ភ្នំពេញ៖ ក្នុងសិក្ខាសាលាស្ដីពីព្រះពុទ្ធសាសនាពិភាក្សាពី "រឿងពិតនៃជីវិត" ដែលរៀបចំដោយសាលាបញ្ញាសាស្ត្រកម្ពុជា កាលពីពេលកន្លងទៅ បានទាក់ទាញយុវវ័យឱ្យចូលរួមគួរឱ្យកត់សម្គាល់។ ទោះជាកម្មវិធីនេះ សម្បូរទៅដោយព្រះសង្ឃ និងមនុស្សចាស់ក្ដី តែគេសង្កេតឃើញថា យុវវ័យដែលមានចំនួនច្រើនគួរសមនោះ បានយកចិត្តទុកដាក់ស្ដាប់វាគ្មិន ដែលជាព្រះសង្ឃ និងគ្រហស្ថបកស្រាយ ពីទ្រឹស្ដីព្រះពុទ្ធសាសនា ដោយយកចិត្តទុកដាក់។
ដើម្បីជ្រាបច្បាស់សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
ក្នុងសិក្ខាសាលាស្ដីពី”រឿងពិតនៃជីវិត” ដែលរៀបចំឡើងដោយសាលាបញ្ញាសាស្ត្រកម្ពុជា មានអ្នកចូលទាំងព្រះសង្ឃនិងគ្រហស្ថ។ ព្រះសង្ឃត្រូវបានគេរៀបចំឱ្យគង់នៅមួយចំហៀងនៃសាល ដែលមានទំហំអាចដាក់អ្នកចូលរួមបានប្រមាណជិតមួយពាន់នាក់។ ក្រៅពីព្រះសង្ឃ គ្រហស្ថដែលមានទាំងមនុស្សចាស់ យុវវ័យ និងកុមារផងនោះ បានអង្គុយនៅលើកៅអីផង និងនៅលើកម្រាលតាមផ្លូវដើរផង។ កៅអីដែលមានស្រាប់មិនអាចទទួលមនុស្សអស់ឡើយ ជាហេតុនាំឱ្យត្រូវដាក់កៅអីបន្ថែមនៅខាងក្រោយ ព្រមទាំងត្រូវរៀបចំបន្ទប់មួយផ្សេងទៀតសម្រាប់អ្នកចូលរួមផងដែរ។
កញ្ញា ហ៊ាង ឆាវាន់ វ័យ២៣ឆ្នាំគឺជានិស្សិតរៀននៅក្នុងសាលានេះផ្ទាល់ បាននិយាយថា ការរៀបចំឱ្យមានសិក្ខាសាលាស្ដីពីព្រះពុទ្ធសាសនានេះ គឺពិតជាល្អសម្រាប់ឱ្យជនប្រុសស្រី ជាពិសេសសិស្សនិស្សិត បានសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនាឱ្យកាន់តែច្បាស់។ នារីដែលមកពីខេត្តកំពង់ចាមរូបនេះ បានស្វែងយល់ច្រើនពីព្រះពុទ្ធសាសនា តាំងពី២ឆ្នាំមុនម្ល៉េះ ពោលតាំងពីនាងឡើងមករៀននៅភ្នំពេញដំបូង។ វិធីសាស្ត្រដែលអាចឱ្យ ឆាវ៉ាន់ កាត់ចិត្តមិនសូវនឹកផ្ទះបាន គឺមានតែព្រះធម៌ដែលមានក្នុងព្រះពុទ្ធសាសនា។ ឆាវ៉ាន់ បានទិញសៀវភៅធម៌មួយចំនួនទុកមើល ពេលដែលនាងពិបាកចិត្ត។
និស្សិតរូបនេះ បញ្ជាក់ថាទ្រឹស្ដីក្នុងព្រះពុទ្ធសាសនា អាចជួយឱ្យនាងគ្រប់គ្រងចិត្តបានច្រើន និងបានយល់ច្បាស់ថារាល់ពេលមានបញ្ហាផ្លូវចិត្ត គឺមកពីខ្លួនឯងផ្ទាល់ដែលមិនបានបើកចិត្តទូលាយ និងមិនបានស្វែងយល់ពីឬគល់នៃបញ្ហា។
