងតែ​ឈានទៅរក​ការបំផ្លាញ​យ៉ាង​លឿន​ដូចនេះ​»​។ 
 
​ឧទាហរណ៍  សត្វ​ក្រពើ​មួយ​ប្រភេទ​ឈ្មោះ Gharial ដែល​រស់នៅក្នុង​ប្រទេស​ឥណ្ឌា​កំពុងតែ​ឈានទៅរក​ការ​ផុត​ពូជ​កាន់តែខ្លាំង​នៅពេល​បច្ចុប្បន្ន​។ បើសិនជា​មិនមាន​ការទប់ស្កាត់​ទេនោះ សត្វព្រៃ​នេះ​នឹង​ផុត​ពូជ​នៅពេល​ខាងមុខនេះ​។ 

ជុំវិញ​ការបន្ត​ផុត​ពូជ​នៃ​សត្វព្រៃ​ប៉ុន្មាន​ទស​ត្ស​រ៍​មកនេះ លោក David Attenborough ដែលជា​អ្នកជំនាញ​ខាង​បរិស្ថាន​ធម្មជាតិ​ជើងចាស់​ម្នាក់​របស់​ទូរ​ទស្សន៍​អង់គ្លេស BBC បាន​ហៅ​មនុស្ស​ថា​ជា «​មេរោគ​ដែល​បំផ្លាញ​ភពផែនដី​»​ដែរ​។ 
 
​យ៉ាងណាក៏ដោយ នាពេល​បច្ចុប្បន្ននេះ ទីភ្នាក់ងារ​ពាក់ព័ន្ធ​ជាច្រើន​របស់​អង្គការសហប្រជាជាតិ​ដែលមាន​តួនាទី​ការពារ​បរិស្ថាន​បាន​ប្រារព្ធ​សន្និបាត​រួម និង​រៀប​ចាំ​កិច្ចប្រជុំ​ជាច្រើន​បន្តបន្ទាប់​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​អាច​ស្តារឡើងវិញ​នូវ​ស្ថិរភាព និង​និរន្តរភាព​នៃ​បរិស្ថាន​ធម្មជាតិ​នៅលើ​ពិភពលោក​ដែរ​៕ 

Tag:
 បរិស្ថាន​
  សត្វព្រៃ​
  David Attenborough
© រក្សាសិទ្ធិដោយ thmeythmey.com