ទោះជាបានចូលក្នុងសិក្ខាសាលារៀងយឺតបន្តិចក្ដីតែ ឆាវ៉ាន់ នៅតែទទួលបានចំណេះដឹងថ្មីបន្ថែម ដែលអាចឱ្យនាងកាន់តែយល់ច្បាស់ពីអត្ថន័យជីវិត។ នារីរូបនេះបានផ្ដាំផ្ញើទៅដល់យុវវ័យ គួរតែព្យាយាមស្ដាប់ព្រះធម៌ឱ្យបានច្រើន ដើម្បីឱ្យចិត្តរឹងមាំ ដែលអាចជោគជ័យក្នុងការងារ។ កញ្ញា ឆាវ៉ាន់ បញ្ជាក់៖«ពេលខ្ញុំឡើងមកភ្នំពេញខ្ញុំនឹកម៉ាក់ប៉ាខ្ញុំណាស់។ សៀវភៅដែលខ្ញុំអានដំបូងគឺសៀវភៅពាក្យពេចន៍ម៉ែឪ និងកូនមាសឪពុក។ ពេលខ្ញុំមកដំបូងខ្ញុំឧស្សាយំណាស់ ដល់ខ្ញុំបានអានសៀវភៅហ្នឹងទៅធ្វើឱ្យខ្ញុំយល់ច្រើន នឹងអប់រំខ្លួនឯងបានច្រើន»។
ចំណែកនិស្សិត បេត សីហា មកពីសាលាវេស្ទើន ក៏បានមកចូលរួមក្នុងសិក្ខាសាលានេះដែរ។ ស្ថិតក្នុងវ័យ២០ឆ្នាំ បុរសរូបនេះ បានយល់ច្រើនពីពិធីកម្មផ្សេងៗ ដែលគេតែងតែយល់ច្រឡំថាជាពិធីក្នុងសាសនាព្រះពុទ្ធ។ មកចូលរួមក្នុងកម្មវិធីនេះ តាមរយៈបងដែលជាព្រះសង្ឃ បុរសរូបនេះ បានយល់ដឹងច្រើនពីការគ្រប់គ្រងចិត្តខឹងរបស់ខ្លួន តាមរយៈការសិក្សាពីព្រះធម៌ រកហេតុនិងផលដើម្បីរំងាប់កំហឹង។ «កាលពីមុនខ្ញុំយល់ថា ការធ្វើបាយសី ការធ្វើពិធីកម្មផ្សេងៗ ជាពិធីសាសនា។ ប៉ុន្តែខ្ញុំមកទីនេះ លោកគ្រូ សាន សុជា ថាពិធីទាំងនោះមិនមែនតាមបែបសាសនាព្រះពុទ្ធទេ។ ខ្ញុំទទួលបានច្រើនថ្ងៃហ្នឹង ទាក់ទងនឹងការអត់ឱនឱ្យគ្នា ការអធ្យាស្រ័យដល់គ្នា»។ នេះជាការបញ្ជាក់របស់លោក បេត សីហា។
ងាកមកកញ្ញា ម៉ូង យូត មកពីខេត្តសៀមរាបវិញម្ដង។ នៅរហូតចប់កម្មវិធីជាស្ថាពរ ដល់ម៉ោងជិត៦ល្ងាច ដែលកម្មវិធីធ្វើលើសរហូតជិតមួយម៉ោងនោះ យូត ពិតជាជាប់ចិត្តនឹងសិក្ខាសាលានេះ។ នេះជាលើកទី១ហើយ សម្រាប់នារីវ័យក្មេងរូបនេះ ដែលបានចូលរួមសិក្ខាសាលាស្ដីពីព្រះពុទ្ធសាសនា។ អ្វីដែលនិស្សិត មកពីខេត្តសៀមរាបរូបនេះទទួលបាន គឺការគិតពិចារណាមុនជឿលើអ្វីមួយ ការចេះធ្វើឱ្យអារម្មណ៍ស្ងប់ ការគិតរឿងវិជ្ជមានឱ្យបានច្រើនក្នុងជីវិត។
យូត បានបញ្ជាក់ថា ព្រះធម៌អាចឱ្យនាងមានការគិតពិចារណាបានខ្ពស់ ទទួលបានចំណេះដឹងថ្មី និងចំណេះធ្វើផងដែរ។ និស្សិតវ័យក្មេងរូបនេះ ស្នើឱ្យយុវវ័យសិក្សាស្វែងយល់ពីព្រះពុទ្ធសាសនាមកអនុវត្តន៍ក្នុងជីវិត ឱ្យបានច្រើន ព្រោះសាសនានេះបានបង្ហាញពីបុណ្យបាប ការដើរផ្លូវល្អ និងការគិតពិចារណាបានវែងឆ្ងាយ។
កញ្ញា ម៉ូង យូត បញ្ជាក់៖«អ្វីដែលយើងមិនដឹង អ្វីដែលយើងគិតមិនដល់ ឆេវឆាវច្រើន ប៉ុន្តែពេលដែលបានចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយពីព្រះពុទ្ធសាសនា ធ្វើឱ្យយើងដឹងច្រើន យល់ច្រើន។ ខ្ញុំគិតថាយុវជនគួរតែសិក្សាពីព្រះពុទ្ធសាសនាឱ្យបានច្រើន ព្រោះគាត់បានអប់រំយើងឱ្យដើរផ្លូវល្អ អប់រំឱ្យយើងមានក្ដីសង្ឃឹមក្នុងជីវិត»។
ជារដ្ឋបាល និងជាអ្នករៀបចំទូទៅមួយរូបក្នុងសាលាបញ្ញាសាស្ត្រកម្ពុជាលោក មួយ ពិសិទ្ធ បាននិយាយថា នេះជាលើកទីមួយហើយដែលសាលាបញ្ញាសាស្ត្រកម្ពុជារៀបចំសិក្សាសាលាស្ដីពីព្រះពុទ្ធសាសនាធំបែបនេះ ដែលមានអ្នកចូលរួមប្រមាណជាមួយពាន់នាក់។ ដ្បិតទើបតែរៀបចំកម្មវិធីធំលើកទីមួយមែន តែលោក ពិសិទ្ធ ថាសាលានេះមានកម្មវិធីព្រះពុទ្ធសាសនា សម្រាប់សិស្សនិស្សិតជាប្រចាំ ដើម្បីឱ្យពួកគេមានចំណេះផ្នែកព្រះពុទ្ធសាសនា ក្រៅពីជំនាញផ្សេងៗ។ លោក ពិសិទ្ធ ថា ដោយសារតែក្នុងសាលសិក្ខាសាលា ដាក់មនុស្សមិនអស់ ទើបត្រូវឱ្យអ្នកចូលរួមមួយចំនួនទៅក្នុងបន្ទប់មួយផ្សេងទៀត ដែលអាចមើលតាមកម្មវិធីផ្សាយផ្ទាល់។
«កន្លែងចំហៀងៗនេះក៏ត្រូវបានបំពេញដែរ ហើយនៅខាងក្រោយក៏យើងបានដាក់បន្ថែមដែរ ហើយយើងនៅមានបន្ទប់មឃៈមាណពក៏យើងទុកសម្រាប់និស្សិត ព្រះសង្ឃ និងលោកយាយលោតា មើលការផ្សាយផ្ទាល់ដែរ។ នេះជាលើកទីមួយធ្វើធំ តែសាលាបញ្ញាសាស្ត្រ ក៏មានកម្មវិធីសិក្សាព្រះពុទ្ធសាសនាសិក្សាជាប្រចាំដែរ»។ លោក ពិសិទ្ធ បញ្ជាក់បន្ថែម។
ព្រះភិក្ខុ សាន សុជា បានមានថេរដីកាថា មនុស្សមានបញ្ហា និងមានទុកលំបាកច្រើន។ បើចង់រកផ្លូវស្ងប់ក្នុងចិត្ត គួរតែរកក្នុងព្រះពុទ្ធសាសនា។ ទោះជាព្រះអង្គបានទតឃើញថាព្រះពុទ្ធសាសនា ពិតជាមាគាជួយឱ្យសត្វលោកទៅរកសេចក្ដីសុខដ៏ពិតក៏ដោយចុះ តែព្រះអង្គនៅតែលើកទឹកចិត្តពុទ្ធបរិស័ទ្ធ ចូលខ្លួនសិក្សាពីព្រះពុទ្ធសាសនាឱ្យយល់ដោយខ្លួនឯង ចៀសជាងការគ្រាន់តែជឿទៅតាមគេថា ឬទៅតាមតែគម្ពី។
ព្រះភិក្ខុ សាន សុជា បន្ថែម៖«មនុស្សយើងមានបញ្ហា ក្នុងជីវិតយើងមានទុកមានលំបាកច្រើន ហើយមិនសំខាន់ត្រូវយល់ពីពុទ្ធសាសនាទេ សំខាន់បើគាត់ចង់ផុតទុក្ខ ក្នុងពុទ្ធសាសនាមាន។ មិនសំខាន់អ្នកណាថាពុទ្ធសាសនាល្អទេ សំខាន់យើងសិក្សាឱ្យយល់ខ្លួនឯង»៕